Header Ads

កំពស់​ទឹក​ទន្លេ​មេគង្គ​នឹង​ឡើង​ដល់​ហួស​ចំណុច​ត្រូវ​ប្រុង​ប្រយ័ត្ន​ខណៈ​ជំនន់​ទឹក​ភ្លៀង​ចាប់​ផ្តើម​ធូរ​ស្បើយ

ជំនន់​ទឹក​ភ្លៀង​មក​ទល់​ពេល​នេះ​ត្រូវ​បាន​វាយ​តម្លៃ​ដោយ​ក្រសួង​ធន​ធាន​ទឹក​ថា​បាន​ប៉ះ​ពាល់​តែ​៣​ខេត្ត​ប៉ុណ្ណោះ ក្នុង​នោះ​គឺ​ខេត្ត​កំពត ខេត្ត​ព្រះ​វិហារ​និង​ខេត្ត​ឧត្តរមានជ័យ។ ទឹក​ភ្លៀង​ដែល​បង្ក​ឡើង​ដោយ​ភ្លៀង​ជោគ​ជាំ​ជាប់​គ្នា​រយៈ​ពេល​ពី​៣​ទី​៤​ថ្ងៃ​កន្លង​ទៅ​នេះ បាន​ស្រក​ទៅ​វិញ​បន្តិច​ម្តងៗហើយ។ ក៏​ប៉ុន្តែ​ទឹក​ស្ទឹង​សែន និង​ទឹក​ទន្លេ​មេគង្គ នៅ​បន្ត​ហក់​ឡើង​ក្បែរ​ចំណុច​ត្រូវ​ប្រុង​ប្រយ័ត្ន​ឬ​លើស​ចំណុច​ត្រូវ​ប្រុង​ប្រយ័ត្ន​បន្តិច​បន្តួច និង​ឈាន​ទៅ​រក​ជំនន់​ទន្លេ​មេគង្គ​នៅ​ពេល​ខាង​មុខ​នេះ។
ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​កំពត​ដែល​បង្ក​ការ​លិច​លង់​កាល​ពី​ថ្ងៃ​ពុធ បាន​ប៉ះ​ពាល់​ភូមិ​ចំនួន​១០ ​ក៏ប៉ុន្តែ​ទឹក​បាន​ចាប់​ផ្តើម​ស្រក​ទៅ​វិញ ចាប់​តាំង​ពី​ល្ងាច​ម្សិល​មិញ។ ការ​គម្រាម​កំហែង​ដោយ​ទឹក​ភ្លៀង​នៅ​ខេត្ត​កំពត​ពេល​នេះ មិន​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ទេ។ នេះ​បើ​តាម​លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក។
ដោយ​ឡែក​សម្រាប់​ខេត្ត​ចំនួន​២​ទៀត​ស្ថិត​នៅ​តំបន់​ខ្ពង់​រាប​ភាគ​ខាង​ជើង​គឺ​ខេត្ត​ព្រះ​វិហារ និង​ខេត្ត​ឧត្តរ​មាន​ជ័យ​ ដែល​រង​ការ​លិច​លង់​ដោយ​ជំនន់​ទឹក​ភ្លៀង​មុន​គេ នៅ​ថ្ងៃ​នេះ​ក៏​មាន​ភាព​ធូរ​ស្រាល​ដែរ។ ក៏​ប៉ុន្តែ​ទឹក​ភ្លៀង​បាន​ហូរ​ចាក់​មក​ស្ទឹង​សែន ជា​ហេតុ​ធ្វើ​ឲ្យ​ទឹក​ស្ទឹង​សែន​មាន​ការ​កើន​ឡើង និង​ឈាន​ទៅ​រក​ចំណុច​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ចំណុច​ស្ទឹង​សែន​ខេត្ត​កំពង់ធំ នៅ​ល្ងាច​នេះ ឬ​យ៉ាង​យូរ​ថ្ងៃ​ស្អែក។
អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក លោក ចាន់ យុត្ថា បន្ត​ថា​ទឹក​ភ្លៀង​មាន​កំរិត​ពី​២៥០​មីលីម៉ែត្រ ទៅ​៣០០​មីលីម៉ែត្រ ដែល​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​កន្លង​ទៅ​នេះ​កម្ពុជា​មិន​ដែល​ជួប​ប្រទះ​នោះ​ទេ។
ដោយ​ឡែក ទឹក​ទន្លេ​មេគង្គ ក្រសួង​ធន​ធាន​ទឹក​បាន​កត់​សម្គាល់​ថា ទឹក​នឹង​ឡើង​លើស​ពី​ចំណុច​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​សម្រាប់​ខេត្ត​ក្រចេះ​និង​ស្ទឹង​ត្រែង ក៏​ប៉ុន្តែ​មិន​ទាន់​ដល់​ចំណុច​ប្រកាស​អាសន្ន​នោះ​ទេ។ សូម​បញ្ជាក់​ថា​ទឹក​នៅ​ខេត្ត​ស្ទឹង​ត្រែង​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​គឺ​១០,៧០​ម៉ែត្រ តែ​ចំណុច​ប្រកាស​អាសន្ន​គឺ ១២​ម៉ែត្រ​ខណៈ​ពេល​នេះ ទឹក​អាច​នឹង​ឈាន​ទៅ​ដល់​ចំណុច​១១​ម៉ែត្រ។ ចំណែក​នៅ​ខេត្ត​ក្រចេះ កំពង់​ចាម ត្បូង​ឃ្មុំ ក៏​មាន​ស្ថានភាព​ប្រហាក់​ប្រហែល​គ្នា ដែរ។
សូម​បញ្ជាក់​ថា​ប្រទេស​កម្ពុជា​បាន​ទទួល​រង​រឥទ្ធិពល​ព្យុះ​ទី​៨ ឈ្មោះ សុនកា ដែល​បណ្តាល​អោយ​នៅ​គ្រប់​តំបន់​ទូ​ទាំង ប្រទេស រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ មាន​ភ្លៀង​ធ្លាក់​ខ្លាំង រួម​ជាមួយ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ជា​ពិសេស​នៅ​តំបន់​មាត់​សមុទ្រ អាច​នឹង​មាន​ខ្យល់​កន្ត្រាក់​កើត​មាន​ក្នុង​ល្បឿន​ពី ១៣ ទៅ ១៥​ម៉ែត្រ ក្នុង​១​វិនាទី ព្រម​ទាំង រលក​សមុទ្រ​ខ្ពស់ៗ រហូត​ដល់ ២​ម៉ែត្រ​កន្លះ៕

No comments