មេឃុំឆែប២ កូតាCPPកាន់តំណែងបាន៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ស្លាប់
ភ្នំពេញ៖ មេឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ កូតាគណបក្សប្រជាជនកម្ពុជា លោក ងួន កន អាយុ៦៦ឆ្នាំ ដែលទើបឡើងកាន់តំណែងជាផ្លូវការ បានមរណភាពនៅព្រឹកថ្ងៃទី៥ កក្កដានេះ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍។
លោក ងួន កន
មេឃុំឆែប២ បានជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ
ក្នុងអំឡុងពេលរូបគាត់ បានបើកបរនៅក្នុងខេត្តស្ទឹងត្រែង ។
ហើយលោកបានបាត់បង់ជីវិត
ខណៈដែលរថយន្តសង្គ្រោះបន្ទាន់បញ្ជូនគាត់ទៅមន្ទីពេទ្យ។
នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានFresh News ដែលបានស្រង់សម្តីលោក
អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ។
លោក ងួន កន
ទើបប្រកាសឲ្យចូលកាន់តំណែងនៅឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ
កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោយពីគណបក្សប្រជាជនកម្ពុជា
ទទួលបានជ័យជម្នះលើការបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃទី៤មិថុនា។
គួរបញ្ជាក់ថា
កៅអីឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារនេះ មានចំនួន៥អសនៈ
ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានតំណែងមេឃុំ ជំទប់ទី១
និងសមាជិក។ រីឯគណបក្សសង្គ្រោះជាតិ ទទួលបានពីរអសនៈ គឺជំទប់ទី២
និងសមាជិក។
បើតាមលក្ខន្តិកនៃច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នោះ
លោក ហ៊ិម យ៉ាន ដែលជាជំទប់ទី១ មកពីកូតាគណបក្សប្រជាជនកម្ពុជា
នឹងត្រូវកាន់តំណែងមេឃុំជំនួសលោក ងួន កន ដែលទទួលមរណៈភាពនេះ ។
ចំណែកលោក ទូច សារ៉ន កូតាគណបក្សប្រជាជននឹងត្រូវកាន់តំណែងទំនប់ទី១
ហើយលោក ជៀន ជិន ដែលឈរជាបេក្ខជនលេខរៀងទី៤ របស់គណបក្សប្រជាជន
នឹងក្លាយជាសមាជិកឃុំឆែប២នេះ ជំនួសលោក ទូច សារ៉ន វិញ។
ចំណែកសមាភាពគណបក្សសង្គ្រោះជាតិពីររូប ដែលទទួលបានកៅអីជំទប់ទី២ និងសមាជិក នៅរក្សាដដែល៕
Post a Comment