ថ្មីៗនេះយុវជនអាយុ ២៦ឆ្នាំរបស់ CNRP បានទទួលត្រាចៅសង្កាត់ជាផ្លូវការហើយ
យុវជនអាយុ ២៦ឆ្នាំ ជិន សុខង៉េង បានទទួលត្រាចៅសង្កាត់ហើយ ក្នុងការប្រកាសចូលកាន់តំណែងចៅសង្កាត់សាលាកំរើកជាផ្លូវការកាលពីម្សិលមិញនេះ ដោយមានអ្នកចូលរួមអបអរសាទរយ៉ាងច្រើនកុះករ។
ដោយសារមានទេពកោសល្យ និងចំណូលចិត្តខាងផ្នែកនយោបាយ រួមទាំងការប្ដេជ្ញាចិត្តជួយសង្គម លោក ជិន សុខង៉េង បានចូលរួមជាមួយគណបក្សប្រឆាំងកាលពីឆ្នាំ២០១១ ព្រោះឪពុកម្ដាយរបស់លោកជាអ្នកគាំទ្រគណបក្សប្រឆាំងតាំងពីដើមមក។ លោកបានក្លាយជាប្រធានចលនាយុវជនសម្រាប់ខេត្តសៀមរាបកាលពីឆ្នាំ២០១៦។ ដោយសារចង់ជួយប្រជាពលរដ្ឋកាន់តែខ្លាំង រួមទាំងភាពលេចធ្លោផង ព្រមទាំងសកម្មភាពសង្គមនានា លោកក៏បានជាប់លេខរៀងទី១ ក្នុងគណៈបក្សសង្គ្រោះជាតិជាបេក្ខភាពចៅសង្កាត់។
លោកធ្លាប់បាននិយាយមុនពេលបោះឆ្នោតថា លោកជឿជាក់នឹងជាប់ជាចៅសង្កាត់ ក្នុងការបោះឆ្នោតឆ្នាំ២០១៧ នេះ។ លោកបាននិយាយថា៖ «ខ្ញុំចង់ឲ្យសង្កាត់ដែលខ្ញុំឈរជាបេក្ខជន គឺជាសង្កាត់គំរូ ជាសង្កាត់ដែលពលរដ្ឋទាំងអស់ នឹងទទួលបានការអភិវឌ្ឍស្មើៗគ្នា ទទួលបានសិទ្ធិនូវការរស់នៅក្នុងនាមឃុំសង្កាត់ប្រកបដោយភាពត្រឹមត្រូវ»។
លោក ជិន សុខង៉េង មានស្រុកកំណើតនៅខេត្តកំពង់ចាម បានបញ្ចប់ថ្នាក់បរិញ្ញាបត្រវេជ្ជសាស្ត្រផ្នែករោគកុមារ កាលពីចុងឆ្នាំ២០១៣ ហើយលោកបានបើកបន្ទប់ពិគ្រោះជំងឺមួយនៅរាជធានីភ្នំពេញអស់រយៈពេលមួយឆ្នាំ។ នៅចុងឆ្នាំ២០១៤ លោកបានសម្រេចចិត្តឈប់ពីជំនាញពិគ្រោះព្យាបាលនេះ រួចបញ្ចេញកម្លាំងកាយចិត្តចូលរួមជាមួយគណបក្សសង្គ្រោះជាតិ៕
(Like & Share ផងដើម្បីទទួលបានពត៌មានថ្មីៗជាច្រើន)
Post a Comment