Header Ads

១១ នាក់​ដំបូង​រវាង​ U17 កម្ពុជា ប៉ះ U17 វៀតណាម​ស្អែក នឹង​ល្អ​បំផុត​ដូច​គ្នា

លោក Phan The Hieu គ្រូ​បង្វឹក​យុវជន​ក្រោម​អាយុ ១៧​ឆ្នាំ​វៀតណាម និង​​លោក Inoue Kazunori ​​​គ្រូបង្វឹក​យុវជន​ក្រោម​អាយុ ១៧​ឆ្នាំ​កម្ពុជា​ លើក​ឡើង​ដូច​គ្នា​​ថា ​ក្រុម​ទាំង​ពីរ​នឹង​​ប្រើ​កីឡាករ ១១​នាក់ដំបូង​ល្អ​បំផុត​ដូច​គ្នា​ សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​​ទំនាក់ទំនង​ការទូត​គម្រប់​​ខួប​៥០ឆ្នាំកម្ពុជាវៀត
ណាម​វេលា​ម៉ោង៦:៣០​នាទី​ស្អែក​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​មុន​នេះ​លោក Phan The Hieu ​បាន​លើក​ឡើង​ថា លទ្ធផល​​​ចាញ់​ឬ​ឈ្នះ​មិន​សូវ​សំខាន់​ឡើយ។ ប៉ុន្តែ​​លោក​រំពឹង​ថា កីឡាករ​ទាំង​អស់ នឹង​លេង​ដោយ​ Fair Play ព្រម​ទាំង​ធ្វើ​ឲ្យ​ការ​ប្រកួត​ជក់​ចិត្ត។គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ថា ​ទោះ​ជា​យ៉ាង​ណា​​ ១០០%​ លោក​នឹង​ដាក់​​កីឡាករ ១១​នាក់​ដំបូង​ល្អ​បំផុត​​តទល់​ជា​មួយ​កម្ពុជា ដើម្បី​​ធ្វើ​ឲ្យ​ការប្រកួត​​មាន​ភាព​​ជក់​ចិត្ត​​។ ​លោក​គិត​ថា ​យុវជន​​កម្ពុជា​​​​មាន​គ្រូ​បង្វឹក​ល្អ​មក​ពី​ជប៉ុន ដូច្នេះ​​កម្រិត​សមត្ថភាព​ នឹង​ខ្លាំង​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​ងាក​ទៅ​លោក Inoue Kazunori ​វិញ​បាន​លើក​ឡើង​ថា ប្រាកដ​ណាស់​លោក​​ នឹង​ប្រើ​កីឡាករ ១១​នាក់​ដំបូង​ល្អ​បំផុត​ដូច​គ្នា​។ លោក​រំពឹង​ថា នឹង​អាច​យក​ឈ្នះ​ទៅ​លើ​យុវជន​វៀតណាម​បាន ពី​ព្រោះ​ក្រុម​កីឡាករ​របស់​ខ្លួន​កំពុង​មាន​ទំនុក​ចិត្ត​ និង​មាន​បទ​ពិសោធ​គ្រប់​គ្រាន់។ ​គ្រូ​បង្វឹក​​មាន​សញ្ជាតិ​ជប៉ុន​រូប​នេះ​បន្ថែម​ថា លោក​ពិត​ជា​សប្បាយ​ចិត្ត​ ហើយ​ក៏​សូម​អរគុណ​​ទៅ​កាន់​ FFC ដែល​បាន​រៀប​ចំ​ប្រកួត​មិត្ត​​ជា​មួយ​ក្រុម​ខ្លាំង​ដូច​ជា​វៀតណាម​នេះ​ឡើង ដើម្បី​​អាច​ដកស្រង់​សមត្ថភាព​​កូន​ក្រុម​របស់​​ខ្លួន។ ​ទោះ​បី​ការ​ប្រកួត​នេះ​គ្រាន់​តែ​ជា​ជំនួប​មិត្ត​ភាព​ សម្រាប់​លោក​ផ្ទាល់​យល់​ថា​​​គឺ​ជា​ការ​ប្រកួត​មួយ​ដ៏​សំខាន់។​​​​​​​​​​ជំនួប​មិត្ត​ភាព​ស្អែក​នេះ​មាន​លក់​សំបុត្រ​ចំនួន​ពីរ​ប្រភេទ​គឺ​តម្លៃ ១ ម៉ឺន​រៀល​កន្លែង​មាន​ដំបូល និង​តម្លៃ ​៥​ពាន់​រៀល​កន្លែង​គ្មាន​ដំបូល៕