Header Ads

ស្ត្រីខ្មែរនិងកូនស្រីអាយុ ៩ ឆ្នាំ កំពុងជិះកង់តាមផ្លូវនៅកាលីហ្វ័រញ៉ា ស្រាប់តែបុរសធ្វើការនៅក្រុមហ៊ុន Apple ចុចស៊ីផ្លេឱ្យចៀសចេញ ហើយជេរប្រមាថរើសអើងជាតិសាសន៍

ក្នុងវីដេអូមួយបង្ហោះនៅលើ Facebook ស្ត្រីខ្មែររស់នៅរដ្ឋកាលីហ្វ័រញ៉ាម្នាក់បានថតវីដេអូជម្លោះមួយរវាងលោកស្រី និង អ្នកបើកបររថយន្តម្នាក់ ខណៈលោកស្រីកំពុងជិះកង់អមជាមួយកូនស្រីអាយុ ៩ ឆ្នាំម្នាក់ ដែលបញ្ចប់ជាមួយបុរសអាគាំងស្បែកសហៅលោកស្រីថា “f*ck*ng Cambodian n*g*er” (មានន័យអាសគ្រាមនិងប្រមាថមើលងាយបំផុត)។
យោងតាមលោកស្រី Paula Nuguid អនិកជនខ្មែររស់នៅអាមេរិក លោកស្រីបានកំពុងជិះកង់នៅទីក្រុង Sunnyvale ហើយប៉ងបត់ឆ្វេងស្របច្បាប់ នៅពេលអាគាំងស្បែកសចាប់ផ្តើមចុចស៊ីផ្លេខ្លាំងៗ ហើយហៅលោកស្រីថា “b**ch”។
លោកស្រី Paula Nuguid បានប្រាប់វេបសាយ Raw Story យ៉ាងដូច្នេះ “រឿងនេះកើតឡើងចំពោះខ្ញុំនៅថ្ងៃនេះ (២៩ មិថុនា) នៅម៉ោង ១៦:៣៣ នាទី ខណៈដែលខ្ញុំកំពុងជិះកង់ទៅទិសខាងត្បូងលើផ្លូវ Frances St ក្នុងទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា ដែលជាផ្នែកមួយនៃតំបន់ Silicon Valley។ ខ្ញុំបានព្យាយាមបត់ឆ្វេងស្របច្បាប់ចូលទៅកន្លែងចតយានយន្ត ត្រង់ចំណុចប្រសព្វរវាងផ្លូវ Frances St និង ផ្លូវ Olsen St។ ការអះអាងរបស់បុរសនោះថា ខ្ញុំបត់ស្តាំខុសច្បាប់ គឺមិនសមហេតុផលសោះ។ ខ្ញុំបានធ្វើដំណើរពីទិសខាងកើតតាមគន្លងផ្លូវសម្រាប់ជិះកង់លើរុក្ខវិថី Evelyn Ave និងគោរពតាមភ្លើងស្តុបគឺពណ៌បៃតងដើម្បីឆ្លងផ្លូវ នៅពេលបុរសនេះចាប់ផ្តើមចុចស៊ីផ្លេដាក់ខ្ញុំ ដោយហៅខ្ញុំថា b**ch និងប្រាប់ខ្ញុំឱ្យចៀសចេញពីផ្លូវរបស់គាត់។ ខ្ញុំបានប៉ុនប៉ងបត់ឆ្វេងតាមការណែនាំរបស់នាយកដ្ឋានយានយន្តរដ្ឋកាលីហ្វ័រញ៉ា”។
ក្នុងវីដេអូ លោកស្រី Nuguid បានសួរបុរសនោះថាហេតុអ្វីបានជាគាត់ស៊ីផ្លេដាក់លោកស្រី និងហៅគាត់ថា b**ch ខណៈពន្យល់ទៅបុរសនោះថា លោកស្រីបត់ឆ្វេងស្របច្បាប់។
ពេលបុរសនោះបើកកញ្ចប់បង្អួចរថយន្ត លោកស្រីនិយាយថា “ម៉េចក៏ហ៊ានម៉្លេះ លោកឯង, អាគាំងស្បែកស”។
បុរសដែលគេជឿថាធ្វើការវិស្វករនៅក្រុមហ៊ុន Apple រូបនោះបានសើចឌឺហើយតបវិញថា “បិទមាត់នាងឯងទៅ”។
លោកស្រី Nuguid បានកត់សម្គាល់ថា “ខ្ញុំអាចប្រាប់បានថា លោកឯងមិនមែនមកពីរដ្ឋកាលីហ្វ័រញ៉ាទេ” ក៏ស្រាប់តែបុរសនោះតបវិញថា “មីស្រីខ្មែរ (…….) ឆាប់ចេញពីទីនេះភ្លាម”។
លោកស្រី Nuguid តបវិញថា “ថាម៉េចមិញ តិចទៀតលោកឯងល្បីលើ Facebook ហើយ”។
បុរសដែលធ្វើទឹកមុខសើចឌឺរូបនោះឆ្លើយតបវិញថា “អស្ចារ្យៗៗៗៗៗ”។
និយាយជាមួយវេបសាយ Raw Story លោកស្រី Nuguid និយាយថា នេះមិនមែនជាលើកទីមួយទេ ដែលគាត់ត្រូវបានប្រមាថរើសអើងជាតិសាសន៍ពីសំណាក់បុរសស្បែកស ខណៈកំពុងជិះកង់របស់គាត់ ប៉ុន្តែថា ពាក្យ “Cambodian n*g*er” ទើបតែឮលើកដំបូងចំពោះគាត់ប៉ុណ្ណោះ។
លោកស្រីនិយាយថា គាត់និងកូនស្រីឈឺចិត្តពេកក៏បានយំខ្លះដែរ បន្ទាប់ពីឧបទ្ទវហេតុនេះ ហើយថា គាត់បាននិយាយជាមួយកូនស្រីរួចហើយអំពីការរើសអើងជាតិសាសន៍ ដែលពួកគេនឹងជួបប្រទះនៅពេលខាងមុខទៀត។ លោកស្រីក៏ចង្អុលបង្ហាញដែរថា គាត់ភ្ញាក់ផ្អើលចំពោះការរិះគន់ធ្ងន់ធ្ងរមួយចំនួន ដែលធ្វើឡើងមកលើលោកស្រីទាក់ទិននឹងឧបទ្ទវហេតុដែលគាត់បង្ហោះលើ Facebook នេះ៕

No comments