សមត្ថកិច្ចប្រកាសតាម ID សួរគ្នាថាបើឃើញ KO1 ចាប់ភ្លាម
គិតត្រឹមវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ គេមិនឃើញវត្តមានបុរសដែលមានរហ័សនាម KO1 និងបក្ខពួក ធ្វើសកម្មភាពតាមផ្លូវសាធារណៈនានាក្នុងរាជធានីភ្នំពេញនោះទេ បន្ទាប់ពីតាំងពីព្រឹកថ្ងៃព្រហស្បត្តិ៍ដដែលនេះ គេឮសមត្ថកិច្ចជំនាញពាក់ព័ន្ឋនានានិយាយតាម អាយកូម ឬ ID ឆ្លើយឆ្លងនិងសួរគ្នាថាឃើញ KO1 ធ្វើសកម្មភាពនៅទីណាទៅចាប់ដល់ទីនោះភ្លាម ។
គិតត្រឹមវេលាម៉ោងខាងលើ គេមិនដឹងថាតើ KO1នៅទីណានៅឡើយទេ ខណៈសមត្ថកិច្ចបានថមថយការសួរគ្នាតាមID អំពីវត្តមាននិងសកម្មភាពរបស់ KO1 នៅតាមផ្លូវសាធារណៈ ។
ការបាត់មុខ KO1និងបក្សនាពេលនេះ គឺបន្ទាប់ពីលោកស្នងការនគរបាលរាជធានីភ្នំពេញ ជួន សុវណ្ណ កាលពីថ្ងៃទី២១ មិថុនាម្សិលមិញ បានបញ្ជាឲ្យគ្រប់បណ្តាខណ្ឌទាំង១២ ត្រូវត្រួតពិនិត្យចំពោះទង្វើរបស់ក្រុមការងារ K01 បើនៅតែបង្កភាពរញ៉េរញ៉ៃ អនាធិបតេយ្យ និងមិនព្រមសហការជាមួយកម្លាំងសមត្ថកិច្ច ត្រូវចាប់ឃាត់ខ្លួនភ្លាម។
សូមបញ្ជាក់ថា K01 ដែលមានឈ្មោះ ឃឿន តុលា ជាម្ចាស់ផេក Facebook Satawatch FC 20 ត្រូវគេស្គាល់ថា ជានិពន្ធនាយកអង្គភាពសាព័ត៌មានកម្លាំងមនុស្សធម៌ ដែលតែងតែធ្វើសកម្មភាពពាក់ព័ន្ធនឹងសណ្តាប់ចរាចរណ៍គ្រប់ទីកន្លែង ជាពិសេស ពួកគេព្រួតគ្នាចាប់ម៉ូតូ ឬរថយន្តណា ធ្វើចរាចរណ៍បញ្ច្រាសទិស ហើយឡាយ វីដេអូ លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។
ក្រោយមើលឃើញសកម្មភាពមួយចំនួនរបស់ KO1 និងបក្សពួក ហាក់បំពានលើសិទ្ឋិរបស់ពលរដ្ឋ រហូតមានការជេរប្រមាថថែមទៀតពីសំណាក់អ្នកមិនគោរពច្បាប់ចរាចរណ៍នោះ ទើបមានប្រតិកម្មជាច្រើនផ្ទុះតាមបណ្តាញសង្គមហ្វេសប៊ុគ និងមានការស្នើឲ្យមានការបកស្រាយពីមន្ត្រីជំនាញពាក់ព័ន្ឋជុំវិញសកម្មភាពរបស់ KO1និងបក្សពួកនោះរួចមក ទើបអគ្គស្នងការដ្ឋាននគរបាលជាតិបានចេញមុខធ្វើការពន្យល់ផ្លូវច្បាប់ដោយបញ្ជាក់ថា«តាមច្បាប់ចរាចរណ៍ផ្លូវគោក គ្មានជនស៊ីវិលណាម្នាក់អាចធ្វើការរបស់មន្ត្រីនគរបាល ដែលត្រូវបានបណ្តុះបណ្តាលត្រឹមត្រូវទាំងផ្លូវច្បាប់និងចិត្តសាស្ត្រ ។
ដូច្នេះសកម្មភាពរបស់ក្រុម KO1 ដែលជាជនស៊ីវិលធម្មតា មិនមានសិទ្ធិធ្វើកិច្ចការផ្នែកចរាចរណ៍ឡើយ ហើយក៏គ្មានសិទ្ធិហាមឃាត់ ឬរារាំងអ្នកធ្វើដំណើរដទៃទៀតនោះដែរ ។ ទង្វើដែលធ្វើខុសគោលការណ៍ច្បាប់របស់ក្រុម KO1 អាចមានទោស ប្រសិនបើយកច្បាប់មកអនុវត្តន៍ »។
គេហទព័រអគ្គស្នងការនគរបាលជាតិបានលើកឡើងទៀតថា«ចំណែកទង្វើរំលោភបំពានសិទ្ធិមន្ត្រីសាធារណៈដូចមានចែងក្នុងក្រមព្រហ្មទណ្ឌ ដូចរៀបរាប់ខាងលើ KO1 មិនអាចរួចខ្លួនឡើយពីការជាប់ពន្ធនាគារឡើយ ព្រោះអំពើរបស់ពួកគេ នាំឲ្យខូចផលប្រយោជន៍ច្បាប់ និងបង្កភាពវឹកវរក្នុងសង្គម ព្រោះវានាំអ្នកដទៃទៀតយល់ដោយភាន់ច្រឡំថា រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ខាន ខ្វះសមត្ថភាពក្នុងការគ្រប់គ្រងរដ្ឋ និងគ្រប់គ្រងសណ្ដាប់ធ្នាប់ក្នុងសង្គម»។
អគ្គស្នងការដ្ឋាននគរបាលជាតិសង្កត់ធ្ងន់និងយកច្បាប់ជាក់ស្តែងមកបកស្រាយបញ្ជាក់ទៀតថា «មាត្រា៦១០នៃក្រមព្រហ្មទណ្ឌបានចែងថា បទធ្វើសកម្មញភាពបង្កើតឲ្យមានការយល់ច្រឡំជាមួយការបំពេញ មុខងារសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយខែ ទៅមួយឆ្នាំ និងពិន័យជាប្រាក់មួយសែនរៀល ទៅពីរលានរៀល ៕ អត្ថបទ៖ angrut.com
Post a Comment