បឹងកេតអង្គរ ត្រឡប់មកខ្មែរវិញថ្ងៃនេះ ក្រោយចប់បេសកកម្មមិត្តភាពនៅថៃ
ក្រុមក្លិបបាល់ទាត់បឹងកេតអង្គរ
សមាជិកក្នុងលីកបាល់ទាត់កម្ពុជា កំពុងធ្វើដំណើរត្រឡប់មកកម្ពុជា វិញ
នៅថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៥ នេះ
ក្រោយចប់យុទ្ធនាការប្រកួតមិត្តភាពកម្ដៅសាច់ដុំ
ជាមួយក្លិបលីកកំពូលនៅប្រទេសថៃ ចំនួន ២ ប្រកួត។

ជម្រើស ១១ នាក់ដំបូងរបស់ ក្រុមបឹងកេតអង្គរ ពេលប្រកួតជាមួយ Sisaket FC យប់មិញ
លោក បែ មករា អ្នកចាត់ការក្រុម និង លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកថ្មី បានដឹកនាំកីឡាករចំនួន ២២ នាក់ (អវត្តមានកីឡាករ រស់ សំអឿន និង ចាន់ វឌ្ឍនាកា ជាប់ជម្រើសជាតិ U-22) បានធ្វើដំណើរទៅប្រទេសថៃ តាំងពីថ្ងៃទី ២៤ ខែ មីនា ម្ល៉េះ។
ឆ្លងកាត់ ២ ប្រកួតនៅទឹកដីថៃ បឹងកេតអង្គរ បានប្រកួតស្មើគ្នា ១ ទល់ ១ ជាមួយក្រុម Nakhon Ratchasima Mazda កាលពីថ្ងៃទី ២៦ ខែ មីនា នៅកីឡដ្ឋាន King’s 80th Birthday Anniversary និង ប្រកួតចាញ់ម្ចាស់ផ្ទះ Sisaket FC ដោយលទ្ធផល ២ ទល់ ១ កាលពីយប់ថ្ងៃទី ២៩ ខែ មីនា ម្សិលមិញ នៅកីឡដ្ឋាន Sri Nakhon Lamduan Stadium ។
យោងតាមលោក យ៉ុង ម៉ុងហាក់ ជំនួយការអ្នកចាត់ការក្លិបបឹងកេតអង្គរ បានប្រាប់ Sabay មកពីព្រំដែនកម្ពុជា-ថៃ ថាទោះជាចាញ់នៅប្រកួតចុងក្រោយដោយបាល់ហ្វ្រីឃីត របស់ម្ចាស់ផ្ទះមែន តែ Sisaket FC សរសើរពីទម្រង់លេងរបស់ក្រុមលោក ហើយថែមទាំងមានគម្រោងអញ្ជើញទៅប្រកួតដណ្ដើមពានរង្វាន់មួយ នៅទីនោះម្ដងទៀត ក្រោយចប់ប្រកួតលីកបាល់ទាត់ថៃ។
ប្រភពបន្ថែមថា មានក្រុមមួយចំនួនទាក់ទង ប្រកួតមិត្តភាពដែរ តែក្រុមលោកបដិសេធ ព្រោះដល់ថ្ងៃធ្វើដំណើរត្រឡប់មកវិញ៕
Post a Comment