Fabregas បំបែកកំណត់ត្រាបញ្ជូនបាល់១៥លើក បាន២រដូវកាលនៅ BPL
Cesc Fabregas ខ្សែបម្រើរបស់ក្រុម Chelsea បានក្លាយជាកីឡាករដំបូងគេនៅក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌBarclays Premier League របស់អង់គ្លេស ដែលអាចបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី (assists) បានយ៉ាងតិច១៥លើក ក្នុង២រដូវកាលផ្សេងគ្នា។

ចាប់តាំងពីផ្ទេរពីក្លិប Barcelona មកកាន់ Chelsea អតីតតារារបស់ក្រុមកាំភ្លើងធំ Arsenal រូបនេះ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបានដល់ទៅ១៥លើកហើយ គិតត្រឹមពេលតោខៀវយកឈ្នះក្រុម Swansea City ដល់ទៅ ៥-០ កាលពីចុងសប្ដាហ៍កន្លងទៅ។
ចំណែកឯកាលពីរដូវកាល ២០០៧-២០០៨ ពេលលេងនៅ Arsenal ខ្សែបម្រើអេស្ប៉ាញវ័យ២៧ឆ្នាំរូបនេះ បញ្ជូនបាល់បាន១៧ដង និងជួយឲ្យក្រុមរបស់លោក Arsene Wenger បញ្ចប់រដូវកាលនូវចំណាត់ថ្នាក់លេខ៣ ដោយតាមពីក្រោយ Chelsea និងម្ចាស់ជើងឯកManchester United នៅឆ្នាំនោះ។
ទោះជាយ៉ាងណា កីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះ ពុំទាន់អាចបំបែកកំណត់ត្រាបញ្ជូនបានច្រើនជាងគេរបស់ Thierry Henry (២០លើក) នៅឡើយទេ ពោលគឺនៅខ្វះតែចំនួន ៥លើកទៀតតែប៉ុណ្ណោះនឹងតាមទាន់ហើយ ខណៈដែលការប្រកួតនៅចំនួន១៦លើកទៀត ទើបចប់រដូវកាល។

តើប្រិយមិត្តយល់ថា Fabregas អាចជួយឲ្យក្រុម Chelsea លើកពាន និងអាចបំបែកកំណត់ត្រារបស់ Thierry Henry បានដែរឬទេនៅរដូវកាលនេះ?
Post a Comment