ហង្សក្រហម អាចស៊ីតោខៀវបានឬអត់យប់នេះ?
ក្រុមហង្សក្រហម Liverpool នឹងបើកទ្វារផ្ទះរបស់ខ្លួនស្វាគមន៍ក្រុមជើងខ្លាំងតោខៀវ Chelsea ក្នុងការប្រកួតពានរង្វាន់ Capital One Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ នៅយប់នេះវេលាម៉ោង២:៤៥នាទីរំលងអាធ្រាត្រ។
ការប្រកួតនៅកីឡាដ្ឋាន Anfield នេះ ជាជំនួបរវាងគ្រូ និងសិស្ស ប៉ះគ្នាជាថ្មីទៀត ពោលគឺរវាងលោក Brendan Rodgers និងលោក Jose Mourinho។

ខាងក្រោមនេះគឺជាព័ត៌មាននានាទាក់ទងនឹងក្រុមទាំង២៖
ព័ត៌មានក្រុម៖
ប្រធានក្រុម Liverpool កីឡាករ Steven Gerrard នឹងត្រឡប់មកជួយក្រុមវិញ បន្ទាប់ពីជាសះស្បើយពីរបួសសរសៃពួរ ដែលខកខានមិនបានចូលលេងកាលពីចុងសប្ដាហ៍កន្លងទៅ។ រីឯខ្សែប្រយុទ្ធ Mario Balotelli ដែលមិនបានចូលលេងពេលប៉ះ Aston Villa ដោយសារមានជំងឺនោះ ក៏មិនទាន់ប្រាកដថានឹងអាចចូលលេងបានឬអត់ដែរ។

Liverpool ហ្វឹកហាត់ត្រៀមទទួលភ្ញៀវ Chelsea
រីឯក្រុមរបស់លោក Jose Mourinho វិញ ពុំមានកីឡាកររបួសធំដុំទេ ពោលគឺពេញជើងតែម្តង។ តោខៀវបានបំបាក់ក្រុម Swansea ៥-០ កាលថ្ងៃសៅរ៏កន្លងទៅ ដូច្នេះអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ អាចនឹងរក្សាទម្រង់លេងដដែល។ ឯអ្នកចាំទី Thibaut Courtois ដែលខកខានចូលលេង ៣ប្រកួតចុងក្រោយ ដោយសាររបួសម្រាមកូនដៃនោះ អាចនឹងចូលលេងបានវិញនៅរាត្រីនេះ។
សម្ដីគ្រូបង្វឹកទាំងពីរ៖
លោក Brendan Rodgers ៖ «គោលដៅរបស់យើងគឺដើម្បីឈ្នះពាន និងបានលេងក្នុងក្របខ័ណ្ឌអឺរ៉ុប Champions League។ Chelsea ក៏ជាក្រុមមួយខ្លាំង ហើយពួកគេក៏ចង់ឈ្នះពានរង្វាន់នេះដូចគ្នា។ ប៉ុន្តែយើងដឹងថា បើយើងចង់ឈ្នះការប្រកួត យើងត្រូវតែយកឈ្នះក្រុមដែលខ្លាំងបំផុត ខណៈដែលពេលនេះ ពួកគេ (Chelsea) ជាក្រុមល្អបំផុតនៅអង់គ្លេស»។

លោក Jose Mourinho ៖ «ការប្រកួតមួយនេះ ជាការប្រកួតដ៏ធំបំផុតសម្រាប់ពួកយើង ព្រោះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពិតជាសំខាន់ខ្លាំងណាស់ ដើម្បីយកកៅអីទៅកាន់វគ្គផ្ដាច់ព្រ័ត្រនៅកីឡាដ្ឋាន Wembley ដូច្នេះយើងជឿជាក់ថាពួកយើងនឹងធ្វើបានល្អ»។
ប្រវត្តិជួបគ្នាក្នុងពានរង្វាន់ Capital One Cup នេះ៖
Liverpool ២-០ Chelsea (ជុំទី២ ថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៧៧)
Liverpool ២-១ Chelsea (ជុំទី៣ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០០០)
Liverpool ២-៣ Chelsea (វគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០៥)
Chelsea ២-០ Liverpool (វគ្គ៨ក្រុមចុងក្រោយ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៧)
Chelsea ០-២ Liverpool (វគ្គ៨ក្រុមចុងក្រោយ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១១)
ប្រវត្តិជួបគ្នាសរុបគ្រប់ការប្រកួតពានរង្វាន់ទាំងអស់រវាងក្រុមទាំង២ ជួបគ្នា ១៦៩លើក Chelsea ឈ្នះ ៦០លើក Liverpool ឈ្នះ ៧៤លើក និងស្មើគ្នា ៣៥លើក៕
Sabay ព្យាករថា Liverpool ឈ្នះ Chelsea ២-១
ចុះប្រិយមិត្តទស្សន៍ទាយលទ្ធផលយ៉ាងណាដែរ?
Post a Comment