Header Ads

កូត​ឌីវ័​រ និង​កា​មេ​រូន ចាប់​ផ្តើម​ប្រ​ជែង​ដណ្តើម​ពាន Cup of Nations រាត្រី​នេះ

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កូត​ឌី​វ័រ នឹង​ចាប់​ផ្តើម​ការ​ប្រជែង​ដណ្តើម​​ពាន Africa Cup of Nations នៅ​​រាត្រី​ថ្ងៃ​អង្គារ នៅ​ពេល​​ដែល​ពួក​គេ​​ជួប​ប្រកួត​ជា​មួយ​នឹង​ក្រុម​ស្ថិត​នៅ​អាហ្វ្រិក​ខាង​លិច​ដូច​គ្នា ហ្គី​ណេ ក្នុង​ការ​ប្រកួត​​ពូ D នៅ​ទីក្រុង Malabo នៅមុន​ពេល​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កាមេ​រូន ត្រូវ​ប្រកួត​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ម៉ា​លី​។ កូត​ឌី​វ័រ មិន​ធ្លាប់​បាន​ឈ្នះ​ពាន​រង្វាន់​ប្រចាំ​​ទ្វីប​នេះ​ទាល់​តែ​សោះ​បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ បើ​ទោះ​បី​ពួក​គេ​បាន​រង​បរា​ជ័យ​ដ៏​ខក​ចិត្ត​ដោយ​​ការ​កាត់​សេច​ក្តី​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​​​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ឆ្នាំ​២០០៦ និង​ឆ្នាំ​២០១២​ក៏​ដោយ​ ខណៈ​ដែល​ការ​បរា​ជ័យក្រោយ​មក​ទៀត​គឺ​ក្រោម​ស្នា​ដៃ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ហ្សំ​ប៊ី ដែល​ជា​អតីត​ក្រុម​របស់​លោក Herve Renard​។
1
ប៉ុន្តែ នៅពេល​នេះ គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូប​នេះ គឺ​ជា​អ្នក​ដែល​ត្រូវ​​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ងារ​នេះ​ដើម្បី​ដឹក​នាំ​ឲ្យក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កូត​ឌី​វ័រ​​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​ប្រទេស​ហ្គី​ណេ​អេ​ក្វា​ទ័រ​។ ក្រុម​របស់​លោក​មិន​បាន​បង្ហាញ​ពី​ទម្រង់​លេង​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​​ឡើយ ក្រោយ​ពី​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល​របស់​ពួក​គេ​បន្ទាប់​ពីក្រុម​ជម្រើស​ជាតិ​កាមេ​រូន ហើយ​លោក Renard បាន​បញ្ជាក់​ថា ពួក​គេមិន​អាច​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ក្រុម​មាន​សង្ឃឹមច្រើន​ក្នុង​ការ​ឈ្នះពាន​រង្វាន់ Cup of Nations លើក​ទី​៣០​នេះឡើយ ជា​ពិសេស​ចាប់​តាំង​ពីការ​ចូល​និវត្តន៍​របស់​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម Didier Drogba​។ ប៉ុន្តែ ទោះ​​បី​ជា​យ៉ាង​ណា ក្រុម​ជម្រើស​ជាតិកូត​ឌី​វ័រ នៅ​តែ​ប្រជុំ​ដោយ​កីឡាករ​ឆ្នើម​​ក្នុង​យុទ្ធ​នា​ការ​នេះ ដូច​ជា Serge Aurier, Kolo Toure, Gervinho, Seydou Doumbia និង​ខ្សែ​ប្រយុទ្ធ Wilfried Bony ជា​ដើម​។ ស្រប​ពេល​ជា​មួយ​គ្នានេះ ខ្សែ​បម្រើ Yaya Toure ដែល​ជា​មិត្ត​រួម​ក្រុម Man City របស់ Bony និង​​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ទ្វីប​អា​ហ្វ្រិក​ចំនួន​៤​លើក​ ក៏​ជា​តា​រា​ឆ្នើម​គួរ​​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ក្រុម​កូត​ឌី​វ័រ​ផង​ដែរ​។
2
កីឡាករ​រូប​នេះ​​មិន​បាន​ចូល​ហ្វឹក​ហាត់​​ជា​មួយ​នឹ​ង​មិត្ត​រួម​ក្រុម​​របស់​គេ​ឡើយ​ក្នុង​ទីក្រុង Malabo កាលពី​ថ្ងៃ​អាទិត្យ បើ​ទោះ​បី​លោក Renard បាន​បញ្ជាក់​ថា លោក​ចង់​​ធ្វើ​ឲ្យ​កីឡាករ​​វ័យ​៣១​ឆ្នាំ​រូប​នេះ​មាន​ភាព​រឹង​មាំ​តាម​ដែលអាច ក្រោយពីការ​​បំពេញ​ការ​តព្វ​កិច្ច​ដ៏​ម​មា​ញឹក​សម្រាប់​ក្លិប​របស់​គេ​ក៏​ដោយ​។ ដោយឡែក ក្រុម​ជម្រើស​ជាតិកាមេ​រូន​របស់​លោក Volker Finke បាន​ធ្វើ​ការ​ស្រោច​ស្រង់​ពីការ​ខក​ចិត្ត​ក្នុង​យុទ្ធ​នា​ការ World Cup នៅ​ប្រេស៊ីល និង​នៅ​តែ​ជា​គូ​ប្រជែង​ដែល​ត្រូវ​ឈ្នះ​​ពាន បើ​ទោះ​បី​ខ្សែ​ប្រយុទ្ធ Samuel Eto’o ចូល​និវត្តន៍​ក៏​ដោយ​។ ប៉ុន្តែ ពួក​គេ​នឹង​អវត្ត​មាន​ប្រធាន​ក្រុម Stephane Mbia ដោយ​សារ​តែ​ការ​ជាប់​ពិន័យ​ព្យួរ ក្រោយ​ពី​ទទួល​បាន​កាតក្រហម​នៅពេល​ប្រកួត​ជា​មួយ​នឹង​កូត​ឌី​វ័រ​កាល​ពី​ខែ​វិច្ឆិកា​។ កូត​ឌី​វ័រ និង​ហ្គី​ណេ ធ្លាប់​ជួប​គ្នា​​៥​លើក បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៨ ខណៈ​ដែល​កូត​ឌី​វ័រ បាន​ឈ្នះ​៤​លើក និង​ស្មើ​១លើក ហើយ​ការ​ជួប​គ្នា​ចុង​ក្រោយ​រវាង​ពួក​គេ​កាលពី​ឆ្នាំ​២០១២ បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ០-០​។ ដោយឡែក ក្រុម​​កាមេ​រូន បាន​​​យក​ឈ្នះ​លើ​ម៉ា​លី​ទាំង​ពីរ​លើក​សម្រាប់​ការ​ជួប​​គ្នា​២​លើក​ចុង​ក្រោយ​ចាប់​តាំង​ពី​ឆ្នាំ​២០០២ ហើយ​ការ​ជួប​គ្នា​លើក​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​២០១១ កាមេ​រូន បាន​​យក​ឈ្នះ ១-០​៕
3
កម្ម​វិធី​ប្រកួត​ថ្ងៃ​នេះ
Ivory Coast v Guinea ម៉ោង 11 យប់
Cameroon v Mali ម៉ោង 2 ទៀប​ភ្លឺ