Real Madrid ត្រូវ Sociedad វាយបក៤គ្រាប់យ៉ាងគួរឱ្យភ្ញាក់ផ្អើល ខណៈ Barca រកបាន៣ពិន្ទុបន្ថែមនៅផ្ទះ Villarreal
ការប្រកួតក្របខ័ណ្ឌ La Liga សប្ដាហ៍ទី២យប់មិញ ក្រុម Real Madrid បាននាំមុខ Real Sociedad ២គ្រាប់មុនទៅហើយ ប៉ុន្តែបែរជាត្រូវ Sociedad វាយបក៤គ្រាប់វិញយកឈ្នះ៤-២យ៉ាងគួរឱ្យភ្ញាក់ផ្អើល ខណៈ Barcelona ឈ្នះ១-០នៅទឹកដី Villarreal។

Sergio Ramos និង Gareth Bale ស៊ុតចូលម្នាក់មួយគ្រាប់ក្នុងនាទីទី៥និងទី១១ឱ្យ Real Madrid ដែលលេងដោយគ្មានតារាជើងស៊ុត Cristiano Ronaldo បើកការនាំមុខយ៉ាងសប្បាយរីករាយ។ តែការនាំមុខនេះត្រូវក្រុមម្ចាស់ផ្ទះកាត់បន្ថយនៅនាទីទី៣៥ដោយកីឡាករ Inigo Martinez មុនតាមស្មើដោយកីឡាករ David Zurutuza ក្នុងនាទីទី៤១។ ចូលដល់តង់ទី២ Sociedad ស៊ុតថែម២គ្រាប់ទៀតដោយ Zurutuza ដដែលក្នុងនាទីទី៦៥និងអតីតខ្សែប្រយុទ្ធរបស់ Arsenal, Carlos Vela ក្នុងនាទីទី៧៥ ធ្វើឱ្យក្រុមលោក Carlo Ancelotti ត្រលប់ទៅរាជធានីនៃប្រទេសអេស្ប៉ាញវិញដោយគ្មានពិន្ទុរាប់។



ចំណែកឯការប្រកួតនៅកីឡដ្ឋាន Camp El Madrigal វិញ ក្រុមម្ចាស់ផ្ទះ Villarreal រងភាពខកចិត្តក្នុងនាទីទី៨២នៅពេល Lionel Messi ទាញកម្លាំងខ្សែការពាររបស់ខ្លួនបីបួននាក់រួចហើយបញ្ជូនបាល់ឱ្យកីឡាករវ័យក្មេង Sandro Ramírez ថែមបញ្ចូលទី ដែល១គ្រាប់នេះគ្រប់គ្រាន់សម្រាប់ Barcelona ទទួលបាន៣ពិន្ទុបន្ថែមទៀត ឈរកំពូលតារាង La Liga។





Post a Comment