Header Ads

Man Utd យល់ព្រម​ចុះហត្ថលេខា​ជាមួយ Blind

Daley Blind នឹង​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ទី​៥​របស់ Man Utd នា​រដូវកាល​នេះ​។
Daley Blind នឹង​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ទី​៥​របស់ Man Utd នា​រដូវកាល​នេះ​។ AFP

Man Utd យល់ព្រម​ចុះហត្ថលេខា​ជាមួយ Blind

ក្រុងមេនឆេស្ទ័រ: ក្លិប Manchester United បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា ពួកគេ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​គ្នា​មួយ​ដើម្បី​ចុះហត្ថលេខា​ជាមួយ​នឹង​ខ្សែការពារ​ស្លាប​ឆ្វេង​អន្តរជាតិ​ហូឡង់ Daley Blind ពីក្លិប Ajax​។
Man United បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នៅលើ​បណ្តាញ​សង្គម Twitter របស់​ក្លិប​ថា៖ «MUFC បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​នឹង​ក្លិប Ajax ដើម្បី​ចុះហត្ថលេខា​ជាមួយ Daley Blind បន្ទាប់ពី​ការ​ត្រួតពិនិត្យ​សុខភាព និង​ការ​យល់ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ផ្សេងៗ​។
ការ​ប្រកាស​បន្ថែម​ទៀត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅពេល​ដំណើរការ​នេះ​ត្រូវ​បាន​បំពេញ​ជា​ស្ថាពរ​»​។ Blind វ័យ​២៤​ឆ្នាំ បាន​ស្ថិត​ក្នុង​ក្រុម​ចូលរួម World Cup នៅ​ប្រទេស​ប្រេស៊ីល​របស់​លោក Louis van Gaal ដែល​គ្រូបង្វឹក​របស់ Man United និង​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ហូឡង់​បាន​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ដែល​រូប​គេ​អាច​លេង​ជា​ខ្សែការពារ​ស្លាប​ឆ្វេង និង​ខ្សែបម្រើ​ការពារ​។ ខណៈ​ដែល​រូប​គេ​នឹង​ត្រូវ​យល់ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន និង​ឆ្លង​ផុត​ការ​ត្រួតពិនិត្យ​សុខភាព Blind ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ទី​៥​របស់ Man United ស្រប​ពេល​លោក Van Gaal ខិតខំ​ព្យាយាម​ជួសជុល​ក្លិប​មួយ​នេះ​។
ក្រោយពី Man United ទទួល​បាន​លទ្ធផល​ស្មើ ០-០ នៅលើ​ទឹកដី​ក្រុម Burnley ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃ​សៅរ៍ លោក Van Gaal បាន​ឲ្យ​ដឹង​ថា៖ «រូបគេ​នឹង​មក​ទីក្រុង Manchester ដើម្បី​ត្រួតពិនិត្យ​សុខភាព ហើយ​បន្ទាប់មក យើង​អាច​នឹង​មាន​កីឡាករ​ថ្មី​ម្នាក់​»​។
Man United បាន​ចំណាយ​ប្រាក់​រួច​ជាស្រេច​ប្រមាណ​ជា​១៣០​លាន​ផោន (ស្មើ​នឹង​២១៥​លាន​ដុល្លារ​អាមេរិក) ទៅលើ​កីឡាករ​ថ្មី ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ចំណាយ​ប្រាក់​លើ​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​របស់​អង់គ្លេស​ចំនួន​៥៩,៩​លាន​ផោន​ដើម្បី​ចុះហត្ថលេខា​ជាមួយ​ខ្សែបម្រើ​ស្លាប​អន្តរជាតិ​អាហ្សង់ទីន Angel di Maria ដែល​បាន​បង្ហាញ​ខ្លួន​ជា​លើក​ទី​១​របស់​គេ​នៅពេល​ប្រកួត​ជាមួយ​ក្រុម Burnley​។
ពួកគេ​ក៏​បាន​ចុះហត្ថលេខា​ជាមួយ​នឹង​ខ្សែការពារ​ស្លាប​ឆ្វេង​អន្តរជាតិ​អង់គ្លេស Luke Shaw ពី​ក្លិប Southampton ខ្សែបម្រើ​អន្តរជាតិ​អេស្ប៉ាញ Ander Herrera ពី​ក្លិប Athletic Bilbao និង​ខ្សែការពារ Marcos Rojo ដែល​ជា​មិត្ត​រួម​ជាតិ​របស់ Di Maria ពី​ក្លិប Sporting Lisbon ផង​ដែរ​។
កាសែត​ហូឡង់​បាន​រាយការណ៍​ថា Blind នឹង​មាន​តម្លៃ​ខ្លួន​ពី​១៨​លាន​អឺរ៉ូ (ស្មើ​នឹង​២៣,៦​លាន​ដុល្លារ) ទៅ​២០​លាន​អឺរ៉ូ​៕