ក្រុម Barcelona បញ្ជាក់ថាគ្មានលក្ខខណ្ឌតកុងត្រាជាមួយ Dani Alves ទេ
លោក Andoni Zubizarreta នាយកផ្នែកកីឡាក្រុម Barcelona បានសង្កត់ធ្ងន់ថាកីឡាករ Dani Alves នឹងមិនតកុងត្រាជាមួយក្លឹបឡើយ។ កុងត្រារបស់កីឡាករប្រេស៊ីលរូបនេះនឹងផុតនៅឆ្នាំ២០១៥ ប៉ុន្តែមានសារពត៌មានមួយចំនួនបានលើកឡើងថាកុងត្រារបស់គាត់នឹងបន្តដោយស្វ័យប្រវត្តិប្រសិនបើគាត់លេងក្នុងការប្រកួតមួយចំនួន។
ប៉ុន្តែលោក Zubizarreta បានប្រកាសយ៉ាងច្បាស់ថាគ្មានលក្ខខណ្ឌបែបនេះឡើយ ហើយក្លឹបបានបញ្ជាក់ថារីករាយដែលមានខ្សែការពារស្តាំរូបនេះជាមួយក្លឹប។
លោក Zubizarreta បាននិយាយថា៖ “ខ្ញុំបានបញ្ជាក់ថាភាគីសងខាងបានយល់ព្រមថាកុងត្រារបស់គាត់នឹងផុតនៅឆ្នាំ២០១៥។ វាមិនបានបញ្ចូលលក្ខខណ្ឌពន្យាណាឡើយ។ យើងរីករាយដែលមានគាត់នៅជាមួយពួកយើង។”
ប្រធានក្លឹប Barcelona មានគំរោងពិភាក្សាពីស្ថានភាពរបស់ Neymar ជាមួយក្លឹប ហើយក្លឹបបានច្រានចោលទាំងស្រុងរាល់ការលើកឡើងណាដែលថាខ្សែប្រយុទ្ធប្រេស៊ីលរូបនេះមិនរីករាយនៅក្នុងក្លឹប។
“យើងគ្មានបញ្ហាជាមួយ Neymar ទេ។ គ្មានការសង្ស័យណាមួយលើគុណភាពរបស់គាត់នៅក្នុងបាល់ទាត់ឡើយ។”

Zubizarreta ក៏បាននិយាយពីកីឡាករ Lionel Messi និងការលេងរបស់គាត់កន្លងមក។
“ខ្ញុំសរសើរគាត់។ គាត់តែងលេងនៅក្នុងភាពអស្ចារ្យរបស់គាត់។ ទោះបីជាមានសំពាធ គាត់នៅតែអាចបំពេញការងារបានល្អ។”
Messi ស៊ុតបញ្ចូលទី២គ្រាប់ក្នុងការប្រកួតបើកឆាកអោយក្រុម Barcelona នៅក្របខណ្ឌ La Liga ។
Post a Comment