Rojo បង្ហាញខ្លួនជាផ្លូវការ នៅក្នុងក្លឹប Man Utd របស់អង់គ្លេស
ក្រុងមែនឆេស្ទើ៖ កីឡាករខ្សែការពារវ័យក្មេង Marcos Rojo បានបង្ហាញមុខជាផ្លូវការហើយ ក្នុងក្លឹបថ្មីបិសាចក្រហម Manchester United របស់អង់គ្លេស និងបានចុះកិច្ចសន្យា រយៈពេល៥ឆ្នាំនៅ Old Trafford ក្រោមកញ្ចប់ថវិកា ២៧.៣៦ លានដុល្លារអាម៉េរិក ។
សម្រាប់ការលេងនៅក្នុងក្លឹបថ្មីនេះ ខ្សែការពារជនជាតិ អាហ្សង់ទីន នឹងពាក់អាវលេខ៥ បន្ទាប់ពីពិនិត្យសុខភាព រួចរាល់ហើយនោះមកពីក្លឹប Sporting Lisbon របស់ព័រទុយហ្គាល់ ដោយក្លឹបទាំងពីរ បានព្រមព្រៀងគ្នា ក្នុងតម្លៃដូចខាងលើ បូករួមទាំង កីឡាករខ្សែបម្រើ Nani មួយទៀត ។
Rojo បានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ ទាំងក្នុងក្លឹប Lisbon និងក្រុមជម្រើសជាតិអាហ្សង់ទីន ដែលបានធ្វើឲ្យគ្រូ បង្វឹកថ្មីលោក Louis van Gaal មានការចាប់អារម្មណ៍ជាខ្លាំង និងឈានដល់ការទិញដាច់មក Old Trafford នៅដើម រដូវកាលថ្មីនេះ នៅក្រោយពេលបាត់បង់ ៣ពិន្ទុដំបូងហើយ ក្នុងទឹកដីនៅថ្ងៃបើកឆាក ក្រោមថ្វីជើងរបស់ក្រុមភ្ញៀវ Swansea City ។ Rojo អាចនឹងចូលលេងលើកដំបូង ក្នុងក្លឹបថ្មីពេល Man Utd ធ្វើដំណើរទៅ ជួបក្រុមម្ចាស់ផ្ទះឆ្មាខ្មៅ Sunderland នារាត្រីអាទិត្យ ទី២៤ ខែសីហាម៉ោង២២ និង០០នាទី (ម៉ោងនៅកម្ពុជា) ក្នុងសប្តាហ៍ទី២នៃ Premier League រដូវកាលឆ្នាំ២០១៤-២០១៥ ៕



Post a Comment