Lampard ផ្ទេរមកលេងឲ្យ Man City ជាផ្លូវការហើយក្នុងកិច្ចសន្យា៦ខែ
ក្រុងឡុងដ៍៖ នៅទីបំផុតក្លឹប អង់គ្លេស Manchester City និងក្លឹប New York City របស់អាម៉េរិក បានឈានដល់កិច្ច ព្រមព្រៀងជាផ្លូវការហើយ ក្នុងការផ្ទេរខ្សែបម្រើ ប្រយុទ្ធវ័យចំណាស់ ៣៦ឆ្នាំ Frank Lampard មកកាន់ទឹកដី Etihad Stadium ក្នុងលក្ខណៈខ្ចីជើង រយៈពេល ៦ខែប៉ុណ្ណោះ ។
គ្រូបង្វឹក Man City លោក Manuel Pellegrini បានថ្លែងបា្រប់គេហទំព័រ BBC ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃ អាទិត្យ ទី០៣ ខែសីហានេះថាកិច្ចព្រមព្រៀងថ្មីនេះ ត្រូវបាន ធ្វើឡើង បន្ទាប់ពីតារាបាល់ទាត់អង់គ្លេស Lampard បានសម្រេចចិត្តមិនបន្តកិច្ចសន្យាថ្មី ជាមួយក្លឹប Chelsea ក្រោយពីរួមរស់អស់រយៈពេល ១៣ឆ្នាំមកនោះ និងបានចុះកិច្ច សន្យាថ្មីលេងឲ្យក្លឹប អាម៉េរិក New York City រយៈពេល២ឆ្នាំ តែត្រូវបានក្លឹបថ្មីផ្ទេរឲ្យ មកលេងនៅអង់គ្លេសវិញ ជាមួយ នឹងក្លឹប ដែលមាន ភាគហ៊ុនធំជាមួយគ្នានោះ ។
អ្នកចាត់ការទូទៅជនជាតិ ឈីលីខាងលើនេះ បានបន្តទៀតថា Lampard នឹងចូលហ្វឹកហាត់ជាមួយ យើងនាថ្ងៃពុធ សប្តាហ៍ក្រោយនេះហើយ មុនការប្រកួត បើកឆាក Premier League រដូវកាលឆ្នាំ២០១៤-២០១៥ខាងមុខទល់នឹង ក្រុមម្ចាស់ជើងឯកពាន FA Cup កាំភ្លើងធំ Arsenal នាថ្ងៃទី១០ សីហា ដើម្បីប្រជែងយកពាន FA Community Shield ។
សូមបញ្ជាក់ថា កិច្ចសន្យាខ្ចីជើងរយៈពេលខ្លី រវាងក្លឹបទាំងពីរនេះនឹង អស់សុពលភាពនា ពាក់កណ្តាលខែមករា ឆ្នាំ ២០១៥ខាងមុខ ពីការលេងក្នុង Premier League, FA Cup, League Cup និង UEFA Champions League ជាដើមក្នុងទឹកដី Etihad Stadium ៕

Post a Comment