Bayern Munich ទិញកីឡាករ Benatia ដើម្បីបំពេញបន្ថែម តំបន់ការពារ
ក្រុងម៉ូនិច៖ ក្រុមការពារតំណែងជើងឯក Bayern Munich បានឈានដល់កិច្ច ព្រមព្រៀងចុងក្រោយ ហើយជាមួយនឹង ក្លឹបអ៊ីតាលី AS Roma ក្នុងការផ្ទេរខ្សែការពារ ជនជាតិម៉ូរុក Mehdi Benatia មកកាន់ទឹកដីអាល្លឺម៉ង់ នារដូវកាលថ្មីឆ្នាំ ២០១៤-២០១៥នេះ ។
ការឈានដល់ការផ្លាស់ទ្រនំថ្មី របស់កីឡាករខ្សែការពារវ័យ ២៧ឆ្នាំរូបនេះត្រូវបានធ្វើឡើង នៅក្រោយពេលដែល Benatia បានជួយឲ្យក្រុម Roma ឈ្នះកៅអីមួយនៅ Champions League ពីការរងជើងឯក ក្នុងក្របខណ្ឌធំ Italy-Serie A កាលពីរដូវកាលមុននេះ ដោយបានផ្តាច់បំណងប្រាថ្នា ក្លឹបលេងនៅ Premier League តោខៀវ Chelsea និង Manchester United ដែលតែងតែប្រម៉ាញ់ កីឡាករវ័យក្មេងរូបនេះ ។
តែយ៉ាងណាក៏ដោយ ការផ្ទេរនេះមិនត្រូវបានក្លឹបទាំងពីរ បញ្ជាក់ពីតម្លៃខ្លួន និងកិច្ចសន្យានោះឡើយ ដោយគ្រាន់ដឹងថា សមាជិកថ្មីនេះ នឹងត្រូវជំនួសកន្លែង ខ្សែការពារ Javi Martinez ដែលត្រូវអវត្តមាន រហូតដល់ឆ្នាំក្រោយ ដោយសាររបួស ជង្គង់ដ៏ធ្ងន់ធ្ងរ នាអំឡុងប្រកួតចាញ់ក្រុម Borussia Dortmund ២-០ ក្នុងពានបើករដូវកាល German-Super Cup កាលពីពាក់កណ្តាលខែសីហានេះ ដោយបានក្លាយទៅជា កីឡាករទី២ដែល Bayern ទិញបាន ក្នុងរដូវកាលថ្មីនេះ បន្ទាប់ពីខ្សែប្រយុទ្ធ Robert Lewandowski ជាមួយនឹងការលក់ ២រូបដែរមាន Toni Kroos ទៅឲ្យ Real Madrid និង Mario Mandzukic ទៅឲ្យក្លឹបអេស្ប៉ាញដូចគ្នា Atletico Madrid ។
រីឯក្លឹប AS Roma វិញក៏បានទិញ កីឡាករខ្សែការពារ Kostas Manolas មកពីក្លឹបប្រទេសក្រិក Olympiakos ដើម្បី ជំនួសកៅអី Benatia រួចរាល់ហើយដែរនោះ ក្នុងការប្រជែងយកពាន Italy-Serie A និងពានធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League ជាដើម ៕

ខ្សែការពារ Mehdi Benatia

ខ្សែការពារ Kostas Manolas
Post a Comment