Header Ads

ដឹង​ថា​ហេតុ​អី ​Balotelli ​​តែងតែ​ពាក់​អាវ​លេខ​៤៥​ទេ? ​គឺ​ដោយសារ​…​

Mario Balotelli ​ខ្សែ​ប្រយុទ្ធ​ថ្មី​​របស់​ក្លិប​ហង្ស​ក្រហម Liverpool ​ដែល​ទើប​ផ្ទេរ​ពី​ AC Milan ​ក្នុង​តម្លៃ​១៦​លាន​ផោន​(២៦,៥​លាន​ដុល្លារ​អាមេរិក)​ នឹង​ពាក់​អាវ​លេខ​៤៥ ដែល​ជា​លេខ​សំណព្វ​ចិត្ត​របស់​គេ​​​តាំង​ពី​នៅ Inter Milan, Manchester City ​និង AC Milan។
​កីឡាករ​ជម្រើស​ជាតិ​អ៊ីតាលី​វ័យ​២៤​ឆ្នាំ​រូប​នេះ​ដែល​ជា​សមាជិក​ថ្មី​ទី​៩​របស់​ Liverpool ​ក្នុង​រដូវ​កាល​ថ្មី​នេះ​ ​និយាយ​លើ​គេហទំព័រ​របស់​ក្លិប​ថា​៖ “ពេល​ខ្ញុំ​លេង​បី​​ឬ​បួន​ប្រកួត​ដំបូង​ឱ្យ​ Inter Milan ​កាល​ខ្ញុំ​នៅ​ក្មេង ​ខ្ញុំ​ពាក់​លេខ​៤៥​ពីព្រោះ​លេខ​អាវ​សម្រាប់​កីឡាករ​យុវជន​ជា​លេខ​ធំ​ៗ​ចាប់​ពី​៣៦​ដល់​៥០។ ​ខ្ញុំ​ជ្រើស​យក​លេខ​៤៥​​នៅ​ពេល​នោះ​ដោយសារ​ខ្ញុំ​លេង​សើច​ជាមួយ​មិត្តភ័ក្ដិ​ថា​៤​បូក​៥​ស្មើ​៩ ​ហើយ​ខ្ញុំ​តែងតែ​ស៊ុត​ចូល​​គ្រប់​ការ​ប្រកួត​ទាំង​៤​នៅ Inter Milan នោះ។ ​លេខ​នេះ​នាំ​សំណាង​ល្អ​ដល់​ខ្ញុំ ​អីចឹង​ហើយ​ទើប​ខ្ញុំ​ជ្រើសរើស​លេខ​នេះ​រហូត​មក”។

ការ​ត្រលប់​មក​ប្រកប​អាជីព​នៅ Premier League ​ជា​លើក​ទី​២​របស់ Balotelli ​ដូច្នេះ​កើត​ឡើង​បន្ទាប់​ពី​​ផ្លាស់​ពី Man City ​ទៅ​លេង​ឱ្យ AC Milan នៅ​អ៊ីតាលី​រយៈ​ពេល​១​ឆ្នាំ​កន្លះ ជា​ទី​ដែល​​អតីត​យុវជន​ក្លិប Lumezzane រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន​​៣០​គ្រាប់​ក្នុង​ការ​ចូល​លេង​៥៤​លើក។ នៅ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​វិញ កីឡាករ​ជនជាតិ​ដើម​ហ្គាណា​ដែល​កើត​នៅ​ទីក្រុង Palermo ​នេះ​ចូល​លេង​បាន​៣៣​លើក ស៊ុត​បញ្ចូល​ទី​បាន​១៣​គ្រាប់​​តាំង​ពី​ជាប់​ឈុត​ធំ​ក្នុង​ឆ្នាំ​២០១០​មក៕