Alonso និង Lampard ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ
ខ្សែបម្រើ Xabi Alonso របស់ក្លិប Real Madrid បានប្រកាសពីការចូលនិវត្តន៍របស់គេពីកីឡាបាល់ទាត់អន្តរជាតិ។ កីឡាកររូបនេះបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំចង់ប្រកាសថា ពេលវេលារបស់ខ្ញុំជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានដល់ទីបញ្ចប់ហើយ។ រឿងដ៏លំបាកបំផុតកំពុងតែកើតឡើង នៅពេលត្រូវនិយាយថា លាហើយ ហើយក្រោយពីគិតអំពីរឿងនេះ ខ្ញុំគិតថា ពេលវេលារបស់ខ្ញុំជាមួយនឹងជម្រើសជាតិបានដល់ទីបញ្ចប់ហើយ»។
ខ្សែបម្រើវ័យ៣២ឆ្នាំរូបនេះ ធ្លាប់ជាសមាជិកដ៏សំខាន់សម្រាប់ក្រុមអេស្ប៉ាញដែលបានឈ្នះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុបពីរលើកចុងក្រោយកាលពីឆ្នាំ២០០៨ និងឆ្នាំ២០០៨ ក៏ដូចជាការឈ្នះពានរង្វាន់ World Cup ជាលើកទី១របស់ពួកគេកាលពីឆ្នាំ២០១០។ ប៉ុន្តែ ទោះបីជាយ៉ាងណា យុទ្ធនាការជាអន្តរជាតិលើកចុងក្រោយរបស់ Alonso បានបញ្ចប់ទាំងការខកចិត្តយ៉ាងធំ ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងរបស់គេបានធ្លាក់ចេញពីយុទ្ធនាការ World Cup ក្នុងប្រទេសប្រេស៊ីល ក្រោយពីប្រកួតបានត្រឹមតែ២លើក បន្ទាប់ពីការទទួលបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិហូឡង់ និងស៊ីលីក្នុងវគ្គចែកពូល។
Alonso បានស៊ុតបាល់បញ្ចូលទី១៦គ្រាប់ក្នុងការបង្ហាញខ្លួន១១៤លើក និងបានចូលរួមជាមួយនឹងខ្សែបម្រើ Xavi Hernandez ក្នុងការប្រកាសពីការចូលនិវត្តន៍របស់គេ ដើម្បីបង្ហាញពីសញ្ញានៃការបញ្ចប់នូវយុគសម័យកាលមួយសម្រាប់កីឡាបាល់ទាត់អេស្ប៉ាញ។ ស្របពេលជាមួយគ្នានេះ ខ្សែបម្រើអន្តរជាតិអង់គ្លេស Frank Lampard បានប្រកាសពីការចូលនិវត្តន៍របស់គេពីកីឡាបាល់ទាត់អន្តរជាតិកាលពីថ្ងៃអង្គារ ក្រោយពីជួបអាជីពដ៏ភ្លឺថ្លាក្នុងរយៈពេល១៥ឆ្នាំ។ ការបង្ហាញខ្លួនជាអន្តរជាតិជាលើកទី១០៦ និងជាលើកចុងក្រោយរបស់កីឡាករវ័យ៣៦ឆ្នាំរូបនេះ បានកើនឡើងកាលពីថ្ងៃទី២៣ ខែមិថុនា នៅពេលដែលរូបគេបានធ្វើជាប្រធានក្រុមរបស់អង់គ្លេស ក្នុងការប្រកួតលើកចុងក្រោយរបស់ពួកគេក្នុង World Cup ជាមួយនឹងក្រុមជម្រើសជាតិកូស្តារីកា៕


Post a Comment