ពេជ្រ សេរីរ័ត្ន នៅមិនទាន់លេចវត្តមាននៅ MyTV
ភ្នំពេញៈ មានការចោទជាសំណួរថា តើពេលណាទើបលេចវត្តមាន នាង ពេជ្រ សេរីរ័ត្ន នៅក្នុងកញ្ចក់ទូរទស្សន៍ My TV ឲ្យប្រាកដទៅ? ប៉ុន្តែជុំវិញដំណឹងនេះ នៅមិនអាចសុំការបញ្ជាក់ពីសាមីខ្លួននាង ពេជ្រ សេរីរ័ត្ន បានទេ ខណៈប្អូនស្រីនាង ពេជ្រ សូលីដា ហៅ ជីជី ឆ្លើយថា រឿងនេះនាងក៏មិនបានដឹងដែរ។
នៅរសៀលថ្ងៃទី២៤ កក្កដា ម្សិលមិញ មិនអាចទាក់ទងសុំការស្រាយបំភ្លឺពីជុំវិញដំណឹងដើរចូលទ្រនំ My TV បានទេពីនាង ពេជ្រ សេរីរ័ត្ន អតីតពិធីការិនីដ៏មានថ្វីមាត់កាលពីនៅទ្រនំបាយ័ននោះ បើទោះជាប្អូនស្រីបង្កើតរបស់នាង គឺកញ្ញា ជីជី បានឲ្យលេខទំនាក់ទំនងថ្មីមួយខ្សែទៀតដើម្បីទាក់ទងទៅក៏ដោយ។
ប៉ុន្តែក្នុងជំនួបឆ្លើយឆ្លងជាមួយភ្នំពេញ ប៉ុស្តិ៍ ក្នុងពេលខ្លី ប្អូនស្រីនាង ពេជ្រ សេរីរ័ត្ន ដែលគេល្បីថាជាសមាសភាពយឹតយោងបងស្រីឲ្យបានចូលទៅក្នុងទ្រនំ My TV នោះ បានបដិសេធដំណឹងខាងលើនោះ។ នាងប្រាប់ថា៖ «រឿងនេះ ខ្ញុំមិនបានដឹងទេ ខ្ញុំក៏មិនបានដឹងដែរថាបងស្រីខ្ញុំចូលទៅ My TV ឬចូលទៅទូរទស្សន៍ណានោះទេ ខ្ញុំមិនបានដឹងមែន»។
បន្ទរលើសំឡេងបែបភ្ញាក់ផ្អើលនោះ ពិធីការិនី ដែលមុននេះល្បីថាខ្ទាតចេញពីទ្រនំ CTN នាង ជីជី ប្រាប់តបមកថា៖«បងម៉េចក៏មិនខលទៅសួរគាត់ ម៉េចក៏សួរខ្ញុំវិញ ព្រោះរឿងនោះជារឿងឯកជនរបស់គាត់ ខ្ញុំម៉េចហ៊ាននិយាយទៅ»។
បើទោះជាមិនអាចសុំការបកស្រាយពីសាមីខ្លួន និងប្អូនស្រីរួមផ្ទៃបានបដិសេធយ៉ាងដូច្នេះក៏ដោយ ប៉ុន្តែប្រភពដែលបម្រើការនៅក្នុងទ្រនំ CTN បានបង្ហើបថា បើតាមការព្រមព្រៀង និងការគ្រោងទុកនោះ នៅមិនយូរទៀតទេ វត្តមានអតីតពិធីការិនីរបស់ស្ថានីយទូរទស្សន៍បាយ័ន ដែលល្បីមានថ្វីមាត់ក្នុងការអត្ថាធិប្បាយ មិនចេះរីងស្ងួត នាង ពេជ្រ សេរីរ័ត្ន នឹងបង្ហាញវត្តមានពិត នៅក្នុងកញ្ចក់ទូរទស្សន៍ My TV។ ប្រភពដដែលស្នើសុំមិនបញ្ចេញឈ្មោះនោះ បញ្ជាក់ខ្លីថា៖ «នឹងមិនយូរទេកម្មវិធីដែលឲ្យ សេរីរ័ត្ន កាន់នោះចាក់ផ្សាយហើយ»។
យ៉ាងណាប្រភពនោះនៅមិនបង្ហាញឈ្មោះកម្មវិធី ដែល My TV ប្រគល់ឲ្យ ពេជ្រ សេរីរ័ត្ន កាន់នោះជាកម្មវិធីឈ្មោះអ្វី កម្មវិធីផ្សាយផ្ទាល់ ឬយ៉ាងណានោះដែរ។ ។
ប្រភពដដែលបានប្រាប់ថា៖ «នេះវាជាយុទ្ធវិធី នៅគ្រប់ថ្នាក់ដឹកនាំ ពិសេសកម្មវិធីទូរទស្សន៍ផ្នែកកម្សាន្ត គេចង់ទុកឲ្យមហាជនមានការភ្ញាក់ផ្អើល ទាំងកម្មវិធី និងទាំងអ្នកអត្ថាធិប្បាយ»។ ប៉ុន្តែប្រភពបានឲ្យដឹងទៀតថា៖ «ដោយយោងលើបទពិសោធជាច្រើនឆ្នាំ ក្នុងអាជីពជាអ្នកអត្ថាធិប្បាយនោះ ពេជ្រ សេរីរ័ត្ន ខាងអ្នកដឹកនាំ បានត្រៀមកម្មវិធីថ្មីៗ មួយចំនួន សម្រាប់នាង រួចរាល់ហើយ នៅចាំតែពេលវេលាល្អ គឺចាប់ផ្តើមដំណើរការតែម្តង»៕

Post a Comment