Header Ads

សារ៉ាយ សក្ខណា ប្ដី​មិន​ឲ្យ​ធ្វើ​តួឯក

ភ្នំពេញ: ខណៈ​អ្នកស្រី ផាន់ សម្ផស្ស នៅ​តែ​បង្ហាញ​ជំហរ​មុតមាំ​ពី​ការ​វិល​ត្រឡប់​មក​ប្រទេស​កំណើត​របស់ សារ៉ាយ សក្ខណា ដើម្បី​មក​ទទួល​តំណែង​តួឯកកុន​តាម​ការ​រង់ចាំ​របស់​ផលិតករ​នោះ ដំណឹង​ឆ្លង​ទ្វីប​ហើរ ពី​ដែនដី​សហរដ្ឋ​អាមេរិក​បាន​បង្ហើរ​មក​ថា តារាសម្តែង​ស្រី​សម្បុរ​ស្រអែម​រូប​នេះ ខក​ដំណើរ​មិន​បាន​វិល​មក​ស្រុក​ខ្មែរ​តាម​ការ​គ្រោង​ទុក​នោះ​អាច​មិនមែន​មកពី​ឯកសារ​នៅ​សហរដ្ឋ​ទេ វា​អាច​ជា​រឿង​បុគ្គល​ច្រើន​ជាង​។
ជុំវិញ​ការ​ខកខាន​ដំណើរ​មិន​បាន​វិល​មក​តាម​ការ​គ្រោងទុក​របស់ សារ៉ាយ សក្ខណា នោះ​អ្នកស្រី ផាន់ សម្ផស្ស ម្តាយ​នាង​បាន​អះអាង​ថា ៖«​ដំបូង សក្ខណា ត្រូវ​ទទួល​ហ្គ្រីនកាត ដែល​ជា​ឯកសារ​អាច​ឡើង​ចុះ​សហរដ្ឋអាមេរិក​ដោយ​សេរី មុន​ទទួល​សញ្ជាតិ​អាមេរិក តាំងពី​អំឡុង​ខែ​មិថុនា​ម្ល៉េះ ដោយសារ​តែ​មាន​ស្វាមី​នាង​ជា​មេធាវី​គាត់​ជា​អ្នក​ដាក់​ពាក្យ​រត់​ច្បាប់​ឲ្យ​។ ប៉ុន្តែ​ហ្គ្រីនកាត​ដែល​ត្រូវ​ចេញ​ឲ្យ សក្ខណា ដែល​រំពឹង​ធ្លាក់ ខែ​កក្កដា ត្រូវ​ខាង​មន្ត្រី​អាមេរិក​ពន្យារ​ពេល​ចេញ​ឲ្យ»។
Content image - Phnom Penh Post
ខណៈ​ខែ​កក្កដា ក៏​រំកិល​ជិត​នឹង​ដាច់​ផុត​ទៀត​នោះ ហើយ​ដំណឹង​ពី​ការ​វិល​មក​ទទួល​តំណែង​តួឯកកុន​របស់​កូនស្រី​នៅ​តែ​មិន​មាន​សញ្ញា​វិជ្ជមាន​ដដែល អ្នកស្រី​សម្ផស្ស បាន​ប្រាប់​ថា៖ «សក្ខណា មិន​អាច​មក​ស្រុក​ខ្មែរ​បាន​តាម​ការ​គ្រោងទុក​នោះ​ទេ ហើយ​រហូត​មក​ទល់​ពេល​នេះ​ក៏​នៅ​មិន​ទាន់​ដឹង​ថា​គម្រោង​នេះ​នឹង​ត្រូវ​បន្ត​ពន្យារ​ដល់​ពេល​ណា​នោះ​ទេ»។
ទោះបី​យ៉ាង​ណា ជុំវិញ​ការ​ខកខាន​ដំណើរ​មក​លេង​ស្រុក​របស់​កូនស្រី​នោះ មិន​ត្រូវ​បាន​អ្នកស្រី ផាន់ សម្ផស្ស បង្ហាញ​ហេតុផល​ផ្សេង​ក្រៅពី​អះអាង​ថា មកពី​ខាង​មន្ត្រី​អាមេរិក​មិន​ទម្លាក់​ឯកសារ​ចេញ ហ្គ្រីកាត នោះ​ទេ ដោយ​អ្នកស្រី​បញ្ជាក់​ថា៖ «​តាម​នីតិវិធី​ប្តី​រត់​ការ​នោះ សក្ខណា នឹង​ត្រូវ​ទទួល​បាន​ហ្គ្រីនកាត មុន​ទទួល​សញ្ជាតិ​អាមេរិក តាំងតែ​ពី​អំឡុង​ខែ​មិថុនា​មក​ម្ល៉េះ​ទើប​នាង​ហ៊ាន​ទទួល​ការ​សម្ដែង​រឿង​ឲ្យ​ផលិតកម្ម​នៅ​កម្ពុជា​អំឡុង​ខែ​កក្កដា​នេះ»។
បើ​ទោះ​ជា​ត្រូវ​បាន​ពន្យារ​ដំណើរ​មួយ​លើក​ជា​ពីរ​លើក ហើយ​មក​ទល់​ពេល​នេះ​ក៏​មិន​ទាន់​កំណត់​កាលបរិច្ឆេទ​ជាក់លាក់​ក៏ដោយ ក៏​ម្តាយ​របស់​តារាសម្តែង​ស្រី​រូប​នេះ នៅ​តែ​អះអាង​ថា គម្រោង​នេះ​ក៏​មិន​បាន​រំសាយ​ដែរ។
អ្នកស្រី ផាន់ សម្ផស្ស ប្រាប់​ថា៖ «​ដោយ​គ្រាន់តែ​លើក​ពេល​ទៅ​ខែ​បន្តបន្ទាប់​ទៀត ហើយ​តំណែង​តួឯក​នោះ​ក៏​ប្រហែល​ជា​មិន​បាត់បង់​ទាំងអស់​នោះ​ដែរ​»។
ដោយឡែក​ប្រភព​ពី​អ្នក​រស់នៅ​សហរដ្ឋអាមេរិក បាន​បង្ហើប​ចម្លើយ​ហាក់​ផ្ទុយ​ពី​ការ​អះអាង​របស់​អ្នកស្រី ផាន់ សម្ផស្ស ដែល​ថា អ្នកនាង សារ៉ាយ សក្ខណា មិន​អាច​វិល​មក​ស្រុក​កំណើត​តាម​ការ​គ្រោង​នោះ ដោយសារ​មន្ត្រី​សហរដ្ឋអាមេរិក មិន​ទាន់​ចេញ​ហ្គ្រីនកាត​ឲ្យ​។
តាមរយៈ​ការ​ឆ្លើយឆ្លង​ក្នុង​ទំព័រ​ហ្វេសប៊ុក ប្រភព​ពី​ដែនដី សហរដ្ឋអាមេរិក​លើក​ឡើង​ថា៖ «រឿង សក្ខណា ដែល​ថា​ខក​ដំណើរ​មិន​បាន​មក​ស្រុក​ខ្មែរ​តាម​គម្រោង​របស់​នាង​នោះ ខ្ញុំ​ដឹង​មិន​ច្បាស់​ដែរ តែ​ខ្ញុំ​ដឹង​ខ្លះៗ​ថា រឿង​នោះ​អាច​ប្តី​នាង​មិន​ទាន់​ចង់​ឲ្យ​នាង​ចុះ​មក​ម្នាក់​ឯង​ច្រើន​ជាង»។
ប្រភព​តាម​ហ្វេសប៊ុក​លើក​ឡើង​ថា៖ «ដោយសារ​តែ​ប្តី​នាង​ជា​មេធាវី រឿង​រត់​ការ​ធ្វើ​ហ្គ្រីន​កាត នោះ​ដូចជា​មិន​ពិបាក​មែន តែ​ឆ្ងល់​ត្រង់​ថា ឮ​ម្តាយ​នាង​ថា មន្ត្រី​សហរដ្ឋអាមេរិក​មិន​ទម្លាក់​ឯកសារ​ធ្វើ​កាត ដូចជា​មិនមែន​»។
បន្ថែម​លើ​ការ​លើក​ឡើង​នោះ ប្រភព​ដដែល​នោះ​ក៏​បាន​និយាយ​ថា៖ «បើ​ទោះ​ជា​ខ្ញុំ​មនុស្ស​ប្រុស​ម្នាក់​ដែរ ក៏​មិន​ឲ្យ​ប្រពន្ធ​ទើប​រៀបការ​ថ្មីថ្មោង ត្រឡប់​មក​លេង​ស្រុក​ម្នាក់ឯង​អ៊ីចឹង​ដែរ យ៉ាង​ណា​ក៏​ចាំ​មក​ជាមួយ​គ្នា​ដែរ ហើយ​ក៏​មិន​ចង់​ឲ្យ​ប្តី​ទៅ​ចោល​ក្នុង​ពេល​ហ្នឹង​ដែរ​»។
បញ្ជាក់​ពី​ការ​លើក​ឡើង​របស់​ប្រភព​ខាង​លើ​នេះ អ្នកស្រី ផាន់ សម្ផស្ស បាន​ថ្លែង​ការពារ​កូនប្រសា​របស់​ខ្លួន​ដោយ​លើក​ឡើង​ថា៖ «កូនប្រសា​ខ្ញុំ ដ្បិត​ថា ទើប​ស្គាល់ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ចិត្ត​គេ​មិន​ដល់​ថ្នាក់​ហ្នឹង​ទេ»។
អ្នកម្ដាយ​តារាសម្ដែង​សម្បុរស្រអែម​រូប​នេះ​បាន​ថ្លែង​ថា៖ «រឿង​ផ្សេង​ខ្ញុំ​មិន​សូវ​ដឹង​មែន តែ​ខ្ញុំ​ដឹង​ថា រឿង​ខកខាន​ដំណើរ​របស់ សក្ខណា គឺ​ពិតជា​រង់ចាំ ហ្គ្រីនកាត​នេះ​មែន ហើយ​បើ​បាន​ពេល​ណា​ប្តី​គេ​មិន​ឃាត់​ទេ​។ បើ​មិន​មាន​ពេល​ជូន​មក​ក៏​ប្តី​គេ​ឲ្យ សក្ខណា មក​ម្នាក់ឯង​ដែរ»៕