Header Ads

សួស វីហ្សា ខ្លាច​រងគ្រោះ​ព្រោះ​ស្នេហា​ត្រីកោណ

ភ្នំពេញៈ បន្ទាប់ពី​ជូត​ទឹកភ្នែក​រឿង​ស្នេហា​បរាជ័យ​គូដណ្តឹង​រៀបការ​ចោល​មិន​ទាន់​ស្ងួត​ស្រួល​ផង ស្រាប់តែ​គេ​ល្បី​តៗ​គ្នា​ថា តារាចម្រៀង​នាង សួស វីហ្សា បាន​ជួប​នឹង​ស្នេហា​ថ្មី​ជា​មនុស្ស​មាន​ទ្រព្យស្តុកស្តម្ភ។ ជាមួយ​គ្នា​នោះ គេ​ក៏ល្បី​ផង​ដែរ​ថា គូស្នេហ៍​ថ្មី​ស្រីស្រស់​រូប​នេះ​ជា​មនុស្ស​មាន​ប្រពន្ធ និង​កូន​រួច​ទៅ​ហើយ។ ប៉ុន្តែ​យ៉ាង​ណា ចំពោះ​ព័ត៌មាន​នេះ បាន​ធ្វើឲ្យ សួស វីហ្សា រអាចិត្ត ហើយ​ក៏​លើក​ឡើង​នូវ​ការ​បារម្ភ​ថា នាង​ខ្លាច​រងគ្រោះ​ព្រោះ​ស្នេហា​ត្រីកោណ។
ជុំវិញ​ជីវិត​ស្នេហា​របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្សមាស នាង សួស វីហ្សា នៅ​តែ​មាន​គេ​លើក​ឡើង​ថា នៅពេល​នេះ ស្នេហា​របស់​នាង​នៅ​តែ​មាន​ភាព​ផ្អែមល្ហែម ដោយ​ការ​លាក់បាំង​ពី​ភ្នែក​ទស្សនិកជន។ ប្រភព​មួយ​ពី​អ្នក​សិល្បៈ​បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅពេល​នេះ សួស វីហ្សា បាន​ភ្ជាប់​ចំណង​ស្នេហា​ថ្មី​ជាមួយ​បុរស​ម្នាក់ ហើយ​គេ​ក៏​បាន​ដឹង​ថា បុរស​ម្នាក់​នោះ​ជា​មនុស្ស​ម្នាក់​មាន​ទ្រព្យសម្បត្តិ​មិន​ចាញ់​នឹង​ស៊េរី​ឧកញ៉ា​នោះ​ទេ។
គួរ​បញ្ជាក់​ថា នៅក្នុង​អំឡុង​គ្រា​ដែល​តារាចម្រៀង​ស្រី​សាច់សខ្ចី​នាង សួស វីហ្សា បែកបាក់​ស្នេហា​ជាមួយ​នឹង​គូដណ្តឹង​ជា​អ្នក​សិល្បៈ​ដូច​គ្នា​លោក មាស សាឡី នោះ គេ​បាន​ដឹង​ថា តារា​រូប​នេះ​ស្ថិត​នៅ​ក្រោម​ក្រសែភ្នែក​ដ៏មុតស្រួច​របស់​បុរស​ចាយទ្រព្យ​ពេញដៃ​ម្នាក់ បោះពាក្យ​បោះសម្តី​សុំ​ក្តីស្នេហា តែ​ភ្លាម​នោះ​គេ​ក៏​បាន​ដឹង​ផង​ដែរ​ថា បុរស​ម្នាក់​នោះ​ជា​បុរស​មាន​ប្រពន្ធ និង​កូន​រួច​ទៅ​ហើយ។
ថ្មីៗ​នេះ មាន​គេ​លើក​ឡើង​ថា សួស វីហ្សា នៅ​តែ​មាន​ស្នេហា​យ៉ាង​ស្អិតល្មួត​ជាមួយ​បុរស​ម្នាក់ តែ​គេ​មិន​ច្បាស់​ថា តើ​បុរស​ម្នាក់​នោះ​ជា​មនុស្ស​ដែល​គេ​លើក​ឡើង​ថា មាន​ប្រពន្ធ​កូន​រួច​នោះ​មែន ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។ ដូច្នេះ​ហើយ​ទើប​គេ​នៅតែ​ចោទសួរ​ជាថ្មី​ថា តើ សួស វីហ្សា មាន​ទំនាក់ទំនង​ស្នេហា​ប្តី​គេ​មែន ឬ​យ៉ាង​ណា​?
ជុំវិញ​ការ​លើក​ឡើង​ពាក់ព័ន្ធ​នឹង​ចំណង​ស្នេហា​តារា​រូប​នេះ ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ពី​ម្សិលមិញ ដោយសារ​តែ​គ្មាន​អ្នក​លើក​ទូរស័ព្ទ។ ប៉ុន្តែ​កន្លងមក នាង​ធ្លាប់​សម្តែង​ការ​បារម្ភ​នៅ​ពេល​ដែល​មាន​គេ​និយាយ​ដល់​ចំណង​ស្នេហា​ត្រីកោណ។
សួស វីហ្សា ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ដោយសារ​តែ​ធ្លាប់​ឃើញ​មេរៀន​ដែល​ធ្លាប់​កើតឡើង​ចំពោះ​ជីវិត​សិល្បករ​មួយ​ចំនួន​កន្លងមក នាង​ពិតជា​ភ័យខ្លាច​ចំពោះ​សុវត្ថិភាព​នៅពេល​មាន​គេ​លើក​ឡើង​ថា រូបនាង​មាន​ស្នេហា​ត្រីកោណ ខណៈ​រូបនាង​មិន​បាន​ដឹង​រឿង​នោះ​។
វីហ្សា ធ្លាប់​និយាយ​ថា៖​«​រឿង​ស្នេហា​អី​នោះ ខ្ញុំ​មិន​ធ្លាប់​ដឹង​អី​សោះ នៅពេល​អ៊ីចឹង ខ្ញុំ​ខ្លាច​ណាស់ ពេល​នេះ ខ្ញុំ​អត់​ចង់​គិត​រឿង​ស្នេហា​ទេ គឺ​គិត​តែ​រឿង​សិល្បៈ​ប៉ុណ្ណោះ​»៕