Mario Mandzukic នឹងនាំយុទ្ធសាស្ត្រថ្មីឱ្យ Atletico ផ្សេងពី Diego Costa
ខ្សែប្រយុទ្ធថ្មីរបស់ Atletico
Madrid, Mario Mandzukic
បាននិយាយនៅក្នុងពិធីបង្ហាញខ្លួនថាការមកដល់របស់លោកនឹងនាំមក
នូវយុទ្ធសាស្ត្រប្រយុទ្ធផ្សេងពីកីឡាករ Diego Costa។
ជយលាភី
កីឡាករល្អបំផុតរបស់ក្រូអាតប្រចាំឆ្នាំ២០១២និង២០១៣រូបនេះ
សង្កត់ធ្ងន់ថា៖ “កីឡាករទាំងអស់មានរបៀបលេងខុសៗគ្នា
តែសម្រាប់ខ្ញុំ
ខ្ញុំតែងតែធ្វើតាមអ្វីដែលអ្នកចាត់ការត្រូវការនិងបង្ហាត់បង្រៀន។
ខ្ញុំដឹងច្បាស់ពីប្រវត្តិរបស់លោក Simone
លោកជាអតីតកីឡាករដ៏អស្ចារ្យហើយខ្ញុំមានជំនឿចិត្ត១០០%ទៅលើ
គាត់”។
អ្នកចាត់
ការក្រុមការពារតំណែងជើងឯក La Liga លោក Diego Simeone
ក៏និយាយក្នុងសន្និសីទកាសែតដែរថា Diego Costa
ជាកីឡាករល្អដែលអាចជួយក្រុមឈ្នះពានរង្វាន់ La Liga
ហើយអាចនាំក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្ត Champions League ទៀតផង។
ខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីលតែលេងឱ្យជម្រើសជាតិអេស្ប៉ាញរូប
នេះជាកីឡាករដែលអាចរកគ្រាប់បាល់បាន៣៦គ្រាប់ក្នុងការចូលលេង២៧ដង
នៅលីកក្នុងស្រុកនៅរដូវកាល២០១៣-២០១៤។ ប៉ុន្តែចំពោះ Mandzukic
គឺខុសគ្នា និយាយឱ្យចំគឺអតីតខ្សែប្រយុទ្ធក្លិប Dinamo Zagreb,
Wolfsburg និង Bayern Munich
រូបនេះជាអ្នកនាំលេងយ៉ាងល្អនៅក្នុងក្រុមហើយអាចផ្លាស់ប្ដូរ
បានគ្រប់កាលៈទេសៈ។
កីឡាករ
ជម្រើសជាតិក្រូអាតវ័យ២៨ឆ្នាំមកដល់ទឹកដី Vicente Calderon
ក្នុងតម្លៃខ្លួន១៥លានអឺរ៉ូបន្ទាប់ពីការចាកចេញរបស់ Diego Costa
ទៅតោខៀវ Chelsea កាលពីដើមខែកក្កដានេះ។ Mandzukic
ផ្ដើមអាជីពដំបូងនៅក្លិប Marsonia របស់ក្រូអាតក្នុងឆ្នាំ២០០៤
បន្ទាប់មកលេងឱ្យ NK Zagreb និង Dinamo Zagreb
មុនផ្លាស់មកប្រឡូកអាជីពនៅលីកកំពូលអាល្លឺម៉ង់ដោយចូលរួម Wolfsburg
ក្នុងឆ្នាំ២០១០ មុនត្រូវ Bayern Munich ទិញយកនៅឆ្នាំ២០១២។
អំឡុងពេលនៅទឹកដីអាល្លឺម៉ង់ខ្សែប្រយុទ្ធរូបនេះបានជួយឲ្យ Bayern
ឈ្នះពាន Bundesliga ២ដងជាប់គ្នា DFB Pokal ២ដងជាប់គ្នា UEFA
Champions League ម្ដង UEFA Super Cup ម្ដង និង FIFA Club World Cup
ម្ដង៕

Post a Comment