ឈិត សុជាតា ល្បីស្នេហ៍បុរសអាណិកជន
ភ្នំពេញៈ ខណៈរូបសម្រស់កាន់តែស្រស់សោភា ក្រឡេកមួយភ្លែតមិនចាញ់តារាជំនាន់ក្រោយនោះ តារាសម្តែង និងពិធីការិនីវ័យតោង៣០ឆ្នាំ មានកំណើតពីខេត្តតាកែវ នាង ឈិត សុជាតា ថ្មីៗនេះត្រូវបានគេបង្ហើបថា នាងអាចនឹងទទួលសំណើស្នេហ៍អាណិកជនអាមេរិកវ័យ៤០ឆ្នាំ ខណៈបុរសម្នាក់នោះ បានចំណាយទាំងពេលវេលា និងទឹកប្រាក់នោះ។
នាង ឈិត សុជាតា ពីមួយថ្ងៃទៅមួយថ្ងៃ ត្រូវបានគេមើលឃើញថា រូបសម្ផស្សរបស់នាងមានការវិវត្តកាន់តែក្មេងឡើងៗមើលទៅប្រហែលវ័យត្រឹម២០ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែក៏មានមជ្ឈដ្ឋានមួយចំនួនបញ្ចេញទស្សនៈរិះគន់ទៅលើនាងផងដែរ ដោយពួកគេបានលើកចំៗថា «ពិតណាស់សម័យនេះ អាចធ្វើឲ្យមនុស្សពីចាស់ទៅក្មេងបាន។ តួយ៉ាងដូចជា តារាសម្តែងនាង ឈិត សុជាតា មើលទៅនរណាថានាង វ័យ៣០ឆ្នាំ ប៉ុន្តែកុំច្រឡំមួយតួខ្លួននាង សុទ្ធតែជាសម្រស់សិប្បនិមិ្មតទាំងអស់»។
បើទោះជាមានលេចចេញនូវការរិះគន់ពីរូបសម្ផស្សបែបនេះយ៉ាងណាក៏ដោយ ក៏មន្តសម្រស់អន្ទងស្នេហ៍របស់តារាសម្តែងនាង ឈិត សុជាតា នៅតែមានប្រសិទ្ធភាព ហើយក៏មានលេចឮមិនតិចទេថា មានបុរសៗអ្នកមានទ្រព្យទាំងក្នុង និងក្រៅស្រុក តាមត្រសងសុំធ្វើជាម្ចាស់ឃុំគ្រងបេះដូងតារាសម្រស់សិប្បនិមិ្មតរូបនេះ។
ជាមួយគ្នានេះដែរ អ្នកធ្វើការនៅក្នុងកម្មវិធីសិល្បៈមួយរបស់ប៉ុស្តិ៍លេខ៩ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ពេលនេះ បើតាមខ្ញុំដឹង បងសុជាតា គាត់មិនមែនជាមនុស្សឯកាទេ។ គាត់ជាតារាសិល្បៈម្នាក់ មានទាំងសម្រស់ឆើតហើយ មានបុរសៗទាំងវ័យចាស់ វ័យក្មេងប៉ងចង់ថ្នាក់ថ្នមគាត់ ហើយថែមទាំងមានទីផ្សារសិល្បៈផងដែរ រាល់ថ្ងែរកតែពេលសម្រាកមិនបានផង»។

ពិធីការិនីស្រស់សោភានាង ឈិត សុជាតា បដិសេធរឿងស្នេហា។ វុទ្ធី
បន្ថែមការលើកតម្កើងដៃគូលក្ខខណ្ឌសុំមិនបង្ហាញឈ្មោះនោះ ពិធីការិនីរូបនោះ បានឲ្យដឹងទៀតថា៖«នាពេលកន្លងមកថ្មីៗនេះ ឮតែគេនិយាយ ហើយក៏មានការចេញផ្សាយថា គាត់មានបុរសអាណិកជនអាមេរិកវ័យ៤០ឆ្នាំ តាមស្រឡាញ់។ ចំពោះរឿងនេះ ខ្ញុំមិនដឹងថាយ៉ាងម៉េចដែរ តែខ្ញុំគិតថាប្រហែលជាអាចដែរ»។
ឆ្លើយតបនឹងការលើកតម្កើងពីដៃគូនោះ តារាសម្តែង និងពិធីការិនី ដែលប្តូរពីឈ្មោះកំណើត ចាន់ សុជាតា មក ឈិត សុជាតា ក្រោយចូលប្រឡូកក្នុងសិល្បៈ នាង ឈិត សុជាតា ហាក់មិនសប្បាយចិត្តឡើយទាំងព័ត៌មានលេចឮ និងការលើកតម្កើងនេះ។
នាងប្រាប់ថា៖«ព័ត៌មាន ឬដំណឹងទាំងនេះ ដូចជាមិនសមទទួលយកបានទេ សម្រាប់ខ្ញុំត្រឹមជាតារាសិល្បៈធម្មតាៗនោះ។ ខ្ញុំមិនដឹងថា ពេលនេះ មានគេនិយាយថា ខ្ញុំមានបុរសអាណិកជនអាមេរិកណាវ័យ៤០ឆ្នាំស្រឡាញ់អីនោះទេ ។ បើពីមុនមានមែន ប៉ុន្តែគ្រាន់ថាពេលនេះ អ្វីៗទាំងនោះបានចប់សព្វគ្រប់គ្មានទំនាក់ទំនងជាមួយអ្នកណាទាំងអស់»។
តារាសិល្បៈដែលហ៊ុមព័ទ្ធរឿងមានប្តីម្តងតាំងពីមុនចូលសិល្បៈ នៅស្រុកកំណើតខេត្តតាកែវ នាង ឈិត សុជាតា បានប្រាប់ទៀតថា៖«ពេលនេះ ដូចជាមិនបានគិតដល់ទេ រឿងស្នេហា រាល់ថ្ងៃគិតតែពីការងារសិល្បៈនិងក្រុមហ៊ុន ចង់ថាអ្នកណាតាមស្រឡាញ់ ឬចង់ឃុំគ្រងអីនោះស្រេចតែគេទៅ»។
បើទោះជា នាង ឈិត សុជាតា លើកឡើងបែបនេះក្តី ប៉ុន្តែអ្នកនាងក៏ហាក់បន្ទន់ឥរិយាបថផងដែរ ដោយនាងថា បើដល់ពេលមួយនោះ នាងនឹងគិតគូរ។ នាងបញ្ជាក់ថា៖«បើនោះជាគូ ខ្ញុំមិនដឹងដែរ ព្រោះថា វ័យនេះ មិនមែននៅវ័យក្មេងដែរ ហើយបើអ្នកស្រឡាញ់នោះពិតជាក្នុងចេតនាស្មោះនោះ ក៏ពិចារណាដែរ»៕
Post a Comment