ចន ច័ន្ទលក្ខិណា ចេញមុខការពារឧត្តមសេនីយ៍ផ្កាយ៤
ភ្នំពេញៈ ឧត្តមសេនីយ៍ផ្កាយមាស៤ លោក ជា តារា នៅតែត្រូវបានគេគិតថា ជាជនមានការពាក់ព័ន្ធនឹងចំណងស្នេហារបស់តារាសម្តែងនាង ចន ច័ន្ទលក្ខិណា។ តែជាថ្មីម្តងទៀត អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខបញ្ជាក់ថា លោក ជា តារា មិនមែនជាជនទី៣នោះទេ ហើយការលើកឡើងនោះ នឹងបណ្តាលឲ្យខូចកិត្តិយសធ្ងន់ធ្ងរដល់មន្ត្រីយោធាម្នាក់នោះ។
ពាក់ព័ន្ធនឹងការផ្តាច់ចំណងទាក់ទងគ្នាក្នុងនាមជាប្តីប្រពន្ធរយៈពេលជាង១០ឆ្នាំរវាង ចន ច័ន្ទលក្ខិណា និង យុត្ថារ៉ា ឆានី ត្រូវបានទស្សនិកជនភាគច្រើននឹកមមៃថា ការបែកបាក់នោះដោយសារតែមានជនទី៣ចូលមកជ្រៀតជ្រែក ហើយជនទី៣នោះត្រូវបានគេគិតថាគឺនាយឧត្តមសេនីយ៍ផ្កាយមាស៤ លោក ជា តារា។ តែយ៉ាងណា អ្នកនាង ចន ច័ន្ទលក្ខិណា បានឲ្យដឹងកាលពីពេលកន្លងមកនេះថា រឿងរ៉ាវនៃការចែកផ្លូវគ្នានេះ មិនមែនទើបតែកើតឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនោះទេ ពោលគឺការប៉ះទង្គិចគ្នា និងការមិនចុះសម្រុងនៅក្នុងរង្វង់គ្រួសាររបស់នាងបានកើតឡើងជាបន្តបន្ទាប់អស់រយៈពេលជាយូរមកហើយ តែនាងសុំសិទ្ធិមិនបញ្ជាក់អំពីមូលហេតុចម្បងនៃការបែកបាក់គ្រួសារនោះទេ។
តារាសម្តែងធ្លាក់ខ្លួនជាស្ត្រីមេម៉ាយកូនមួយនាង ចន ច័ន្ទ បាននិយាយថា៖«មុននឹងយើងលែងលះគ្នានេះ រឿងរ៉ាវមិនចុះសម្រុងនឹងគ្នា វាបានកើតឡើងអស់រយៈពេលជាយូរមកហើយ យើងបានសម្រេចបញ្ចប់ភាពជាប្តីប្រពន្ធនៅពេលនេះ ដោយសារមិនអាចបន្តទៅទៀត កុំឲ្យពិបាក»។
នាងបានលើកឡើងទាំងចម្ងល់ថា៖ «ខ្ញុំមិនដឹងយ៉ាងម៉េច គេចេះតែយករូបខ្ញុំទៅបូកឡូកនឹងជនទី៣ គឺលោកពូ ជា តារា ដែលវាបានធ្វើឲ្យខូចកិត្តិយសយ៉ាងខ្លាំងចំពោះគាត់ ក្នុងនាមជាមន្ត្រីជាន់ខ្ពស់មួយរូប។ ដូច្នេះខ្ញុំសូមបញ្ជាក់ជាថ្មីថា ការបែកបាក់របស់ខ្ញុំមិនមានជាប់ពាក់ព័ន្ធនឹងជនទី៣ ពូ ជា តារា ទេ»។
ជាមួយការបដិសេធ និងអះអាងនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់បន្ថែមថា៖«បើខ្ញុំមានជាប់ពាក់ព័ន្ធនឹងលោក ជា តារា មែន មិនចាំបាច់អីខ្ញុំត្រូវនៅបន្តជីវិតសិល្បៈ ថតហាលថ្ងៃហាលភ្ញៀងវេទនាបែបនេះទេ។ បើអ៊ីចឹងមែន ខ្ញុំនៅដេកស៊ីហើយ វាមិនស្រួលហ៎»។
ដោយឡែកពាក់ព័ន្ធនឹងវិវាទក្នុងគ្រួសារឈានដល់ការបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ទទួលបានកូនស្រីម្នាក់ក៏ដោយ តែអ្នកនាង ចន ច័ន្ទលក្ខិណា បានឲ្យដឹងថា ការប្រាស្រ័យទាក់ទងគ្នារវាងនាង និង លោក យុត្ថារ៉ា ឆានី នៅតែធម្មតា គ្រាន់តែពេលនេះ នាង និងលោក ឆានី បែកផ្ទះរស់នៅផ្សេងគ្នាតែប៉ុណ្ណោះ។
ដោយឡែកពាក់ព័ន្ធនឹងការលើកឡើងកន្លងមកជុំវិញជនទី៣ ចូលខ្លួនមកបំបែកស្នេហ៍ ចន ច័ន្ទលក្ខិណា និង យុត្ថារ៉ា ឆានី ដែលគេគិតថាគឺលោកឧត្តមសេនីយ៍ផ្កាយមាស៤ ជា តារា នោះ លោក ជា តារា ក៏បានឲ្យឧត្តមសេនីយ៍ទោ ច័ន្ទ ពន្លឹក នាយទាហានប្រចាំការនៅទីបញ្ជាការ៥ មករា ទិសតំបន់ប្រាសាទព្រះវិហាររបស់គណៈបញ្ជាការសមរភូមិមុខ ទិសប្រាសាទព្រះវិហារ ដែលជាលេខាផ្ទាល់ និងជាអ្នកនាំពាក្យ ចេញមុខធ្វើការបដិសេធផងដែរ ហើយលោកបានចាត់ទុកថា ការលើកឡើងនោះបានជះឥទ្ធិពលអាក្រក់ដល់រូបលោក៕

Post a Comment