Header Ads

Alvaro Negredo ​របស់​ Man City ​ត្រូវ​អវត្តមាន​៣​ខែ​ដោយសារ​បាក់​ឆ្អឹង​ប្រអប់​ជើង

ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​អេស្ប៉ាញ Alvaro Negredo របស់​ក្រុម​មេឃ​ខៀវ​ Manchester City ​ត្រូវ​អវត្តមាន​រយៈ​ពេល​៣​ខែ​ដោយសារ​រង​របួស​បាក់​ឆ្អឹង​ប្រអប់​ជើង​ស្ដាំ​ អំឡុង​ពេល​លេង​មិត្តភាព​ទល់​នឹង​ក្រុម​ Hearts ​ដែល​ Man City ​ឈ្នះ​២-១។​
ក្រោយ ​រង​របួស ​អតីត​កីឡាករ​របស់​ Sevilla ​វ័យ​​២៨​ឆ្នាំ​​បង្ហោះ​រូបថត​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​អម​ដោយ​ការ​ បរិយាយ​ថា​៖ “ខ្ញុំ​ចង់​ឱ្យ​អ្នក​ដឹង​ថា​វា​នឹង​ពិបាក​សម្រាប់​ខ្ញុំ​ក្នុង​រយៈ​ពេល​ ពីរបី​ខែ​ខាង​មុខ។ឆ្អឹង​ទី​៥​នៃ​ប្រអប់​ជើង​របស់​ខ្ញុំ​បាន​បាក់ ​ហើយ​ខ្ញុំ​ត្រូវ​ខាន​បាន​លេង​ពីរបី​ខែ។ តែ​ខ្ញុំ​នឹង​ត្រលប់​មក​វិញ​ខ្លាំង​ជាង​មុន​ទៅ​ទៀត”។
ថ្មី ​ៗ​នេះ​ Negredo ​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ទៅ​លេង​នៅ​លីក​អេស្ប៉ាញ​វិញ​ជាមួយ​ក្រុម​ Atletico Madrid ​ដែល​បាន​លក់​ Diego Costa ​ទៅ​ឱ្យ​ Chelsea ​ប៉ុន្តែ​អតីត​យុវជន​របស់​ក្រុម​ Rayo Vallecano​ ​រូប​នេះ​បាន​ចេញ​មក​បដិសេធ​ពាក្យ​ចចាមអារ៉ាម​នេះ​ដោយ​​និយាយ​តាម​ទូរទស្សន៍ ​របស់​ Man City ​ថា​ខ្លួន​សប្បាយ​ចិត្ត​នៅ Man City ​ហើយ​គ្មាន​បំណង​ចាកចេញ​ពី​ក្លិប​ឡើយ។​

Negredo ​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្រូ​បង្វឹក​បច្ចុប្បន្ន​ Manuel Pellegrini ​តាំង​ពី​​ពេល​នៅ Real Madrid ​ក្នុង​ឆ្នាំ​២០០៩​ម្ល៉េះ ​ប៉ុន្តែ​កាល​ណោះ Negredo នៅ Santiago Bernabeu ​បាន​តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ​ក៏​ផ្លាស់​ទៅ​លេង​ឱ្យ Sevilla ​ក្នុង​តម្លៃ​១៥​លាន​អឺរ៉ូ​​តាម​ការ​ណែនាំ​របស់​លោក​ Pellegrini ​ដោយ​គ្រូ​បង្វឹក​សញ្ជាតិ​ស៊ីលី​រូប​នេះ​ប្រាប់​ត្រង់​ៗ​ថា​រូប​គេ​មិន​ងាយ​ មាន​ឱកាស​ចូល​លេង​ទេ ​ដ្បិត​ Real ​មាន​ខ្សែ​ប្រយុទ្ធ​ល្អ​ៗ​ជា​ច្រើន​នៅ​ពេល​នោះ​ដូច​ជា​ Karim Benzema, Gonzalo Higuaín, Klaas-Jan Huntelaar, Ruud van Nistelrooy ​និង​ Cristiano Ronaldo៕​