Header Ads

Atletico ឡើង​ជួប Real ក្រោយ​ស៊ី​ Chelsea ៣-១


Atletico Madrid បាន​​ឡើង​​ទៅ​ជួប​គូ​ប្រជែង​មក​​ពី​ទី​ក្រុង​ជាមួយ​គ្នា Real Madrid នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Champions League ក្រោយ​វាយ​បក​យក​ឈ្នះ​តោ​ខៀវ Chelsea ៣-១។ នេះ​គឺ​ជា​លើក​ទី​១​ហើយ​ក្នុង​រយៈ​ពេល​៤០ឆ្នាំ​ចុង​ក្រោយ ​ដែល​ Atletico ​អាច​ត្រួសត្រាយ​ផ្លូវ​រហូត​ដល់​ថ្ងៃ​​ផ្ដាច់ព្រ័ត្រ​ ខណៈ​លើក​ចុង​ក្រោយ​គឺ​កាល​ពី​ឆ្នាំ​១៩៧៤។
ក្រោយ​ស្មើ​គ្នា​ ០-០ នៅ​ជើង​ទី​១​​នៅ​អេស្ប៉ាញ អតីត​ខ្សែ​ប្រយុទ្ធ​របស់ Atletico, Fernando Torres បាន​ស៊ុត​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​តោ​ខៀវ​នាំ​មុខ​មុន​នៅ Stamford Bridge ក្នុង​នាទី​៣៦។ ប៉ុន្តែ​ក្រុម​មក​ពី​ទីក្រុង​ឡុងដុង​ ប្រទេស​អង់គ្លេស​មួយ​នេះ​បាន​រក្សា​ការ​នាំ​មុខ​បាន​តែ​៨នាទី​ប៉ុណ្ណោះ ក្រោយ​ត្រូវ Adrian Lopez ស៊ុត​តាម​ស្មើ​វិញ​នៅ​១នាទី​ចុង​តង់​ទី​១។ ១នាទី​នេះ​ហើយ ដែល​ត្រូវ​បាន​លោក​ Jose Mourinho ពិពណ៌នា​ថា​ជា​ការ​ផ្លាស់ប្ដូរ​ការ​ប្រកួត​ទាំង​មូល។
ចូល​តង់​ទី​២ ក្រុម​លោក Diego Simeone ដែល​បាន​​ត្រឹម​ស្មើ ១-១ ក៏​ជាប់​ដែរ​នោះ បាន​បន្ថែម​២គ្រាប់​ទៀត ​ដោយ​ការ​ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ របស់ ​Diego Costa នៅ​នាទី​៦០ និង​ការ​ស៊ុត​របស់ Arda Turan នៅនាទី​៧២។
បន្ថែម​លើ​ការ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​លំដាប់​ទី​១​ទ្វីប​អឺរ៉ុប​មួយ​នេះ Atletico ​ក៏​ធ្វើ​បាន​ល្អ​ដែរ​នៅ​ពាន​ក្នុង​ស្រុក​ដែរ​ ពោល​គឺ​ត្រូវ​ការ​ឈ្នះ​តែ​២ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​លើក​ពាន La Liga លើក​ដំបូង​ក្នុង​រយៈ​ពេល​១៨ឆ្នាំ។
ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម​មក​ពី​ទីក្រុង Madrid ​ទាំង​២ នឹង​ធ្វើ​ឡើង​នៅថ្ងៃ​ទី​២៤ ខែ​​ឧសភា នៅ​ទីក្រុង​ Lisbon ប្រទេស​ព័រទុយហ្គាល់។ តើ​ក្រុម​ Madrid មួយ​ណា នឹង​ក្លាយ​ជា​ជើង​ឯក​ឆ្នាំ​នេះ?
Torres មិន​អបអរ​នោះ​ទេ​ក្រោយ​ស៊ុត​ចូល​អតីត​ក្រុម​របស់​ខ្លួន