Header Ads

Real Madrid សងសឹក​ Bayern Munich ​នៅ​ Bernabeu ​​បាន​អត់​រាត្រី​នេះ?

កីឡាករ​ក្រុម​ Real Madrid ​កំពុង​ពោរពេញ​ដោយ​ទឹកចិត្ត​ចង់​ឈ្នះ​ក្រុម​ការពារ​តំណែង​ជើងឯក​ Bayern Munich ​ក្នុង​ជើង​ទី​១​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​នៅ​កីឡដ្ឋាន​ Santiago Bernabeu ​ម៉ោង​១:៤៥​រំលង​អាធ្រាត្រ​នេះ​ដើម្បី​សង​ភាព​ឈឺ​ចាប់​ដែល Bayern ទម្លាក់​ពួក​គេ​​ដោយ​ការ​​ស៊ុត​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​នៅ​ទី​នេះ​ក្នុង​វគ្គ​នេះ​នា​រដូវ​កាល​២០១១-១២។ តែ​ទោះ​យ៉ាង​ណា លោក Josep Guardiola ដែល​ធ្លាប់​មាន​ប្រវត្តិ​ជូរចត់​ជាមួយ Real កាល​នៅ​ដឹក​នាំ Barcelona នោះ ក៏​រំពឹង​ថា​អាច​នាំ​ជើងឯក​៥​សម័យ​កាល Bayern ​ឱ្យ​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ដែល​អាច​ការពារ​ជើងឯក Champions League ​បាន​​សម្រេច ​ចាប់​តាំង​ពី​ AC Milan ​ធ្លាប់​ធ្វើ​បាន​ក្នុង​រដូវ​កាល​១៩៨៨-៨៩ ​និង​១៩៨៩-៩០ ​មក។​ ដូច្នេះ​លទ្ធផល​នឹង​ទៅ​ជា​បែប​ណា?​
ព័ត៌មាន​ជើង​កីឡាករ​
ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ​បាន​វិល​មក​ហ្វឹកហាត់​វិញ​ហើយ​ ប៉ុន្តែ​គ្រូ​បង្វឹក​ក្រុម​ Real Madrid ​លោក​ Carlo Ancelotti ​និយាយ​ថា​លោក​នឹង​មិន​ប្រថុយប្រថាន​ដាក់​ Ronaldo ​ចូល​លេង​ក្នុង​ជើង​ទី​១​នេះ​ទេ​ប្រសិន​បើ​​របួស​របស់​គេ​មិន​ទាន់​ជា​មួយ​រយ​ភាគរយ​នោះ។ ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ខាន​បាន​ចូល​លេង​តាំង​ពី​ថ្ងៃ​ទី​២​មេសា​មក​ម្ល៉េះ ពោល​គឺ​តាំង​ពី​រង​របួស​ជង្គង់​ឆ្វេង​ពេល​លេង​ជើង​ទី​១​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ទល់​នឹង Borussia Dortmund មក។ រីឯ​កម្លាំង​សំខាន់​ម្នាក់​ទៀត​គឺ​ Gareth Bale ​កំពុង​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​ហើយ​អាច​នឹង​មិន​បាន​ចូល​លេង​ដោយសារ​តែ​កើត​ជំងឺ​ផ្ដាសាយ។
សម្រាប់​ Bayern វិញ ខ្សែ​បម្រើ Bastian Schweinsteiger ​និង​ Javi Martinez​ ​វិល​មក​ជួយ​ក្រុម​វិញ​បាន​ហើយ​ក្រោយ​ពី​ជាប់​បម្រាម​ដែល​រារាំង​ពួក​គេ​មិន​ឱ្យ​ចូល​លេង​ជើង​ទី​២​ទល់​នឹង​ក្រុម​បិសាច​ក្រហម Man Utd។ ​ប្រធាន​ក្រុម​ Philipp Lahm ​ដែល​លោក​ Guardiola ​ដាក់​ឱ្យ​លេង​តួនាទី​បម្រើ​ការពារ​ជា​ញឹកញយ​នោះ​ ​ទំនង​ជា​ត្រូវ​ប្ដូរ​ទៅ​លេង​តួនាទី​ដើម​វិញ​គឺ​ការពារ​ស្ដាំ។​
រឿង​មួយ​ចំនួន​ដែល​គួរ​ដឹង​
Real Madrid និង Bayern Munich ​ធ្លាប់​ប៉ះ​គ្នា​១៤​ដង​នៅ Champions League ​ដែល​ក្នុង​នោះ Bayern ឈ្នះ​៨​ដង​ ប៉ុន្តែ Bayern ​ចាញ់​រហូត​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត UCL ​នៅ​ Bernabeu ​៥​ដង​ចុង​ក្រោយ ​(បូក​រួម​ទាំង​ការ​ចាញ់​ Inter Milan ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​២០១០​ផង​ដែរ)។​
នេះ​ជា​លើក​ទី​៤​ជាប់​ៗ​គ្នា​ដែល​ Real Madrid ​ឡើង​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ UCL ​ប៉ុន្តែ​ពួក​គេ​ឡើង​មិន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ឡើយ​តាំង​ពី​ឆ្នាំ​២០០២​មក។​
Real Madrid មិន​ដែល​ចាញ់​ឡើយ​ក្នុង​ការ​ប្រកួត​ UCL ​ក្នុង​ទឹកដី​ខ្លួន​ឯង​១៧​ប្រកួត​ចុង​ក្រោយ ​ពោល​គឺ​ឈ្នះ​១៥​ប្រកួត​និង​ស្មើ​២​ប្រកួត ហើយ​គ្មាន​ប្រកួត​ណា​ដែល​ពួក​គេ​មិន​ស៊ុត​ចូល​គូ​បដិបក្ខ​ឡើយ សរុប​ជា​រួម​ពួក​គេ​ស៊ុត​ចូល​៥៥​គ្រាប់​ពី​ការ​ប្រកួត​១៧​ដង​នោះ។
Real Madrid ​ជា​ក្រុម​ដែល​ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​បាន​ច្រើន​ជាង​គេ​នៅ UCL រដូវ​កាល​នេះ តែ​ក៏​ជា​ក្រុម​ដែល​របូត​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ក្រុម​ទាំង​៤​ដែល​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ដែរ។
Bayern Munich តែងតែ​ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​បាន​ជា​និច្ច​ក្នុង​ការ​ប្រកួត UCL ១៥​លើក​ចុង​ក្រោយ។ រីឯ​គ្រាប់​បាល់​ទាំង​៧​ដែល Bayern ​ស៊ុត​ចូល​ក្នុង​វគ្គ knockout រដូវ​កាល​នេះ​គឺ​កើត​ឡើង​ចាប់​ពី​នាទី​ទី​៥៤​ឡើង​ទៅ។
​​៨៨%​នៃ​គ្រាប់​បាល់​ដែល​ Bayern ​របូត​នៅ UCL រដូវ​កាល​នេះ​កើត​ឡើង​ក្នុង​តង់​ទី​២ (៧​ក្នុង​ចំណោម​៨​គ្រាប់)។​
Cristiano Ronaldo ស៊ុត​បញ្ចូល​ទី​បាន​៣៥​គ្រាប់​ក្នុង​ការ​ចូល​លេង UCL ២៧​ប្រកួត​ចុង​ក្រោយ។ សម្រាប់​រដូវ​កាល​នេះ Ronaldo ស៊ុត​ចូល​១៤​គ្រាប់​ហើយ ដែល​ស្មើ​ទៅ​នឹង​ការ​ធ្លាប់​ធ្វើ​បាន​របស់​ Jose Altafini ក្នុង​រដូវ​កាល​១៩៦២-៦៣ និង Lionel Messi ​ក្នុង​រដូវ​កាល​២០១១-១២។
Karim Benzema ​និង​ Angel Di Maria ​ជា​អ្នក​ assist ​ច្រើន​ជាង​គេ​នៅ UCL រដូវ​កាល​នេះ ​ដោយ​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ទាត់​ចូល​៥​លើក​ម្នាក់​ ស្មើ​ទៅ​នឹង​ Wayne Rooney ​របស់​ក្រុម​បិសាច​ក្រហម។​
Arjen Robben ​ស៊ុត​បញ្ចូល​ទី​បាន​៧​គ្រាប់​និង assist ៥​គ្រាប់​ ​ក្នុង​ការ​ចូល​លេង​ UCL ១១​ប្រកួត​ចុង​ក្រោយ។​
នេះ​ជា​លើក​ទី​៥​ដែល​លោក​ Carlo Ancelotti ​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ UCL ​ក្នុង​នាម​ជា​អ្នក​ចាត់ការ ​តែ​ជា​លើក​ទី​១​គិត​តាំង​ពី​ឆ្នាំ​២០០៧​មក (ជាមួយ AC Milan ៤​ដង​ និង​ជាមួយ​ Real Madrid ​ម្ដង​នេះ)។​
លោក Ancelotti ​មិន​ដែល​ដឹក​នាំ​ក្រុម​លេង​ចាញ់​ Bayern Munich ​ម្ដង​ណា​ឡើយ​នៅ UCL (ឈ្នះ​៤​ដង​ ស្មើ​២​ដង​កាល​នៅ​ដឹក​នាំ​ AC Milan)។​
នេះ​ក៏​ជា​លើក​ទី​៥​ដែរ​សម្រាប់​លោក​ Pep Guardiola ដែល​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​នាម​ជា​អ្នកចាត់ការ​ក្រុម​ ខណៈ​៤​លើក​កន្លង​មក​គឺ​ពេល​លោក​ធ្វើ​អ្នកចាត់ការ​ Barcelona។​
លោក Guardiola ​ធ្លាប់​ចាញ់​តែ​២​ដង​ប៉ុណ្ណោះ​ក្នុង​ការ​ដឹក​នាំ​ក្រុម​ប្រកួត​ជាមួយ Real Madrid ​១៥​ប្រកួត​កន្លង​មក (ឈ្នះ​៩​ដង​ ស្មើ​៤​ដង)។​

BURNLEY ឡើង​មក​លេង PREMIER LEAGUE ​ដោយ​ស្វ័យ​ប្រវត្តិ​តាម​ LEICESTER CITY