Header Ads

គេ​ថា​​ តោ​ខៀវ​លេង​ក្បួន​ចត​ឡាន​ក្រុង​ ដើម្បី​ទប់​ស្មើ​ ០-០ នៅ​ទឹក​ដី Atletico យប់​មិញ

ក្រុម​តោ​ខៀវ Chelsea បាន​ទប់​ស្មើ​ ០-០ នៅ​ទឹក​ដី​ក្រុម​អេស្ប៉ាញ​កំពុង​ឡើង​ជើង​ Atletico Madrid នៅ​ជើង​ទី​១ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League យប់​មិញ​នេះ។
ក្រោយ​ការ​ប្រកួត​ស្មើ​នេះ មាន​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​​បាន​លើក​ឡើង​ថា លោក Jose Mourinho ​ប្រើ​ក្បួន​ចត​ឡាន​ក្រុង​មុខ​ទី​ខ្លួនឯង ពោល​គឺ​​ចង់​សំដៅ​លើ​ការ​ដាក់​ខ្សែ​ការពារ​ច្រើន​ ដើម្បី​ទប់​ការ​វាយ​សម្រុក​របស់ Atletico។
នៅ​ក្នុង​ការ​ប្រកួត​នេះ អ្នក​ចាំ​ទី​ដៃ​ទី​១ Petr Cech លេង​បាន​តែ​ជាង​១០នាទី​ប៉ុណ្ណោះ​ ក្រោយ​រង​របួស​ស្មា ដោយ​ចូល​ជំនួស​វិញ​ដោយ​​អ្នក​ចាំ​ទី​អូស្រ្ដាលី Mark Schwarzer។ Cech នឹង​មិន​អាច​លេង​បាន​ទៀត​នោះ​ទេ​ក្នុង​រយៈ​ពេល​ដែល​នៅ​សល់​ក្នុង​រដូវ​កាល​នេះ បាន​ន័យ​ថា​ក្នុង​ជើង​ទី​២​នៅ Stamford Bridge សប្ដាហ៍​ក្រោយ​ ក៏​មិន​អាច​ចាប់​បាន​ដែរ។
ដំណឹង​មិន​ល្អ​មួយ​ទៀត​សម្រាប់​ក្រុម​អង់គ្លេស​មួយ​នេះ គឺ​ប្រធាន​ក្រុម John Terry ក៏​រង​របួស​ដែរ គឺ​របួស​ជើង​​​ដែល​​ធ្វើ​ឲ្យ​ខ្សែ​ការពារ​រូប​នេះ ខកខាន​មិន​បាន​លេង​នា​ប្រកួត​បន្ទាប់​នោះ​ដែរ។
ទោះ​បី​ជា​ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ​បុក​ខ្លាំង​យ៉ាង​ណា​ក្ដី Chelsea ក៏​មាន​ឱកាស​ល្អ​ខ្លះ​ដែរ ប៉ុន្តែ​ខ្សែ​បម្រើ Ramires ធ្វើ​មិន​បាន​សម្រេច។ ចំណែក​អ្នក​ចាំ​ទី​ជើង​ចាស់ Schwarzer ដែល​ធ្វើ​មិន​បាន​ល្អ​ពេល Chelsea ចាញ់ Sunderland នោះ បាន​រួម​ចំណែក​យ៉ាង​ធំ​ធេង​ជាមួយ​ខ្សែ​ការពារ​ដ៏​ក្រាស់ ដើម្បី​ធ្វើ​ឲ្យ Atletico មិន​អាច​បំប៉ោង​សំណាញ់​ទី​គូ​ប្រកួត​បាន​ជា​លើក​ដំបូង​ក្នុង​១១ប្រកួត​នៅ​ Champions League រដូវ​កាល​នេះ។
ការ​ប្រកួត​ជើង​ទី​២​នៅ​ទឹក​ដី​ Chelsea នឹង​ត្រូវ​ធ្វើ​ឡើង​​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា​សប្ដាហ៍​ក្រោយ។ ក្រៅ​ពី​បាត់បង់​ Cech និង Terry ក្រុម​លោក Jose Mourinho ក៏​ត្រូវ​បាត់បង់​កីឡាករ​សំខាន់​មួយ​ចំនួន​ទៀត​ដែរ ដោយ​សារ​ជាប់​ពិន័យ​ គឺ John Obi Mikel និង Frank Lampard។

CHELSEA រង​នូវ​ការខកចិត្ត​ដោយសារតែ​កីឡាករ​របួស​ពីរ​នាក់