Header Ads

វ៉ាង ស្រីណូ ប្រកាន់​ជំហរ​ចូល​សិល្បៈ


20140423_20a
តារា​សម្តែង​នាង វ៉ាង ស្រីណូ។ រូប​ថត សេត គឹមសឿន
ភ្នំពេញៈ ដំណឹង​វិល​មក​កាន់​អាជីព​សិល្បៈ​សម្តែង របស់​តារាស្រី​ម្ចាស់​ពាន កំពូល​តារា​សិចស៊ី​កាលពី​ជាង​កន្លះ​ទសវត្សរ៍​មុន នាង វ៉ាង ស្រីណូ បាន​លេចឮ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ដំណឹង​នោះ​ហាក់​មាន​ត្រឹម​តែ​ចំហាយ​ខ្យល់ មិន​មាន​ស្រមោល​។ ជាថ្មី​ម្តង​ទៀត​នៅក្នុង​គណនីហ្វេសប៊ុក ស្រីស្រស់ វ៉ាង ស្រីណូ សរសេរ​ប្រាប់​ថា ស្រីណូ របស់​បងប្អូន​នឹង​ត្រៀម​ខ្លួន​វិល​រក​អាជីព​ដែល​បងប្អូន​បាន​ស្គាល់ នាង​ពី​មុន​មក​វិញ​ហើយ ដោយ​ត្រៀម​ថត​ជា​ខ្សែ​ភាពយន្ត MTV និង​ស្ប៉ត​ពាណិជ្ជកម្ម​ឡើង​វិញ​ហើយ​។
នៅក្នុង​ហ្វេសប៊ុក ក្រៅពី​អះអាង​ថា​នាង​បាន​ត្រៀម​ខ្លួន​ថត​ភាពយន្ត​ឲ្យ MTV តែ​នាង វ៉ាង ស្រីណូ មិន​បាន​ប្រាប់​ថា ភាពយន្ត​ដែល​នាង​គ្រោង​ឡើង​មក​ស្រាយ​សម្ពាយ​យុទ្ធគុណ​សម្តែង​ដែល​កប់​ទុក យូរ​ឆ្នាំ​នោះ​ជា​ភាពយន្ត​ដុំ ឬ​ក៏​ជា​ភាពយន្ត​ភាគ​នោះ​ទេ ហើយ​ក៏​មិន​បាន​ប្រាប់​ជាក់លាក់​ពី​កាលបរិច្ឆេទ នាង​វិល​ចូល​កាន់​តំណែង​នោះ​ដែរ ។
ប៉ុន្តែ​នាង​បាន​សរសេរ​ប្រាប់​ថា៖ «​បងប្អូន មិត្តភក្តិ និង fans ទាំងអស់​គ្នា! នៅពេល​ខាង​មុខ​នេះ ស្រីណូ​របស់​បងប្អូន នឹង​វិល​ត្រឡប់​រក​អាជីព​ចាស់​វិញ​ហើយ ដែល​កាលពី​មុន​អាជីព​នេះ​ហើយ​ដែល​ធ្វើឲ្យ​អ្នក​ទាំងអស់​គ្នា​ស្គាល់ ខ្ញុំ។ រាល់​ថ្ងៃ​នេះ មាន​បងៗ​ផលិតករ​ភាពយន្ត​ជាច្រើន​បាន​ទាក់ទង​ឲ្យ​ខ្ញុំ​វិល​រក​ការ​ថត រឿង​ដុំ និង​ភាគ​បូក​ទាំង​ខារ៉ាអូខេ​ផង​ដែរ »។
ស្រីណូ បាន​បញ្ជាក់​ទៀត​ថា៖​«មិន​យូរ​ទេ រាល់​ការ​ប្រគំ​តន្ត្រី​តាម​បណ្តា​ស្ថានីយ​ទាំងអស់​នឹង​មាន​វត្តមាន​នាង ខ្ញុំ​ឡើង​វិញ​ហើយ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ឡើង​វិញ​ផង​ដែរ​!! ហើយ​អ្វី​ដែល​ភ្ញាក់ផ្អើល​នោះ កម្មវិធី i-mission របស់​ទូរទស្សន៍​បាយ័ន ក៏​បាន​ទាក់ទង​មក​ខ្ញុំ​ដែរ ប៉ុន្តែ​កម្មវិធី​នេះ​ហាក់​លំបាក​ណាស់ ព្រោះ​ត្រូវ​ការ​កម្លាំង​គាំទ្រ​ច្រើន បើ​បងប្អូន​មាន​ការ​គាំទ្រ​ដល់​ខ្ញុំ ខ្ញុំ​ក៏​ពេញ​ចិត្ត​នឹង​ចូលរួម​លេង​ដែរ​!! អរគុណ​»។
សម្រាប់​ការ​វិល​រក ឆ្នាំង​ចាស់​នេះ គេ​ក៏​មិន​ទាន់​ដឹង​ច្បាស់​ថា វ៉ាង ស្រីណូ អាច​ជ្រោង​ប្រជាប្រិយភាព​ឲ្យ​បាន​ដូច​មុន ឬ​យ៉ាង​ណា​ទេ ហើយ​ការ​ប្រកាស​នោះ​ទៀត​សោធ​ត្រូវ​បាន​មហាជន​អ្នក​គាំទ្រ​នាង លើក​ឡើង​ថា មិនមែន​ជា​លើក​ទី​មួយ​ដែរ ដែល វ៉ាង ស្រីណូ ប្រកាស​ខ្លួន​វិល​មក​ទទួល​ការងារ​សិល្បៈ​នោះ។
បើ​ទោះ​យ៉ាង​នេះ​ក្តី មជ្ឈដ្ឋាន​និយម​គាំទ្រ តារា​ម្ចាស់​ពាន​សិចស៊ី​កាលពី​កន្លះ​ទសវត្សរ៍​មុន​រូប​នេះ បែរ​ជា​បង្ហាញ​ការ​ចាប់​អារម្មណ៍​នូវ​សកម្មភាព​ដែល​គេ​ឃើញ​នាង​ធ្វើ​បុណ្យ​ដាក់​ទាន​ជូន លោកយាយ លោកតា នៅ​តាម​ទីជនបទ គួរ​ឲ្យ​កោតសរសើរ និង​មាន​សកម្មភាព​យ៉ាង​សស្រាក់សស្រាំ​ទៅវិញ»។
ពួកនិយម លេង​ហ្វេសប៊ុក បាន​ពោល​សរសើរ​ថា៖ «ស្រីណូ ដែល​ជាប់​ងារ​ជា​តារា​សិចស៊ី មិន​សំចៃ​ដៃ ពេល​នេះ​ហាក់​មាន​សកម្មភាព រស់រវើក​ជាមួយ​ការ​ធ្វើ​បុណ្យ ដើរ​ចែក​អំណោយ ទៅ​ដល់​ចាស់ជរា នៅ​តាម​បណ្តា​ខេត្ត និង​ធ្វើ​បុណ្យ​ស្រោច​ទឹក លើករាសី ជាមួយ​ក្រុម​គ្រួសារ ហើយ​រំលេច​រូបភាព នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ផ្ទាល់​របស់​នាង »។


នៅ អំឡុង​បុណ្យ ចូលឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរ កន្លង​ទៅ​ថ្មីៗ​នេះ ស្រីណូ និង​ក្រុម​គ្រួសារ បាន​ពាំនាំ​យក​អំណោយ ជាច្រើន​ដូចជា សារុង មី ទឹកក្រូច ថវិកា និង​សម្ភារ​មួយ​ចំនួន​ទៀត ទៅ​ចែក​ជូន​ចាស់ជរា រស់​នៅក្នុង ខេត្ត​កំពង់ឆ្នាំង រួម​ជាមួយ​ការ​ចែក​ថវិកា ទៅ​ដល់​កុមារ​តូចៗ ក្នុង​ស្រុក​ភូមិ​នោះ គួរ​ឲ្យ​សរសើរ​ពី​ទង្វើ របស់​សិល្បការិនី​រូប​នេះ ។ ប៉ុន្តែ​សកម្មភាព​នោះ​ដែរ ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នក​តាមដាន​សិល្បៈ និង​ជា​អ្នក​គាំទ្រ​នាង បាន​បញ្ចេញ​មតិ​ថា ការ​ខំប្រឹង​ធ្វើ​បុណ្យ យក​អំណោយ​ថវិកា ចែក​ជូន​ដល់​យាយ​ចាស់ៗ​នោះ គឺ​នាង​ចង់​សន្សំ​បុណ្យ​កុសល និង​លើក​រាសី​ឲ្យ​ខ្ពស់ មុន​ពេល​នាង​ត្រឡប់​ចូល​ពិភព​សិល្បៈ​វិញ​៕