Header Ads

មនុស្ស​៧​នាក់​រងរបួស​ក្បាល និង​ស្រាល ដោយសារ​ក្រុម​សន្តិសុខ វាយ​បំបែក​មិន​ឲ្យ​ប្រមូលផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​​

ដោយ៖​ សុទ្ធ គឹមសឿន​
ថ្ងៃចន្ទ ទី21 ខែមេសា ឆ្នាំ2014
http://vodhotnews.com

មើលរូបភាពបន្ថែម
ជនរងគ្រោះដោយសារសន្តិសុខខណ្ឌដូនពេញបង្ក្រាប នាព្រឹកមិញ (រូបថត៖ សុទ្ធ គឹមសឿន)
យ៉ាងហោចណាស់ មនុស្ស​៧​នាក់ រងរបួស​ក្បាល និង​របួសស្រាល នៅ​ក្នុង​ការ​បំបែក​ដោយ​ហិង្សា​ពី​សំណាក់​ក្រុម​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ នៅពេលដែល​ពួកគេ​អម​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ  ចូល​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​សម្តែង​មតិ​។​
ការ​បំបែក​នេះ ធ្វើឡើង​ខណៈដែល លោកស្រី មូ​រ សុខ​ហួរ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​អមដំណើរ​លោក​ស្រី​ប្រមាណ​១០​នាក់ បាន​ធ្វើដំណើរ​ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ នៅ​ម៉ោង ៨:៣០​នាទី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ទាមទារ​ឲ្យមាន​ការគោរព​សិទ្ធិ​បញ្ចេញ​មតិ និង​ទីតាំង​ប្រមូលផ្តុំ​។
លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស អង្គការ​លីកាដូ ដែល​តាមដាន​ករណីនេះ មានប្រសាសន៍ថា ក្នុងការ​បំបែក​របស់​ក្រុម​សន្តិសុខ​ប្រមាណ ៥០​នាក់​ទៅ​លើ លោកស្រី មូ​រ សុខ​ហួរ និង​អ្នក​អមដំណើរ​អ្នកស្រី​នោះ បាន​បណ្តាល​ឲ្យ​យុវជន​បី​នាក់ បាន​រងរបួស​ក្បាល និង​មនុស្ស​៤​នាក់​ទៀត ដែល​ក្នុងនោះ​មាន​អ្នកសារព័ត៌មាន​ពីរ​នាក់​ផង​នោះ បាន​រងរបួស​ស្រាល​។​
​លោក ​អំ សំអាត បានចាត់ទុក​ទង្វើ​នេះ​ថា​អមនុស្សធម៌ និង​ស​បញ្ជាក់ថា របប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​ដើរ​ថយក្រោយ​។
បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូ​រ សុខ​ហួរ ដែល​បរាជ័យ​ជាថ្មី​ម្តងទៀត ក្នុង​ការ​ទៅ​សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មានប្រសាសន៍ថា លោកស្រី​នៅតែ​បន្ដ​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​ជា​រៀងរាល់ថ្ងៃ ដើម្បី​អនុវត្ត​សិទ្ធិ​សម្តែង​មតិ​របស់​ខ្លួន ក្នុងនាម​ជា​ពលរដ្ឋ បើទោះជា​មាន​ការរារាំង​ដោយ​បំពាន និង​រំលោភ​សិទ្ធិ​ពី​សំណាក់​អាជ្ញាធរ​ក៏​ដោយ​។ លោកស្រី បាន​អំពាវនាវ​មិនឲ្យ​មាន​អ្នក​អមដំណើរ​ជា​មួយ​លោកស្រី​ទៀត​ទេ​។
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័​ក្រ មានប្រសាសន៍ថា លោក​មិន​បាន​ទទួល​ព័ត៌មាន​នេះ​ទេ ដោយ​អះអាង​ថា ជាប់រវល់​ប្រជុំ​។ តែ​ទោះជា​យ៉ាងណា លោក​សម្តែង​ការសោកស្ដាយ​ចំពោះ​ការប៉ះទង្គិច​គ្នា ដែល​បង្ក​ឲ្យមាន​អ្នករងរបួ​ស​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​នេះ​។
​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ ក៏​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​រាប់រយ​នាក់ ប្រដាប់​ដោយ​ខែល និង​ដំបង រារាំង និង​ចាប់​សែង​ចេញ មិនឲ្យ​ចូល​ទៅ​កាន់​បរិវេ​ណទី​លាន​ប្រជាធិបតេយ្យ​ដែរ​។​
នៅ​ដើម​ខែ​មេសា​នេះ លោកស្រី មូ​រ សុខ​ហួរ បាន​ធ្វើ​ដំណើរ​ជា​ច្រើន​ដង ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ រៀង​រាល់​ម៉ោង ៨​ព្រឹក ដោយ​បាន​អង្គុយ​ផ្ទាល់​លើ​ដី អាន​ច្បាប់​ស្ដី​ពី​ការជួបជុំ​ដោយ​សន្តិវិធី អប់រំ​កងកម្លាំង​សមត្ថកិច្ច​ដែល​បិទ​ទីលាន​ប្រជាធិបតេយ្យ មិន​ឲ្យ​ពលរដ្ឋ​ប្រមូលផ្តុំ​នៅ​ទីនោះ ប៉ុន្តែ​នៅ​រាល់​ការ​ទៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច រារាំង និង​ចាប់​សែង​ចេញ​ជាច្រើន​ដង​។​
កាលពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤ ក្រសួងមហាផ្ទៃ បាន​ចេញ​បម្រាម ហាមឃាត់​ការប្រមូលផ្តុំ នៅលើ​ទីលាន​ប្រជាធិតេយ្យ ដែល​មាន​មនុស្ស​ចាប់​១០​នាក់​ឡើងទៅ ក្រោម​ហេតុផល​ស្តារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​ឡើងវិញ​។ ក្រោយ​ការ​ដាក់​បម្រាម​នេះ កម្លាំង​សមត្ថកិច្ច​ជាច្រើន​រយ​នាក់ ត្រូវបាន​ដាក់ពង្រាយ លើ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ ហើយ​រាល់​ការប៉ុនប៉ង​ប្រមូលផ្តុំ​របស់​ប្រជាពលរដ្ឋ និង​កម្មករ​រោងចក្រ គឺ​ត្រូវបាន​រារាំង រហូត​ឈានដល់​ការប៉ះទង្គិច​គ្នា​ជា​បន្តបន្ទាប់​៕
សូមសរសេរមកលោក​ សុទ្ធ គឹមសឿន តាមរយៈ keomsoeunsoth@gmail.com

No comments