Header Ads

អង្គការ​ការពា​រធន​ធាន​ធម្មជាតិ នឹង​ប្រារព្ធ​ខួប​២​ឆ្នាំ​សព​លោក​ឈុត វុទ្ធី នៅ​ថ្ងៃ​ទី​២៦​ខែ​មេសា​

អង្គការ​ការពា​រធន​ធាន​ធម្មជាតិ​(NRPG) នឹង​ប្រារព្ធ​ខួប​២​ឆ្នាំ​នៃ​សព​លោក ឈុត វុទ្ធី នា​ចុង​សប្តាហ៍​នេះ នៅ​កន្លែង​ដែល​លោក​ ឈុត វុទ្ធី ដែល​ត្រូវបាន​គេ​បាញ់សម្លាប់​កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ កន្លងមក ក្នុង​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង​។​
នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី​២១ ខែ​មេសា​នេះ ឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ចុង​សប្តាហ៍​នេះ ប្រជាពលរដ្ឋ ព្រះសង្ឃ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ប្រមាណ៨០​នាក់ នឹង​ធ្វើ​ពិធី​រំលឹក​ខួប​នៃ​ការស្លាប់​របស់​លោក ឈុត វុទ្ធី អតីត​ប្រធាន​អង្គការ​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​ជា​សកម្មជន​ការពារ​ព្រៃឈើ ក្នុង​បុព្វហេតុ​ដែល​លោក​ខំប្រឹង​ការពារ​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា នៅ​ចំណុច​វា​លបី ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ជា​កន្លែង​ដែល​លោក​ ឈុត វុទ្ធី ដែល​ត្រូវបាន​គេ​បាញ់សម្លាប់​។​
លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃឈើ ត្រូវ​បាន​ជនសង្ស័យ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ ឈ្មោះ អ៊ិន រតនា បាញ់សម្លាប់ នៅ​ចំណុច​វា​លបី ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង កាលពី​ថ្ងៃ​ទី២៦ ខែមេសា ឆ្នាំ​២០១២ នៅពេល​ដែល​រូបលោក និង​អ្នកកាសែត The Cambodia Daily ពីរ​នាក់​ចូល​ទៅ​ថត​គំនរ​ឈើ នៅ​ក្រុមហ៊ុន Timber Green ។ ក្នុង​ហេតុការណ៍​នោះដែរ មន្ត្រី​កងរាជអាវុធហត្ថ​ឈ្មោះ អ៊ិន រតនា នោះ​ក៏​ត្រូវ​គេ​បាញ់​ស្លាប់​ផងដែរ​។ សំណុំរឿង​នេះ ត្រូវបាន​តុលាការ​សាលាដំបូង​ខេត្តកោះកុង សម្រេច​តម្កល់​រឿង​មិន​ចាត់ការ ពោល​គឺ​សំណុំរឿង​ក្តី​នោះ ត្រូវបាន​តុលាការ​អះអាងថា ឃាតក​ដែល​សម្លាប់​លោក ឈុត វុទ្ធី គឺ​ឈ្មោះ អ៊ិន រតនា ហើយ​ឈ្មោះ អ៊ិន រតនា ក៏​ត្រូវបាន​សម្លាប់​ដែរ ដូច្នេះ​បណ្តឹងអាជ្ញា​ក៏​រលត់​។​
ប៉ុន្តែ តុលាការ​បាន​ចោទប្រកាន់​លើ ប៉េអឹម​ម្នាក់​ទៀត ឈ្មោះ រ៉ា​ន់ បូ​រ័ត្ន ថា​ជា​អ្នក​សម្លាប់​ឈ្មោះ អ៊ិន រតនា ដោយ​អ​ចេតនា ដោយ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ២ឆ្នាំ​។ ក៏ប៉ុន្តែ​សាលក្រម នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៣ ចៅក្រម​តុលាការ​ខេត្ត​កោះកុង លោក ខាន់ សុ​ផា​រី បាន​តម្រូវឲ្យ​បុរស​ជាប់ចោទ រ៉ា​ន់ បូ​រ័ត្ន ជាប់​ពន្ធនាគារ​ត្រឹមតែ ៦ខែ​ប៉ុណ្ណោះ រីឯ​ទោស​នៅសល់ ១​ឆ្នាំ និង ៦​ខែ​ទៀត ត្រូវ​ព្យួរទោស​៕

No comments