Header Ads

ទីលាន​​សិប្បនិមិត្ត​​ជា​បញ្ហា​ធំ​សម្រាប់​បឹង​កេត​ពេល​ទទួល​ជើង​​ឯក​មីយ៉ាន់ម៉ា Yangon United

ក្លិប​​កំពូល​របស់​កម្ពុជា​​បឹង​កេត​អង្គរ​ នឹង​ត្រូវ​ប៉ះ​ក្រុម​​ជើង​ឯក​​​មីយ៉ាន់ម៉ា ​Yangon United ក្នុង​​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ Toyota Mekong Cup Championship  2015 ​នា​ថ្ងៃ​ទី​២៩ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ខាង​មុខ​នេះ ប៉ុន្តែ​​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​ ជា​​ទីលាន​ស្មៅ​សិប្បនិមិត្ត​ដែល​​កំពុង​ស្ថិត​ក្នុង​ការ​​ព្រួយបារម្ភ​របស់ ​បឹង​កេត​​​។

​លោក​​​ បែ មករា អ្នក​ចាត់​ការ​ទូទៅ​របស់​បឹង​កេត​អង្គរ​បាន​ឲ្យ​ដឹង​ថា បញ្ហា​ធំ​​​របស់​បឹង​កេត​​​គឺ​លេង​នៅ​ទីលាន​ស្មៅ​សិប្បនិមិត្ត​ សម្រាប់​ជំនួប​ក្រុម​ខ្លាំង​របស់​មីយ៉ាន់ម៉ា Yangon United នា​ពេល​ខាង​មុខ​នេះ។ បច្ចុប្បន្ន​​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​​​ ដែល​មាន​កម្រិត​ស្តង់ដារ​ត្រឹមត្រូវ​​កំពុង​មាន​កម្ម​វិធី​ប្រកួត​ ដែល​ធ្វើ​ឲ្យ​បឹង​កេត​ពិបាក​រក​ទីតាំង​ហ្វឹកហាត់​ ពី​ព្រោះ​តែ​នៅ​កម្ពុជា​​គ្មាន​​​​ទីលាន​ស្មៅ​សិប្បនិមិត្ត​​​​ទីពីរ​ត្រូវ​ តាម​កម្រិត​បច្ចេកទេស​​ពិភព​លោក​ក្រៅ​​ពី​ពហុ​កីឡដ្ឋាន​​ជាតិ​ឡើយ។

ក្លឹបបឹងកេត8
កីឡាករ និង​ក្រុម​ការ​ងារ​ក្លិប​បឹង​កេត​អង្គរ​(លោក​ បែ មករា ​អាវ​ខ្មៅ​)

អ្នក​ចាត់​ការ​រូប​នេះ​បន្ត​ថា ​​ក្រុម​បឹង​កេត​អង្គរ​អាច​លេង​លើ​​ទីលាន​ស្មៅ​ធម្មជាតិ​ល្អ​​ជាង​ស្មៅ​ សិប្បនិមិត្ត ហើយ​​សឹង​តែ​គ្រប់​ការ​ប្រកួត​តែង​តែ​​រក​គ្រាប់​បាល់​បាន។ ប៉ុន្តែ​បើ​ការ​ប្រកួត​​ធ្វើ​នៅ​លើ​ទីលាន​​ពហុ​កីឡដ្ឋាន​ជាតិ​លោក​គិត​ថា​ ក្រុម​របស់​អាច​ពិបាក​លេង​ជាង​​នៅ​ទីលាន​​ស្តាត​ចាស់​ដែល​ជា​ទឹក​ដី​របស់​​ បឹង​កេត​ផ្ទាល់​ និង​​ជា​ទីលាន​​ស្មៅ​ធម្មជាតិ។ ​​ ​​

លោក​បន្ថែម​ថា សម្រាប់​ជំនួប​រវាង​​  Yangon United និង​ក្រុម  Lao Toyota FC នា​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥ ខាង​មុខ​នេះ​​​នៅ​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ក្រុម​ការងារ​​របស់​លោក រួម​ទាំង​លោក​​​មាន​គម្រោង​ទៅ​ទស្សនា​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​​ ផ្ទាល់​ ដើម្បី​កត់​សម្គាល់​មើល​ចន្លោះ​ប្រហោង​​ និង​ចំណុច​ខ្លាំង​​របស់​​​ Yangon។ ​​​

ក្រុម​បឹងកេត​អង្គរ​បាន​ចាប់​​ផ្ដើម​ប្រកួត​ទី​មួយ​របស់​ខ្លួន​យ៉ាង​ល្អ​ ដោយ​យក​ឈ្នះ​ម្ចាស់​ផ្ទះ​  Lao Toyota FC ២-០​កាល​ពី​​ថ្ងៃ​ទី​១ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​។ ​ចំណែក​ថ្ងៃ​ទី​២២ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥ ខាង​មុខ ​ក្រុម Yangon United ​របស់​មីយ៉ាន់ម៉ា ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ឡាវ​វិញ​ម្ដង ដែល​​​ធ្វើ​ឡើង​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ ​ប្រកួត​ចុង​ក្រោយ​ក្រុម​ខ្លាំង​ក្នុង​លីក​កំពូល​របស់​កម្ពុជា ​នឹង​ត្រូវ​ទទួល​ភ្ញៀវ​ក្រុម Yangon United ​នៅ​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ បន្ទាប់​ពី​៣​ប្រកួត​នេះ​ចប់ ក្រុម​ណា​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​​នឹង​បាន​​ឡើង​ទៅ​វគ្គ​បន្ទាប់​ ប៉ះ​​មួយ​ក្រុម Becamex Binh Duong FC ​របស់​វៀតណាម មុន​ឆ្លង​ទៅ​ប៉ះ​ថៃ​បន្ត​ទៀត៕