Header Ads

Sturridge របួស​ជា​ថ្មី មិន​អាច​​ប្រកួត​​ជម្រុះ Euro បាន​ទេ​

ខ្សែ​ប្រយុទ្ធ​ Daniel Sturridge នឹង​ត្រូវ​ខកខាន​ជួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ ក្នុង​វគ្គ​ជម្រុះ Euro ២០១៦ ទល់​នឹង​ក្រុម​លីទុយអានី​​​ នា​ថ្ងៃ​សុក្រ​នេះ​ ដោយសារ​​បញ្ហា​របួស​ត្រគាក។

Stu

កីឡាករ​ Liverpool ​វ័យ​២៥​ឆ្នាំ​រូប​នេះ ​បាន​​​រង​របួស​អំឡុង​​​ការ​ប្រកួត​រវាង ​Liverpool ​និ​ង​ Manchester United ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ មិន​ត្រឹមតែ​មិន​​អាច​ជួយ​ក្រុម​ក្នុង​ការ​ជម្រុះ​ Euro ២០១៦ ​នោះ​ទេ​ ​រូប​គេ​ក៏​នឹង​ត្រូវ​ខកខាន​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​រវាង​អង់គ្លេស​ និង​អ៊ីតាលី​នៅ​ទីក្រុង​ Turin​ ថ្ងៃ​អង្គារ​ ទី​៣១ ចុង​ខែ​នេះដែរ។

នេះ​មិន​មែន​ជា​រឿង​ថ្មី​សម្រាប់ Sturridge នោះ​ទេ ត្បិត​អី​កាល​ពី​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​កន្លង​មក​ក៏​អតីត​ខ្សែ​ប្រយុទ្ធ​ ក្រុម Chelsea មិន​បាន​លេង​​ដែរ ពោល​គឺ​បញ្ហា​របួស​បាន​​បង្ខំ​ឲ្យ​រូប​គេ​ខកខាន​ការ​ប្រកួត​ទល់​នឹង​ស្វីស សាន់ម៉ារីណូ អេស្តូនី និង​ស្លូវើនៀ។

ក្រៅ​ពី​ Sturridge សមាជិក​ក្រុម​ Liverpool ម្នាក់​ទៀត គឺ Adam Lallana ក៏​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ដែរ ដោយ​សារ​របួស​​ក្រលៀន​ពេល​ប៉ះ​ក្រុម​លោក Louis van Gaal ដូច​គ្នា។

sturridge1
Sturridge ពេល​ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​កន្លង​មក

អង់គ្លេស​កំពុង​ឈរ​លើ​គេ​ក្នុង​​​ពូល E​ ដោយ​ឈ្នះ​ទាំង​៤ប្រកួត​ដំបូង លើស​ក្រុម​លេខ​​២ ដល់​ទៅ​៦ពិន្ទុ។ ក្រុម​កំពូល​តារាង​ទាំង​២ នឹង​ជាប់​ទៅលេង​នៅ Euro ២០១៦ ដោយ​ស្វ័យប្រវត្តិ៕

ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ bbc