Header Ads

U-21កម្ពុជាត្រូវការឈ្នះ​ មួយប្រកួតទៀតប៉ុណ្ណោះ ដើម្បីឡើងវគ្គ ១/២ផ្ដាច់ព្រ័ត្រ ពានស្ដេចប្រ៊ុយណេ

ភ្នំពេញ៖ ក្រោយទទួលបានជ័យជំនះ ២ប្រកួតផ្ទួន ក្នុងការប្រកួតបាល់ទាត់វគ្គជម្រុះពូលB នៃពានរង្វាន់ Hassanal Bolkiah Trophy 2014 (HBT) របស់ព្រះមហាក្សត្រប្រទេសប្រ៊ុយណេ ក្រុមជម្រើសជាតិអាយុក្រោម២១ឆ្នាំ (U-21)កម្ពុជា ត្រូវការជ័យជំនះតែ១ប្រកួតទៀតប៉ុណ្ណោះ ដើម្បីឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ដ ។
សម្រាប់ជោគជ័យ២ប្រកួតបើកឆាកក្នុងព្រឹត្តិការណ៍អន្ដរជាតិខាងលើនេះ បានធ្វើឲ្យអ្នកគាំទ្រវិស័យកីឡាកម្ពុជា ស្ងើចសរសើរយ៉ាងខ្លាំង ហើយក៏ជាក្ដីសង្ឃឹមផងដែរ ចំពោះការឈានឡើងទៅលេងនៅវគ្គបន្ដនោះ ។ ពេលនេះក្រុម U-21កម្ពុជា បាននឹងកំពុងឈរនៅកំពូលតារាងប្រចាំពូល B បណ្តោះអាសន្នដោយមាន៦ពិន្ទុក្នុងដៃ ដូច្នេះក្នុងចំណោម៣ប្រកួតចុងក្រោយឲ្យតែ U-21កម្ពុជា ឈ្នះ១ប្រកួត គឺមានឱកាសចូលរួមប្រកួតវគ្គ៤ក្រុមចុងក្រោយដោយស្វ័យប្រវត្តិហើយ ។
សូមរំឮកថា៦ពិន្ទុដែលក្រុម U-21កម្ពុជារកបានពីការប្រជម្រុះវិលជុំសន្សំពិន្ទុក្នុងពូល B គឺដោយសារប្រកួតឈ្នះក្រុមម្ចាស់ផ្ទះប្រ៊ុយណេ ក្នុងលទ្ធផលបច្ចេកទេស ១-០ និងបានបំបាក់ក្រុមសិង្ហបុរីកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ទៀតក្នុងលទ្ធផល ៣-១ ។
ដោយឡែកក្រុមដែលយុវជនអាយុក្រោម ២១ឆ្នាំកម្ពុជា ត្រូវជួបដើម្បីស្វែងរក ៣ពិន្ទុបន្ថែម គឺមានដូចជា U-21ម៉ាឡេស៊ី នៅថ្ងៃទី១៣ សីហា, ប៉ះក្រុម U-19ឥណ្ឌូនេស៊ី នៅថ្ងៃទី១៦ សីហា និងជួបជាមួយក្រុម U-19វៀតណាម នៅថ្ងៃទី១៨ ខែសីហាខាងមុខនេះ ។ ចាំមើល តើក្នុងចំណោម ៣ប្រកួតចុងក្រោយនេះ U-21កម្ពុជា អាចយកឈ្នះក្រុមណាខ្លះ ដើម្បីដណ្ដើមកៅអីវគ្គ១/២ផ្ដាច់ព្រ័ត្រនោះ?
ប៉ុន្ដែបើតាមទស្សនៈរបស់ក្រុមអ្នកវិភាគកីឡាក្នុងស្រុកបានបញ្ជាក់ថា ៣ប្រកួតចុងក្រោយ ក្រុមU-21កម្ពុជា អាចឈ្នះ១ប្រកួត ឬ២ប្រកួតទៀត ជាពិសេសគឺក្រុម U-21ម៉ាឡេស៊ី និងក្រុម U-19ឥណ្ឌូនេស៊ី ប៉ុន្ដែសម្រាប់ក្រុម U-19វៀតណាម ក៏មិនជាលើសខ្វះគ្នាប៉ុន្មានដែរ ដូច្នេះកៅអីវគ្គផ្ដាច់ព្រ័ត្រដឹងតែមានវត្តមានក្រុមជម្រើសជាតិអាយុក្រោម២១ឆ្នាំកម្ពុជាជាមិនខាន ៕