ល្បីថា Diego Costa មិនអាចលេងឲ្យ Chelsea ៦សប្ដាហ៍ដោយសាររបួសសរសៃពួរ
Diego Costa អាចខកខានលេងឲ្យ Chelsea ដល់ទៅ៦សប្ដាហ៍ដោយសាររងរបួសសរសៃពួរពេលកំពុងហ្វឹកហាត់ជាមួយសមាជិកក្រុមកាលពីថ្ងៃពុធម្សិលមិញ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Daily Post។

Costa អបអរក្រោយស៊ុតបញ្ចូលទីឲ្យ Chelsea កន្លងមក
ការរងរបួសនេះ នឹងធ្វើឱ្យខ្សែប្រយុទ្ធចំណូលថ្មីកំពុងឡើងជើងរូបនេះ មិនអាចចូលលេងបានទេពេល Chelsea ទៅសួរសុខទុក្ខ Everton ថ្ងៃសៅរ៍នេះ។ ចំពោះបញ្ហាដ៏ធំនេះដែរ អ្នកចាត់ការក្រុមតោខៀវ លោក Jose Mourinho មិនទាន់មានប្រតិកម្មអ្វីនៅឡើយទេ។
យ៉ាងណាក្ដី វេជ្ជបណ្ឌិតប្រចាំក្រុមនេះ បានចេញមកនិយាយថារបួសរបស់ Costa នឹងត្រូវការពេលព្យាបាលមិនយូរប៉ុន្មាននោះទេ ពោលគឺអាចជាមុនរយៈពេលរំពឹងទុកក៏ថាបាន។
របួសរបស់ខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញ វ័យ២៥ឆ្នាំរូបនេះ បានធ្វើឲ្យលោក Mourinho គ្មានជម្រើសខ្សែប្រយុទ្ធណាទៀតក្រៅពីកីឡាករជើងចាស់ Didier Drogba នោះទេ ខណៈ Fernando Torres រំពឹងថានឹងត្រូវខ្ចីជើងទៅលេងនៅ AC Milan។ វិបត្តិខ្សែប្រយុទ្ធនេះ បានធ្វើឲ្យពាក្យចចាមអារ៉ាមនៃការតាមទិញ Radamel Falcao ពីក្លឹប Monaco កាន់តែលេចខ្លាំងឡើង ស្របពេលទីផ្សារដោះដូរកីឡាករនៅ៤ថ្ងៃទៀតទើបចប់៕
Post a Comment