យ៉ានិច្ច ជម្នះចិត្តឪពុកម្តាយ ដើម្បីសម្រេចក្តីបំណង
រាជធានីភ្នំពេញ ៖ ស្ថិតក្នុងជីវភាពធូរធារដែលឪពុកមានឋានៈជាមន្ត្រីយោធាផ្កាយបី កញ្ញា យ៉ា និច្ច ត្រូវបានឪពុកម្តាយរៀបចំតម្រង់ទិសនៃគន្លងដំណើរជីវិតយ៉ាងល្អប្រសើរព្រមទាំងហាមប្រាមមិនឱ្យចូលសិល្បៈថែមទៀតផងតែបន្ទាប់ពីលោកទាំងពីរបានយល់នូវហេតុផលរបស់នាង និងចង់ឱ្យកូនសប្បាយចិត្តសម្រេចនូវបំណង ដែលជាក្តីស្រមៃនៃការប៉ុនប៉ង ចង់ក្លាយជាតារាដែលមានកេរ្តិ៍ឈ្មោះល្បីតាំងតែពីតូចមកនោះ ទើបលោកបានអនុញ្ញាតិ។ ផ្ទុយពីតារាសិល្បៈជាច្រើនដែលប្រឡូកក្នុងសិល្បៈដោយសារតែមានជីវភាពខ្វះខាត កញ្ញា យ៉ា និច្ច បានប្រាប់ថា នាងជាកូនច្បងក្នុងចំណោមបងប្អូន ៤នាក់(ស្រី២នាក់) ក្នុងគ្រួសារមានជីវភាពធូរធារដែលឪពុកជាមន្ត្រីយោធាផ្កាយបី។
ការដែលនាងចូលសិល្បៈគ្រាន់តែចង់បំពេញនូវក្តីស្រមៃដែលមានឧបនិស្ស័យស្រឡាញ់ និងចូលចិត្តសិល្បៈតាមពីតូចមកនោះតែប៉ុណ្ណោះ ពោលគឺតាំងពីនាងមានអាយុក្រោមឆ្នាំមកម្ល៉េះ ដោយបានទាំងធ្លាប់សម្តែងនិងច្រៀងឱ្យលោកអ្នកគ្រូបានស្តាប់ និងមើលផងដែរ។ លុះដល់ឆ្នាំ២០១២ នាងក៏បានចូលសិល្បៈតាមរយៈការណែនាំពីមិត្តភក្តិមួយចំនួនក្នុងរង្វង់សិល្បៈឱ្យស្គាល់ផលិតកម្មក្នុង និងក្រៅស្រុកជាច្រើន ទើបនាងមានឱកាសបានថតខារ៉ាអូខេ និងស្ពតពាណិជ្ជកម្មជាបន្តបន្ទាប់។ យ៉ា និច្ច បានបញ្ជាក់ឱ្យដឹងថា ដោយគ្រួសាររបស់ខ្ញុំមានកម្រិតជីវភាពធូរធារ ខ្ញុំចូលសិល្បៈគ្រាន់តែចង់បាននូវភាពល្បីឈ្មោះប៉ុណ្ណោះ រីឯរឿងប្រាក់កាសខ្ញុំពុំគិតជាធំឡើយ ដូច្នេះមិនថាការងារតូច ឬធំក្តី ក៏ខ្ញុំទទួលដើម្បីបានបទពិសោធន៍។ តារាវ័យ១៩ឆ្នាំ រូបនេះ បានបន្តថា គោលបំណងដ៏ធំរបស់ខ្ញុំក្នុងអាជីពសិល្បៈ គឺខ្ញុំចង់ក្លាយជាតារាចម្រៀងដ៏ល្បីម្នាក់ នៅក្នុងផលិតកម្មណាមួយ ដោយខ្ញុំកំពុងតែខិតខំហ្វឹកហាត់ពត់សំឡេងឱ្យបានល្អ។ កន្លងមកខ្ញុំគិតថា សំឡេងរបស់ខ្ញុំអាចច្រៀងបាន គ្រាន់តែមិនទាន់មានឱកាសបញ្ចេញនូវសមត្ថភាពប៉ុណ្ណោះ។
តារានេត្រាខ្មៅមុតថ្លាពេជ្រនិលច្នៃរូបនេះ បានបន្ថែមថា ខ្ញុំមិនធ្លាប់បានទៅរៀនពីលោកគ្រូអ្នកគ្រូ ឬក្នុងក្លឹបណានោះទេ តែដោយមានឧបនិស្ស័យ និងទេពកោសល្យពីកំណើតមកនោះ ទើបធ្វើឱ្យការងារសិល្បៈរបស់ខ្ញុំអាចប្រព្រឹត្តទៅដោយរលូន ហើយឧបសគ្គសម្រាប់ខ្ញុំមានតែមួយគត់ នោះគឺការហាមឃាត់ពីលោកប៉ាអ្នកមាក់ ព្រោះពួកគាត់គិតថាការងារសិល្បៈមិនឋិតថេរ ម្យ៉ាងទៀតខ្លាចប្រឡូកយូរៗទៅនាំឱ្យមានរឿងអាស្រូវកើតឡើងដូចតារាសិល្បៈមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសគ្រួសារ ប៉ុន្តែនៅពេលនេះ លោកទាំងពីរបានយល់ពីហេតុផល និងចង់ឱ្យខ្ញុំសប្បាយចិត្ត ដោយបានបំពេញនូវក្តីស្រមៃដែលខ្ញុំតែងតែប៉ុនប៉ងតាំងតែពីតូចមក បើទោះបីពួកគាត់មិនមានការជុំរុញទឹកចិត្តខ្ញុំខ្លាំង ក៏ពួកគាត់លែងហាមឃាត់ដូចមុនទៀតដែរ។
ក្រៅពីជាតារាសិល្បៈ យ៉ា និច្ច ជានិស្សិតពេទ្យឆ្នាំទី២ផ្នែកគិលានុបដ្ឋាយិការ ហើយការដែលនាងចង់ក្លាយជាគ្រូពេទ្យនេះ ជាគោលបំណង នៅពេលដែលនាងមានវ័យធំបន្តិច។ អាស្រ័យដោយមានទាំងរូបសម្ផស្សដ៏ស្រស់សោភា និងចំណេះដឹងថែមទៀតនោះ ប្រាកដណាស់ថា មានបុរសមិនតិចនាក់នោះទេ ដែលតាមសុំស្នេហ៍តារារូបនេះ តែត្រូវស្រស់កន្និដ្ឋាបដិសេធ ដោយនាងប្រាប់ថា មិនទាន់គិតរឿងស្នេហាឡើយ ដោយយកចិត្តទុកដាក់គិតតែរឿងការសិក្សា និងការងារតែប៉ុណ្ណោះ៕

Post a Comment