Header Ads

អ្នក​មាន​បុណ្យ ​Barcelona ​ទិញ​​ខ្សែ​ការពារ​ Mathieu ​ពី​ Valencia ​២៧​លាន​ដុល្លារ

ក្រុម​អ្នក​មាន​បុណ្យ​​ក្រោម​ការ​ដឹក​នាំ​ របស់​គ្រូ​បង្វឹក​ថ្មី​ Luis Enrique ​ដែល​បន្ត​ធ្វើ​កំណែ​ទម្រង់​ក្រុម ​បាន​ទិញ​ខ្សែ​ការពារ​អន្តរជាតិ​បារាំង​ ​Jeremy Mathieu ​​ពី​ក្រុម​ Valencia ​ក្នុង​តម្លៃ​​២០​លាន​អឺរ៉ូ​(​២៧​លាន​ដុល្លារ​អាមេរិក)។​

Mathieu ​វ័យ​៣០​ឆ្នាំ​ដែល​អាច​លេង​ការពារ​ឆ្វេង​ក៏​បាន​ការពារ​កណ្ដាល​ក៏​បាន ​យល់​ព្រម​ចុះ​កិច្ចសន្យា​៤​ឆ្នាំ​​ជាមួយ​ក្លិប​យក្ស​មាន​មូលដ្ឋាន​ក្នុង​ ទីក្រុង​ Barcelona។ ​ក្រុម​ជើងឯក​រង La Liga រដូវ​កាល​មុន បញ្ជាក់​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា​បន្ទាប់​ពី​ចុះ​កិច្ចសន្យា​រយៈ​ពេល​៤ ​ឆ្នាំ​រួច​តម្លៃ​ខ្លួន​របស់ Mathieu ពេល​នេះ​(buyout clause)​កើន​ដល់​៥០​លាន​អឺរ៉ូ។
Barca បរិយាយ​អតីត​កីឡាករ​របស់​ក្រុម​ Sochaux និង Toulouse កម្ពស់​១,៩២​ម៉ែត្រ​ខាង​លើ​​ដែល​ធ្លាប់​លេង​ឱ្យ​ជម្រើស​ជាតិ​បារាំង​បាន​២​ ប្រកួត ថា​ជា​ខ្សែ​ការពារ​មាន​កាយ​សម្បទា​រឹងមាំ​ដែល​អាច​លេង​បាន​ច្រើន​តំណែង​ ផ្សេង​ពី​គ្នា យល់​ពី​កាលៈទេសៈ​ឈរ​ក្នុង​ទីតាំង​ត្រឹមត្រូវ បញ្ជា​បាល់​បាន​ល្អ និង​ពូកែ​យក​បាល់​លើ។

នេះ ​ជា​សមាជិក​ថ្មី​ទី​៥​ដែល​ Barca នាំ​ចូល បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​ Luis Suarez ​ពី Liverpool, ខ្សែ​បម្រើ​ជម្រើស​ជាតិ​ក្រូអាត ​Ivan Rakitic ​ពី Sevilla, អ្នកចាំទី​ជម្រើស​ជាតិ​អាល្លឺម៉ង់​ Marc-Andre Ter Stegen ​ពី​ Borussia Mönchengladbach, និង​អ្នកចាំទី​ជម្រើស​ជាតិ​ស៊ីលី​ Claudio Bravo ​ពី​ក្រុម​ Real Sociedad។ ​តែ​ទន្ទឹម​នេះ​ក៏​មាន​ការ​ចាកចេញ​មួយ​ចំនួន​ដែរ​ដូច​ជា​ Cesc Fabregas ​ទៅ​ Chelsea, Alexis Sanchez ​ទៅ​ Arsenal, Bojan Krkic ​ទៅ​ Stoke City, Victor Valdes ​ផុត​កិច្ចសន្យា ​និង​ Carles Puyol ​ចូល​និវត្តន៍៕