កូស្ដារីកាឈរលើគេក្នុងពូលមរណៈជាមួយអ៊ីតាលី ខណៈអ៊ុយរុយហ្គាយ អង់គ្លេស ដេកស្អាត (
អ្នកណាៗក៏ថាកូស្ដារីកាជាក្រុមទន់ជាងគេក្នុងពូល D ដែលត្រូវបានគេចាត់ទុកថាជាពូលមរណៈដែរ ប៉ុន្តែលទ្ធផលបានក្រឡាប់ចាក់មិនដូចការគិតរបស់ប្រិយមិត្តជាច្រើននោះទេ។ ប្រកួតដំបូងក្នុងពូល នាម៉ោង២រំលងអាធ្រាត្រយប់មិញ ក្រុមមកពីអាមេរិកកណ្ដាលមួយនេះ បានបំបាក់គូប្រជែងមកពីអាមេរិកខាងត្បូង អ៊ុយរុយហ្គាយ ៣-១ យ៉ាងគួរឲ្យភ្ញាក់ផ្អើល។

កីឡាករក្រុមកូស្ដារីកាអបអរក្រោយស៊ុតបញ្ចូលទី
ភ្ញាក់ផ្អើលត្រង់ថា អ៊ុយរុយហ្គាយជាក្រុមលេខ៤ កាលពីឆ្នាំ២០១០ ហើយក៏ជាក្រុមដែលប្រិយមិត្តសឹងទាំងអស់របស់ Sabay ទស្សន៍ទាយថានឹងឈ្នះការប្រកួតនេះ។ ចាប់ផ្ដើមការប្រកួតបាន២៤នាទី Edinson Cavani បានបំប៉ោងសំណាញ់ទីឲ្យអ្នកគាំទ្រអ៊ុយរុយហ្គាយមានទឹកមាត់លេបដោយសារស៊ុតបាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែចូលតង់ទី២ កូស្ដារីកា បានសងវិញយ៉ាងចាស់ដៃ។ ៣គ្រាប់វាយបករបស់ក្រុមលោក Jorge Luis Pinto ធ្វើបានដោយ Joel Campbell (នាទី៥៤), Oscar Duarte (៥៧) និង Marco Urena (នាទី៨៤)។
ងាកមកមើលអង់គ្លេស ដែលជាក្រុមសំណព្វចិត្តរបស់ប្រិយមិត្តភាគច្រើននោះវិញ មិនអាចបង្កភាពភ្ញាក់ផ្អើលដូចកូស្ដារីកាបានឡើយ។ ក្រុមដែលសម្បូរកីឡាករក្មេងៗមួយនេះ ត្រូវក្រុមជើងឯកឆ្នាំ២០០៦ អ៊ីតាលី ស៊ី ២-១ ក្នុងការប្រកួតដែលបញ្ចប់ទៅកាលពីព្រឹកមិញនេះ។ អ៊ីតាលី បានបំបែកពងមាន់នៅនាទី ៣៥ ដោយ Claudio Marchisio ប៉ុន្តែខ្សែប្រយុទ្ធ Daniel Sturridge បានស៊ុតឲ្យអង់គ្លេសតាមស្មើវិញនៅ២នាទីបន្ទាប់។ Mario Balotelli ជាអ្នករកគ្រាប់ជ័យជម្នះឲ្យអ៊ីតាលី ដោយការតែតបញ្ចូលទីនៅនាទី៥០។

កីឡាករអ៊ីតាលីទាំងអ្នកលេង និងអ្នកបម្រុងនាំគ្នាអបអរ
ក្រោយការប្រកួតទាំង២គូក្នុងពូល D ក្រុមកូស្ដារីកា ឈរនៅលើគេបណ្ដោះអាសន្ន តាមពីក្រោយដោយអ៊ីតាលី ខណៈអង់គ្លេស និងអ៊ុយរុយហ្គាយ ប្រជែងគ្នានៅបាតតារាង។
ចំណែក២គូទៀតក្នុងពូល C វិញ គឺកូឡុំប៊ី បានបំបាក់ ក្រិក ៣-០ ខណៈជប៉ុន និងកូឌីវ័រ ដែលចាប់ផ្ដើមប្រកួតនៅម៉ោង៨ព្រឹក នៅមិនទាន់ចប់នៅឡើយទេ។





Post a Comment