Header Ads

សំ វ៉ាន់ដេត៖ «គូ​ប្រជែង​សំខាន់​របស់​ស្វាយរៀង​ថ្ងៃ​នេះ​គឺ​ត្រជាក់»

លោក សំ វ៉ានដេត គ្រូ​បង្វឹក​ក្រុម​​បាល់ទាត់​ខេត្ត​ស្វាយរៀង របស់​កម្ពុជា​ ដែល​កំពុង​ដឹកនាំ​ក្រុម​​ទៅ​ប្រកួត​ជម្រុះ​ក្នុង​ពាន​រង្វាន់ AFC President’s Cup 2014 ក្នុង​ពូល C នៅ​ប្រទេស​ម៉ុងហ្គោលី​ថា ការ​ប្រកួត​ថ្ងៃ​នេះ​ជាមួយ​ក្រុម Manang Marshyangdi Club របស់​នេប៉ាល់​​​នៅ​ល្ងាច​នេះ​គ្មាន​បញ្ហា​ចោទ​ទេ​សម្រាប់​​ក្រុម​លោក ប៉ុន្តែ​អ្វី​ដែល​ពិបាក​សម្រាប់​កីឡាករ​​នៅ​ទីនោះ​​គឺ​ត្រជាក់​ខ្លាំង​ណាស់។
សន្និសិទ្នសារព័ត៌មាន​កាល​ពី​ម្សិលមិញ (រូបថត៖ FBប្រាក់ មុន្នីឧត្តម)
តាម​ពិត​ក្រុម​កម្ពុជា​ត្រូវ​ប្រកួត​បើកឆាក​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ Erchim ទេ ប៉ុន្ដែ​ថ្មីៗ​នេះ​ខាង​គណៈកម្មការ​រៀបចំ​កម្មវិធី​ប្រកួត​មាន​ការ​ផ្លាស់​ប្ដូរ​គូ។ ប្រកួត​បើក​ឆាក​នេះ​​រវាង​ក្រុម​ទាំង ២ នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៥ ល្ងាច​តទៅ (ម៉ោង ៤ នៅ​កម្ពុជា) ​នៅ​វាល​ស្មៅ​កីឡដ្ឋាន  Mongolia Football Federation Stadium ដោយ​មាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​របស់​ម៉ុងហ្គោលី​ថែម​ទៀត​ផង។
តាម​ទីតាំង​ភូមិសាស្រ្ត​នៅ​ខែ​នេះ​​នៅ​ម៉ុងហ្គោលី ថ្ងៃ​រះ​នៅ​វេលា​ម៉ោង ៥ : ៣៥ នាទី​ព្រឹក និង លិច​​ទៅ​វិញ​នៅ​ម៉ោង ៨: ០៤ នាទី​យប់។
ឆ្លើយឆ្លង​តាម​ហ្វេសបុក​​មក​ពី ទីក្រុង Ulaanbaatar លោក​ សំ វ៉ាន់ដេត បន្ថែម​ថា ៖«ក្រុម​យើង​នៅ​ទីនេះ​​មិន​មាន​ជួប​បញ្ហា​បច្ចេកទេស ឬ អាហារ អ្វី​នោះ​ទេ តែ​រឿង​សំខាន់​តែ​មួយ​គត់​គឺ ត្រជាក់ ព្រោះ​​ពេល​ថ្ងៃ​អាកាស​ធាតុ ត្រឹម ១២​ អង្សា​សេ​ បើ​ពេល​ព្រឹក​វិញ​គឺ​ប្រហែល ២ ឬ ៣ អង្សា​សេ​ធ្លាក់​​មាន​ធ្លាក់​ព្រិល​ទៀត ហើយ​​កីឡាករ​​យើង​មួយ​ចំនួន​ហូរ​ឈាម​ច្រមុះ​ពេល​ហ្វឹកហាត់​​ទៀត​ផង»។
លោក​គ្រូ​បង្វឹក​កម្ពុជា​រូប​នេះ​បន្ត​​ថា៖ «ដើម្បី​ខ្មែរ​តំណាង​ខ្មែរ​គាំទ្រ​ខ្មែរ​ យើង​ជា​ខ្មែរ​ទាំង​អស់​គ្នា​ខ្ញុំ​នឹង​ប្រឹងប្រែង​អោយ​ដល់​ទីបញ្ចប់»៕