Header Ads

ប៉ូលិស​​និង​កង​​សន្តិសុខ​មួកខ្មៅ​​​​ប្រើ​​ហិង្សាធ្វើ​ឲ្យ​​​របួស​​មនុស្ស​៥នាក់​ក្នុង​ទិវាពលកម្ម​អន្តរជាតិ

មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​អះអាង​ថា យ៉ាង​ហោច​មាន​មនុស្ស​ចំនួន​៥នាក់​បាន​រង​របួស​ធ្ងន់ស្រាល ដោយ​សារ​ប៉ូលិស និង​កង​សន្តិ​សុខ​ខណ្ឌ​ដូនពេញ​វាយសំពង​បង្ក្រាប​ការ​ប្រមូល​ផ្តុំ នៅក្បែរ​ស្ពាននាគ នៅ​ក្នុងពិធី​អបអរ​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ លើកទី១២៨ ព្រឹក​ថ្ងៃទី១ ខែឧសភា​។
លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​អង្គការ​លីកាដូ ដែល​តាម​ឃ្លាំមើល​ការប្រមូលផ្តុំ បាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​នោះ​កើតឡើង​នៅក្រោយ​ពេល​​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​បញ្ចប់​ការ​​ថ្លែង​សន្ទរកថា​របស់​ខ្លួន​នៅម៉ោង​ជាង ១០ព្រឹក និង​បាន​​អំពាវនាវ​ដល់​អ្នកគាំទ្រ​ហែ​ក្បួន​ទៅ​កាន់​ទីស្នាក់ការ​របស់​ខ្លួន​វិញ។
លោក​បន្តថា នៅ​ពេល​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង វិល​ពី​ការប្រមូលផ្តុំ​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ ដែល​ហ៊ុំព័ទ្ធ​ទៅ​​ដោយ​បន្លា​លួស និង​កង​កម្លាំង​បង្ក្រាប​បាតុកម្ម​រដ្ឋា​ភិបាល​រាប់រយ​នាក់ ក៏​ឃើញ​មាន​កង​សន្តិសុខ​មួកខ្មៅ​របស់​ខណ្ឌដូនពេញ​មាន​ចំនួន​រាប់​រយ​នាក់​បាន​ចេញ​មក​វាយ​សំពង​ទៅ​លើ​កម្មករ និង​ប្រជាពលរដ្ឋ ដែល​មាន​វត្តមាន​នៅម្តុំ​ស្ពាននាគ។
លោក អំ សំអាត ឲ្យដឹងថា ​អំពើ​ហិង្សា​នោះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៥នាក់​រង​របួស ដោយ​អ្នក​របួស ៣នាក់​បាន​ទៅ​រកសេវា​ព្យាបាល​នៅ​ពេទ្យ​អង្គការ​លីកាដូ​ នៅ​ម៉ោង​១១ថ្ងៃនេះ។
(សំឡេង លោក អំ សំអាត)
កង​កម្លាំង​សមត្ថកិច្ច​បាននិយាយថា ការបង្ក្រាប​របស់​ក្រុមខ្លួន ដោយសារ​តែការប្រមូលផ្តុំ របស់​ក្រុម​កម្មករ ឬ​ប្រជា​ពលរដ្ឋទាំងនោះ​គ្មានច្បាប់អនុញ្ញាតិ និងប្រមូល​ផ្តុំ​បែប​អនាធិបតេយ្យ។
ទិវា​ពលកម្ម​អន្តរជាតិ​ឆ្នាំនេះ កម្លាំង​ចម្រុះ​រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​រាប់​ពាន់​នាក់ និង​គ្រប់​ផ្លូវ ក្បែរ​ស្ថាប័ន​សំខាន់ៗ នៃរាជ​រដ្ឋាភិបាល នៅ​ទីក្រុង​ភ្នំពេញ។
ទោះ​មាន​ការបង្ក្រាប និង​រារាំង​ពី​សមត្ថកិច្ច​បែបណា ក្រុម​មេដឹកនាំ​សហជីព​ និងកម្មករ បាន​ដើរ​ហែ​ក្បួន យក​ញត្តិ​ដាក់​ជូន​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ទៅដល់​​ទីស្នាក់ការ​គណបក្ស​និមួយៗ​​ ប៉ុន្ទាប់ពី​បរាជ័យ​ក្នុងការដាក់​ញត្តិ​ជូន​រដ្ឋ​សភា នៅព្រឹកថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៤​៕