Header Ads

Jose Mourinho ចង់ដកថយ ទុកឱកាសអោយ ហង្សក្រហម Liverpool លើកពាន Premier League

បន្ទាប់ពីការប្រកួត ០ទល់នឹង០ ជាមួយ Atlético Madrid នាទឹកដី Estadio Vicente Calderón ក្នុងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ ក្របខ័ណ្ឌ UEFA Champions League កាលពីរាត្រីយប់រំលងអាធ្រាត ម្សិលមិញនេះ គ្រូបង្វឹកតោខៀវ Chelsea លោក Jose Mourinho បានបង្ហើបថា លោកចង់ដកថយ ក្នុងការប្រកួតប្រជែង ដណ្តើមពានរង្វាន់ EPL ជាមួយក្រុមហង្សក្រហម ដោយលោកនឹងដាក់ ក្រុមអន់អោយលេង ក្នុងជំនួបការប្រកួត ជាមួយហង្សក្រហម Liverpool នាទឹកដី Anfield នៅថ្ងៃអាទិត្យ ខាងមុខនេះ។
ក្រុមតោខៀវ Chelsea កំពុងតែជួបប្រទះវិបត្តិកីឡាករ ដោយគ្រាន់តែការប្រកួតម្សិលមិញនេះ អ្នកចាំទី Petr Cech និងខ្សែការពារ John Terry ត្រូវរងរបួស ខណៈខ្សែបម្រើ Eden Hazard ក៏មិនទាន់សះស្បើយ ពីរបួសនៅឡើយ។
លោកបាននិយាយថា លោកនឹងនិយាយជាមួយ ក្លឹបតោខៀវ Chelsea ពាក់ព័ន្ធនឹងរឿងនេះ ដោយលោកនឹងមិនដាក់ កីឡាករដែលលេងយប់មិញនេះ អោយលេងក្នុងជំនួប ជាមួយហង្សក្រហមឡើយ ដើម្បីទុកជើងលេង ជើងទីពីរ នាទឹកដី Stamford Bridge នៅថ្ងៃពុធ សប្តាហ៍ក្រោយ។
គួរបញ្ជាក់ផងដែរថា ក្រុមលេខ ១ ហង្សក្រហម បាននាំមុខ លេខ ២ តោខៀវ Chelsea ៥ ពិន្ទុ ដោយនៅមាន ៣ ប្រកួតនៅសល់។ ហេតុដូចនេះហើយ ការប្រកួតរវាង ម្ចាស់ផ្ទះ ហង្សក្រហម Liverpool ជាមួយនឹង តោខៀវ Chelsea នឹងសម្រេចម្ចាស់ពាន ដោយហង្សក្រហមត្រូវការ ឈ្នះរឺស្មើ ប៉ុណ្ណោះ នឹងអាចលើកពាន ជាស្ថាពរ ខណៈតោខៀវ Chelsea នឹងធ្វើគ្រប់យ៉ាង ដើម្បីរំលាយក្តីស្រមៃ លើកពានរបស់ហង្សក្រហម។





តើប្រិយមិត្តយល់យ៉ាងណាដែរ? តើក្រុមណា នឹងលើកពានរង្វាន់ Premier League?