Header Ads

មនុស្សស្លាប់ ក្នុងការលិចនាវា នៅកូរ៉េខាងត្បូង កើនឡើងដល់ ១០៨នាក់

ជិនដូ, (ស៊ិនហួ)៖ រហូតមកដល់រសៀលថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០១៤ នេះ ចំនួនមនុស្ស ស្លាប់ក្នុងការលិចនាវា នៅប្រទេសកូរ៉េខាងត្បូង បានកើនឡើងរហូត ដល់ ១០៨នាក់ហើយ ស្របពេលដែលប្រតិបត្តិការរុករក កំពុងបន្តនៅក្នុងនាវាដែលលិចនៅក្នុងទឹក ជម្រៅជាង ២០ ម៉ែត្រ អស់រយៈពេលមួយសប្តាហ៍មកហើយ។
ក្រៅពីមនុស្សស្លាប់ទាំង ១០៨នាក់នោះ មនុស្ស ១៩៤នាក់ផ្សេងទៀត នៅបន្តជាប់ខ្លួនក្នុង នាវានៅឡើយ ហើយដោយឡែកចំនួនមនុស្ស ដែលត្រូវគេសង្គ្រោះបាន ស្ថិតនៅតួលេខ ដដែល គឺ ១៧៤នាក់។ នេះបើតាមការលើកឡើងពីសំណាក់លោក កោះ ម្យុងសឿក អគ្គ នាយកនៃការិយាល័យបច្ចេកវិទ្យា និង បរិក្ខារ នៃឆ្មាំការពារ ឆ្នេរសមុទ្រ របស់កូរ៉ខាងត្បូង។
ទោះបីជាយ៉ាងណាក៏ដោយក្រុមសង្គ្រោះ នៅតែបន្តប្រតិបត្តិការរុករកក្នុងតួនាវា ដែលបាន លិចបាត់ទៅក្នុងទឹកសមុទ្រនោះ ហើយចំនួនមនុស្សអាចនឹងកើនឡើង ជាបន្តបន្ទាប់ទៀត។ សម្រាប់ជនជាតិចិនដែលបាត់ខ្លួនចំនួន ៤នាក់នោះ កាលពីថ្ងៃចន្ទ ត្រូវក្រុមសង្គ្រោះរកឃើញ សាកសព ជាបុរសចំនួនពីរនាក់ហើយ ប៉ុន្តែ សាកសពបន្តទៀតកំពុងត្រូវគេធ្វើការ កំណត់ អត្តសញ្ញាណ ជាមុនសិន ទើបបញ្ជូនដំណឹងទៅស្ថានទូតចិនតាមក្រោយ។
គួរបញ្ជាក់ថា នាវាដឹកអ្នកដំណើរឈ្មោះ សេវូល បានលិចនៅជិតកោះជិនឌូ ភាគនរិតីនៃ ប្រទេសកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃពុធ សប្តាហ៍មុននេះ ដោយវាដឹក មនុស្សចំនួន ៤៧៦នាក់ ក្នុងនោះ ៣២៥នាក់ជាសិស្សវិទ្យាល័យ ដានវ៉ុន និង ១៤នាក់ទៀតជាគ្រូបង្រៀន។ មូលហេតុ នៃការលិចនាវានោះ ទំនងជាបណ្តាល មកពីការបញ្ជាខុសបច្ចេកទេស គឺការបត់ប្តូរទិសដៅក្នុងល្បឿនលឿនពេក៕

Photo by DAP-News

No comments