ក្រុមហេគឃឺអនាមិកកម្ពុជា ០២នាក់ ជាប់ពាក់ព័ន្ធការវាយប្រហារតាមបច្ចេកវិទ្យាព័ត៌មាន ត្រូវបានឃាត់ខ្លួន
អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ
បានឃាត់ខ្លួនក្រុមហេគឃឺអនាមិក (Hacker) កម្ពុជាចំនួន០២នាក់
ដែលជាប់ពាក់ព័ន្ធការវាយប្រហារទ្រង់ទ្រាយធំមកលើបណ្តាញបច្ចេកវិទ្យា
ព័ត៌មានរបស់ស្ថាប័នជាតិសំខាន់ៗ នាពេលកន្លងមក។
យោងតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាន
នគរបាលជាតិ ចេញផ្សាយនៅថ្ងៃទី២២ ខែមេសានេះ ឲ្យដឹងថា
បន្ទាប់ពីតាមដាន និងសហការស្រាវជ្រាវជាមួយស្ថាប័នFBI
ប្រចាំកម្ពុជាអស់រយៈពេលប្រមាណ០៨ខែ មកហើយនោះ កាលពីថ្ងៃទី០៧
ខែមេសា ឆ្នាំ២០១៤ សមត្ថកិច្ចនាយកដ្ឋានសន្តិសុខផ្ទៃក្នុង
បានឃាត់ខ្លួនជនសង្ស័យពីរនាក់
ដែលជាក្រុមហេគឃឺអនាមិក(Hacker)កម្ពុជា រួមមានឈ្មោះ ប៊ុន
ឃីងមង្គលបញ្ញា ហៅ SexmachineឬBlackcyber ភេទប្រុស អាយុ២១ឆ្នាំ
និងម្នាក់ទៀត ឈ្មោះ ជូ សុងហេង ហៅZoro ភេទប្រុសអាយុ២១ឆ្នាំ
ជានិស្សិតឆ្នាំទី០៣ នៅសាកលវិទ្យាល័យ SETEC។
គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាល
ជាតិ បន្តថា ក្រុមហេគឃឺអនាមិកកម្ពុជា បានធ្វើសកម្មភាព
វាយប្រហារធ្វើឲ្យរអាក់រអួលមិនដំណើរការគេហទំព័រ(DDos)
ជ្រៀតចូលបណ្តាញព័ត៌មានវិទ្យាដោយខុសច្បាប់
លួចទិន្នន័យសម្ងាត់ជាតិពីប្រព័ន្ធព័ត៌មាន
និងការកែទំព័រដើមនៃគេហទំព័រ ទៅលើស្ថានប័នជាតិសំខាន់ៗ ប្រមាណ៣០
និងស្ថាប័នឯកជនមួយចំនួនទៀត
ចាប់តាំងពីមុនការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៣
ក្នុងនោះមានដូចជា គេហទំព័រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងការបរទេស ក្រសួងការពារជាតិ
និងសាលារាជធានីភ្នំពេញ ជាដើម។
បើតាមគេហទំព័រដដែល
បច្ចុប្បន្នជនសង្ស័យទាំងពីរនេះ
ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ
ដើម្បីចាត់ការតាមនីតិវិធី។ យោងតាមមាត្រា ៤២៧, ៤២៨, ៤២៩
នៃក្រមព្រហ្មទណ្ឌ ជនសង្ស័យ ត្រូវប្រឈមនឹងការពិន័យជាប្រាក់ពី ១០០
០០០(មួយសែន)រៀល ដល់ ៤០០០ ០០០(បួនលាន)រៀល
និងអាចជាប់ពន្ធនាគាពី០១ខែ រហូតដល់០២ឆ្នាំ៕

Post a Comment