Header Ads

សាក​ទាយ​មើល៍​ថា Juventus និង Real នរណា​ឈ្នះ​យប់​នេះ?

ក្រុម​​យក្ស​ម្ចាស់​ជើង​ឯក​អ៊ីតាលី​៣១​សម័យ​កាល Juventus នឹង​បើក​ទ្វារ​ Juventus Stadium ​នៅ​ទីក្រុង​ Turin ស្វាគមន៍​ក្រុម​ម្ចាស់​ជើង​ឯក​អឺរ៉ុប​១០​សម័យ​កាល Real Madrid ក្នុង​ការ​ប្រកួត​ UEFA Champions League ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ជើង​ទី​១ វេលា​ម៉ោង​០១:៤៥​នាទី​រំលង​អាធ្រាត្រ​យប់​នេះ។

0

​Juventus និង ​Real Madrid សុទ្ធ​សឹង​តែ​ជា​​ក្រុម​ដែល​មាន​បទពិសោធន៍​ច្រើន​ ក្នុង​ការ​ប្រកួត​ធំៗ ខណៈ​ដែល​​សរុប​រួម​គ្នា​ ក្រុម​ទាំង​ពីរ​នេះ​ធ្លាប់​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​កំពូល​ អឺរ៉ុប​ បាន​ដល់​ទៅ​២០​ដង។ ​ប្រិយ​មិត្ត​សាក​ទាយ​មើល៍​ថា ​ម្ចាស់​ផ្ទះ​ Juventus ឬ​​ក្រុម​ភ្ញៀវ Real ជា​អ្នក​ឈ្នះ​យប់​នេះ?

​សម្ដី​អ្នកចាត់ការ៖

2

លោក​ Massimiliano Allegri អ្នក​ចាត់ការ​ក្រុម​ម្ចាស់​ផ្ទះ​ Juventus បាន​និយាយ​​មុន​ការ​ប្រកួត​ដ៏​ធំ​យប់​នេះ​ថា៖ “ពួកគេ​ជា​​ម្ចាស់​ជើង​ឯក​អឺរ៉ុប បើ​ប្រៀប​ធៀប​ជាមួយ​យើង​ ពួកគេ​​ជា​ក្រុម​ល្អ​ជាង ប៉ុន្តែ​ក៏​មិន​មាន​ន័យ​ថា យើង​ត្រូវ​ចាញ់​ដែរ។ ក្នុង​ការ​ប្រកួត​ធំ​ដូច​នេះ បើ​យើង​​លេង​​មិន​បាន​ល្អ​ឥត​ខ្ចោះ​ទេ យ៉ាង​ហោច​ណាស់ ក៏​​ទម្រង់​ប្រយុទ្ធ និង​ការពារ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​អស្ចារ្យ​ដែរ។ ខ្ញុំ​គិត​ថា ការ​ប្រកួត​ដូច​នេះ មិន​មែន​បញ្ចប់​ទៅ​ដោយ ០-០ ទេ ដូច្នេះ​យើង​ត្រូវ​តែ​ប្រយុទ្ធ”។


1

រីឯ​លោក​ Carlo Ancelotti អ្នកចាត់ការ​ក្រុម​ភ្ញៀវ​អធិរាជ​ស Real ក៏​បាន​និយាយ​ផង​ដែរ​ថា៖ “យើង​គ្រប់​គ្រង​បាល់​បាន​ច្រើន​កាល​ពី​ប្រកួត​ទល់​នឹង​ Atlético ​ប៉ុន្តែ​ Juventus គឺជា​ក្រុម​មួយ ដែល​តែង​តែ​លេង​គ្រប់គ្រង​បាល់​បាន​ច្រើន​ជាង​គូ​ប្រកួត ដូច្នេះ​សំខាន់​បំផុត​យើង​ត្រូវ​តែ​លេង​ឲ្យ​ល្អ​ឥត​ខ្ចោះ និង​បង្ហាញ​ពី​សមត្ថភាព​របស់​យើង។ យើង​ចង់​លេង​ទម្រង់​ប្រយុទ្ធ ដូច្នេះ​យើង​​នឹង​លេង​បុក​ច្រើន ប៉ុន្តែ​ប្រព័ន្ធ​ការពារ​ក៏​ត្រូវ​តែ​ល្អ​ដូច​គ្នា”។

ជើង​កីឡាករ៖

4

ម្ចាស់​ផ្ទះ​ Juventus នឹង​អវត្តមាន​កីឡាករ​សំខាន់ៗ​ច្រើន​ ដោយ​សារ​របួស​ដូច​ជា Pogba (សរសៃពួរ), Asamoah (ជង្គង់), Cáceres (កជើង), Marrone (ភ្លៅ), , Rômulo (ក្រលៀន)។ ដូច្នេះ​១១​នាក់​ដំបូង​​របស់​ ក្រុម​ខ្លាំង​អ៊ីតាលី​ អាច​ជា៖ Buffon; Lichtsteiner, Bonucci, Chiellini, Evra; Marchisio, Pirlo, Vidal; Pereyra; Morata និង Tévez។


3

ចំណែក​ឯ​ក្រុម​ភ្ញៀវ Real ​វិញ នឹង​អវត្តមាន​កីឡាករ​សំខាន់​ៗ តែ​ពីរ​រូប​ទេ ពោល​គឺ​ Modrić និង​ Benzema របួស​ជង្គង់​ដូច​គ្នា ប៉ុន្តែ​ Bale ​អាច​ចូល​លេង​បាន​វិញ​ហើយ។ ដូច្នេះ​១១​នាក់​ដំបូង​ របស់​ក្រុម​ខ្លាំង​អេស្ប៉ាញ អាច​ជា៖ Casillas; Carvajal, Pepe, Varane, Marcelo; James, Kroos, Ramos, Isco; Bale និង Ronaldo។

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

ក្រុម​ទាំង​ពីរ​នេះ ធ្លាប់​ជួប​គ្នា​១៦​ដង ក្នុង​ការ​ប្រកួត Champions League ដោយ​ក្នុង​នោះ ​Juventus ឈ្នះ​៧, Real Madrid ឈ្នះ​៨ និង​ស្មើ​គ្នា​១។ ប៉ុន្តែ​ជួប​គ្នា​ចុង​ក្រោយ កាល​ពី​រដូវ​កាល​មុន នៅ​ក្នុង​វគ្គ​ចែក​ពូល Real ឈ្នះ ២-១ នៅ​អេស្ប៉ាញ និង​ស្មើ​​គ្នា ២-២ នៅ​អ៊ីតាលី។

​​Juventus ដែល​ជា​ម្ចាស់​ជើង​ឯក​កំពូល​​អឺរ៉ុប​២​សម័យ​កាល មិន​ដែល​ចាញ់​ក្នុង​ទឹក​ដី​ខ្លួន​ឯង​ទេ ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ UEFA  ១២​ប្រកួត​ចុង​ក្រោយ។ ប៉ុន្តែ​ Real ជា​ក្រុម​មួយ​ខ្លាំង​ក្រៅ​ដី​ ពោល​គឺ​១១​ប្រកួត​ក្រៅ​ដី​ចុង​ក្រោយ​នៅ Champions League អធិរាជ​ស ឈ្នះ​៨​ប្រកួត ​​​ស្មើ​២ និង​ចាញ់​១៕