Header Ads

កា​មេ​រូន និង​កូត​ឌីវ័រ នឹង​ត្រូវ​ធ្វើ​ការ​ប្រ​កួត​កាត់​សេច​ក្តី​ក្នុង​ពូល D រាត្រី​នេះ

សុភា​សិត​កាល​ពី​អតីត​កាល​មួយ​​ដែល​​លើក​ឡើង​ថា រាល់​អ្វី​ៗ​ទាំង​អស់​នឹង​ត្រូវ​កាត់​សេច​ក្តី​នៅលើ​ទីលាន​ប្រកួត អាចនឹង​មិន​មានលក្ខណៈ​​ពិត​ប្រាកដ​ឡើយ​ចំពោះ​ករណី​ក្នុង​ពូល D ក្នុង​ព្រឹត្តិការណ៍ Africa Cup of Nations នៅ​ឆ្នាំ​នេះ​។ រាល់​ក្រុម​ទាំង​អស់​​ក្នុង​ពូល​នេះ សុទ្ធ​​សឹង​បាន​បញ្ចប់​ក្នុងលទ្ធ​​ផល​ស្មើ ១-១ ទាំង​ពីរ​លើក​ដូច​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិកូត​ឌី​ វ័រ កា​មេ​រូន ហ្គីណេ និង​ម៉ា​លី មាន​ពិន្ទុ​ ស្មើ​គ្នា​នៅ​មុន​ពេល​ការ​ប្រកួត​​ជុំ​ចុង​ក្រោយ​​ក្នុង​ពូល​ក្នុង​ទីក្រុង Malabo និង Mongomo នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​។ ការ​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ​ដូច​គ្នា​​ពីរ​ប្រកួត​ទៀត​នឹងមាន​ន័យ​ថា ការ​ចាប់​ឆ្នោត​​នឹង​ត្រូវ​ធ្វើឡើង​ដើម្បី​កាត់​សេចក្តី​ថា តើ​ក្រុម​ណា​នឹង​ត្រូវ​ឈាន​ទៅ​ប្រកួត​វគ្គ​​១/៤​ផ្តាច់​ព្រ័ត្រ និង​ក្រុម​ណា​ត្រូវ​ធ្លាក់​ចេញ​។ 1 2
យុទ្ធ​នា​ការ​ក្នុង​ឆ្នាំ​២០១៥​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​កូត​ឌី​ វ័រ ​គឺ​ការ​ទទួល​ជ័យ​ជម្នះ និង​គេច​​ឲ្យ​ផុត​ពី​ជោគ​វាស​នា​​ស្រដៀង​គ្នា​មួយ ខណៈ​ដែល​ពួក​គេ​ត្រូវ​​ជួប​ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​កាមេ​រូន នា​កីឡ​ដ្ឋាន Estadio de Malabo​។ លោក​គ្រូ​បង្វឹក Herve Renard នឹង​ត្រូវ​អវត្តមាន​ខ្សែ​ប្រយុទ្ធ Gervinho ដែល​ត្រូវ​បំពេញ​ការ​ជាប់​ពិន័យ​ព្យួរ​ចំនួន​២​ប្រកួត​ក្រោយ​ពី​​ទទួល​បាន​ កាត​ក្រហម​បណ្តេញ​ចេញ​នៅពេល​ប្រកួត​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ហ្គី​ណេ ខណៈ​ដែល​ខ្សែ​បម្រើ Cheick Tiote នឹង​ត្រូវ​ជាប់​ពិន័យ​ព្យួរ​១​ប្រកួត ក្រោយ​ពី​​ទទួល​រង​ការ​ពិន័យ​កាត​លឿង​​ក្នុង​ការ​ប្រកួត​​ពីរ​លើក​ជាប់​ៗ​ គ្នា​មក​ទល់ពេលនេះ​។ នៅ​ខណៈ​នោះ​ផង​ដែរ ខ្សែ​ប្រយុទ្ធ Max-Alain Gradel អាចនឹង​ចូល​លេង​ក្នុង​ជម្រើស​ដំ​បូង ក្រោយ​ពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី​​តាម​ស្មើ​​នៅពេល​ប្រកួត​​ជា​មួយនឹងក្រុម ​ជម្រើស​ជាតិម៉ា​លី​។ លោក Renard គ្រូ​បង្វឹក​របស់​កូត​ឌី​វ័រ បាន​ឲ្យ​ដឹង​ថា៖ «កាមេ​រូន មាន​កីឡាករ​សម្បូរ​ដោយ​បទ​ពិសោធ​ជា​ច្រើន​នៅ​​គ្រប់​តំបន់​ទាំង​អស់​។ សម្រាប់​យើង ក្រៅ​ពី Kolo Toure យើង​មិន​មាន​ខ្សែ​ការ​ពារ​រូប​​ណា​ដែល​មាន​បទ​ពិសោធ​ឡើយ​»​៕

កម្ម​វិធី​ប្រកួត​ថ្ងៃ​នេះ
Cameroon v Ivory Coas – 1 អ​ធ្រាត្រ
ជំនួប​បី​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ
19.11.14          Ivory Coast 0-0 Cameroon
10.09.14          Cameroon 4-1 Ivory Coast
15.02.11          Cameroon 2-0 Ivory Coast

Guinea v Mali – 1 អ​ធ្រាត្រ
ជំនួប​បី​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ
25.05.14          Mali 1-2 Guinea
28.07.13          Guinea 1-0 Mali
07.07.13          Mali 3-1 Guinea