ផន នីដា ហៅស្រីខួច ហួសចិត្តនឹងដំណឹងថា ធ្លាក់ខ្លួនឈឺព្រោះគ្មាន អ្នកស្រឡាញ់
ភ្នំពេញ៖ តារាចម្រៀងស្រី លេចមុខលេចមាត់ថ្មី ក្នុងផលិតកម្ម ហង្សមាស កញ្ញា ផន នីដា ហៅស្រីខួច ជាអតីតតារាចម្រៀងជ័យលាភី លេខ១ ក្នុងកម្មវិធី រ៉ុកស្ដារ ថ្មីៗនេះនាងបានចេញបទចម្រៀង កាយវិការ ក្នុងវ៉ុលថ្មីៗ របស់ផលិតកម្ម ហង្សមាស ហាក់បានបង្ហាញពីភាពលេចធ្លោរ របស់នាងមួយកម្រិតទៀត ។ អ្វីដែលនាងក្ដៅ ស្លឹកត្រចៀកបំផុត គឺនាងត្រូវបានបណ្ដាញ សារព័ត៌មានក្នុងស្រុកមួយចំនួន ចុះផ្សាយពីនាងថា នាងត្រូវស្គមរីងរៃ ដោយសារតែ ពិបាកចិត្តរឿងគ្មានអ្នកស្រឡាញ់ ។
ផន នីដា ហៅស្រីខួច បានសម្ដែងអារម្មណ៍ មិនសប្បាយទេ ចំពោះព័ត៌មានមិនល្អ សម្រាប់នាងជាស្ត្រីភេទ ព្រោះគ្មានអ្នកស្រឡាញ់សោះ ធ្វើមើលតែនាង មានទុក្ខធំប៉ុនភ្នំអ៊ីចឹង ។ ចំណែកឯមិត្តរបស់នាង ក្នុងហ្វេសបុក ក៏ហាក់សម្ដែងអាការៈ ហួសចិត្តជាមួយព័ត៌មាន និងព្យាយាមឲ្យនាងកាត់ចិត្ត ធ្វើអារម្មណ៍ឲ្យល្អប្រសើជាង។
ជួបជាមួយ LookingTODAY កញ្ញា ផន នីដា ហៅស្រីខួច បាននិយាយប្រាប់ថា "គួរឲ្យចង់សើចណាស់ព្រោះពេលសម្ភាសន៍ មិនបាននិយាយអ្វីសោះ ស្រាប់តែចេញមកបែបនេះ ហួសនិយាយតែម្ដង.." ។ នាងលើកឡើងទៀតថា បើសិនរឿងអ្វីផ្សេង នាងអាចទទួលយកបាន តែនេះនាងជាមនុស្សស្រី ហើយស្រីក្រមុំ បើសរសេមកបែបនេះ នាងខ្មាសគេណាស់ ហួសចិត្តពេកកន្លង រកអ្វីមកថ្លែងពុំបានទេ ។
កញ្ញា ស្រីខួច បានបន្ថែមថា ចំណែកឯរឿងការងារវិញ នាងកំពុងតែត្រៀមបទ ចម្រៀងបទថ្មីៗតែម្ដង ដើម្បីទាញប្រជាប្រិយភាព បន្ថែមទៀត ។ ម្យ៉ាងបទចម្រៀងនោះ សុទ្ធជាបទនិពន្ធថ្មី ព្រោះនាងហាក់មិនសូវកាក់កប នឹងបទចម្រៀងចំឡងទំនុកពីគេទេ ព្រោះត្រូវធ្វើតាមគេ ។ តែបើបទថ្មី គឺស្រួលសម្រាប់នាងទៅវិញ ព្រោះនាងបានបញ្ចេញនូវអ្វី ដែលនាងមាន មិនចាំបាច់កាច់កុងសំឡេងច្រើន ៕




Post a Comment