Header Ads

រ៉ូលីន ជំនួសតំណែងលោក ឃួន សិទ្ធិស័ក្តិ ក្នុងកម្មវិធី "សំនៀងចែងចាំង" បន្ទាប់ពីរងពាក្យរិះគន់

ភ្នំពេញ៖ ក្នុងពិភពសិល្បៈ តារាមានសមត្ថភាពច្រើន ស្ទើរមិនគួរឲ្យជឿ គឺលោក ជួប ច័ន្ទកក្កដា ហៅ Miss Photo City ដែលមហាជនជាច្រើន បានទទួលស្គាល់ថា ជាមនុស្សម្នាក់ មានសមត្ថភាពខ្ពស់ ក្នុងវិស័យសិល្បៈ ព្រោះលោកចេះច្រើនជំនាញ ទាំងដើរម៉ូដតាម តារាសិល្បៈនានា ចេះច្រៀងតាមលោកស្រី ប៉ែន រ៉ន លោក រិន សាវ៉េត លោក ណុប បាយ៉ារិទ្ធ និងតារាចម្រៀង ផ្សេងៗច្រើន។ សមត្ថភាពទាំងនេះ នាំឲ្យរ៉ូលីន ក្លាយជាអ្នកមាន ក្នុងមួយប៉ប្រិចភ្នែក គ្មានអ្នកណាស្មានដល់ ខណៈ រ៉ូលីន ពីមុនគ្រាន់តែ ជាក្មេងផាត់មុខ សាមញ្ញម្នាក់ប៉ុណ្ណោះ។
បច្ចុប្បន្ន រ៉ូលីន កំពុងតែលេចធ្លោខ្លាំង ក្នុងតំណែង គណមេប្រយោគក្នុងកម្មវិធី "ពេញចិត្តអត់? " របស់ទូរទស្សន៍ MYTV ដោយសារតែមាន អ្នកនាង កាតុ ជាដៃគូឌឺដង ដ៏ស័ក្តិសម គ្មានអ្នកណាអាចពូកែ បាញ់បោះពាក្យសម្ដី បានល្អ ដូចជាតារាពីរ ដួងនេះ ឡើយ ។ ថ្មីៗនេះ រូបភាពតាមបណ្ដាញ សង្គមហ្វេសប៊ុក បានបង្ហាញពីវត្តមាន របស់ រ៉ូលីន ក្នុងកម្មវិធី "សំនៀងចែងចាំង" ជាកម្មវិធីមួយ កំពុងតែមានការចាប់អារម្មណ៍ច្រើន ពីសំណាក់ទស្សនិកជន ក្នុងស្រុក និងក្រៅស្រុកអ្វីដែលសំខាន់ គឺកម្មវិធីនេះជាគូ ប្រជែង ដ៏សំខាន់ជាមួយកម្មវិធី "The Voice Cambodia" ជាកម្មវិធីប្រឡងចម្រៀងដូចគ្នា និង ផ្សាយចេញក្នុងម៉ោង តែមួយដូចគ្នាទៀត ។
វត្តមាន រ៉ូលីន ហាក់ចូលជំនួសលោក ឃួន សិទ្ធិស័ក្តិ គណកម្មការមួយរូប របស់សំនៀងចែងចាំង ដែលទទួលរង ការរិះគន់ច្រើន ជាងគេ ពិសេសរឿងដែលលោក បាននិយាយប្រាប់បេក្ខជន ឲ្យច្រៀងចេញពីក្បាល ពីត្រចៀកជាដើម ដែលសូម្បីតែ កញ្ញា ហង្សសុជាតា ក៏និយាយថា នាងច្រៀងជាង១០ឆ្នាំ មិនដែលឮរឿងរ៉ាវបែបនេះទេ។ បេក្ខជនខ្លះហាក់ទទួលរងការបំបាក់ផ្លូវចិត្ត ជាខ្លាំង ពីលោក ឃួន សិទ្ធិស័ក្តិ ព្រោះតែលោក ប្រើសំដីមុតៗ ដូចយកកាំបិតទៅចាក់បេះ ដូងអ្នកប្រឡង ។
ចំណែកឯលោក រ៉ូលីន មិនអាចសុំការបំភ្លឺបានទេ នៅថ្ងៃនេះ ។ ប៉ុន្តែវត្តមាន រ៉ូលីន ក្នុងកម្មវិធីនេះ អាចធ្វើឲ្យកម្មវិធី កាន់តែមានប្រជាប្រិយភាពខ្លាំង មួយកម្រិតទៀត ព្រោះ លោក រ៉ូលីន មាននិស្ស័យក្នុងបទចម្រៀងច្រើន ពិសេស មហាជនចូលចិត្ត ការនិយាយស្ដីរបស់លោក ភាគច្រើនតែងតែនិយាយអ្វី មានប្រយោជន៍ និងលើកទឹកចិត្ត ទៅកាន់អ្នកប្រឡង ៕