ប្រាក់ចំណេញ របស់SCG បានថយចុះ ខណៈប្រាក់ចំណូល កើនឡើង ក្នុងត្រីមាសទី១
SCG ក្រុមហ៊ុនផលិតស៊ីម៉ងត៍ ដ៏ធំបំផុត នៅតំបន់អាស៊ាន បានប្រកាសពី ការកើនឡើងនូវ ប្រាក់ចំណូល របស់ខ្លួន ក្នុងត្រីមាសទី១ ឆ្នាំ២០១៤នេះ ប៉ុន្តែប្រាក់ចំណេញ របស់ក្រុមហ៊ុន បែរជាថយចុះ ប្រមាណ ៥ភាគរយ ទៅវិញ ។
តាមរបាយការណ៍ ដែលបង្ហាញដោយ លោក Kan TraKulhoon នាយកប្រតិបត្តិរបស់ ក្រុមហ៊ុន អេស ស៊ី ជី (SCG) បានឱ្យដឹងថា ប្រាក់ចំណេញ របស់ក្រុមហ៊ុន SCG ក្នុងត្រីមាសទី១ មានរហូតដល់ ២៥៧ លានដុល្លារ ដែលមានការថយចុះ ៥% បើធៀបទៅនឹង រយៈពេល ដូចគ្នាកាលពីឆ្នាំ ២០១៣ ដែល បណ្តាលមកពី ការលក់ធាតុគីមី មានការធ្លាក់ចុះ។ ចំណែកឯ ប្រាក់ចំណូលពីការលក់ របស់ក្រុមហ៊ុន បានកើនឡើង ១១% បើធៀបនឹង រយៈពេលដូចគ្នា កាលពីឆ្នាំ២០១៣ គឺមានចំនួន ៣.៧២៨ លានដុល្ហារ ជាមួយការរីកលូតលាស់ របស់ អាជីវកម្មគ្រប់ផ្នែក។
ទោះជាយ៉ាងនេះក្តី តាមការអះអាងរបស់ក្រុមហ៊ុន បានឱ្យដឹងថា ប្រាក់ចំណេញ ក្នុងត្រីមាសទី១ ឆ្នាំ២០១៤នេះ បានកើនឡើង ៥% បើធៀបនឹង ត្រីមាសមុន ដោយទទួលបានពីការរីកលូតលាស់ តាមរដូវកាល នៃអាជីវកម្មស៊ីម៉ងត៍ និងសម្ភារៈសំណង់ និងការចាប់ផ្តើមឡើងវិញ របស់អាជីវកម្ម ក្រដាស។ ចំណែក ប្រាក់ចំណូលពី ការលក់ ក្នុងត្រីមាសទី១ ឆ្នាំនេះ បានកើនឡើង ១៧% បើប្រៀបនឹង ត្រីមាសមុន (ត្រីមាសទី៤ ឆ្នាំ២០១៣) ផងដែរ។
លោក Kan បានឲ្យដឹងថា “អេស ស៊ី ជី នៅតែបន្តពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងតំបន់អាស៊ាន ដើម្បី ក្លាយជាអាជីវកម្ម ឈានមុខគេ ក្នុងតំបន់នេះ។ ថ្មីៗនេះ ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន អេស ស៊ី ជី បានឯកភាពលើការវិនិយោគចំនួន ១.២៣៥ពាន់លានរៀល (៣០៨លានដុល្លារអាមេរិក) បង្កើត រោងចក្រស៊ីម៉ងត៍ទី១នៅ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។ ជាមួយនឹង សមត្ថភាព ផលិតចំនួន ១.៨ លានតោនក្នុងមួយឆ្នាំ រោងចក្រនេះរំពឹងថា នឹងអាចចាប់ផ្តើមដំណើរការ នៅដើមឆ្នាំ ២០១៧។ រោងចក្រនេះនឹងនាំមកនូវបច្ចេកវិទ្យា ផលិតស៊ីម៉ងត៍ ដ៏ទំនើប និងមិនប៉ះពាល់ដល់បរិស្ថាន ដែលនឹងក្លាយជាគំរូ អាជីវកម្មដ៏ល្អ និងបង្កើតនូវស្តង់ដាថ្មីមួយសម្រាប់ រោងចក្រស៊ីម៉ងត៍ផ្សេងៗទៀត ក្នុងប្រទេសនេះ”។
លោកថា ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន អេស ស៊ី ជី ក៏បានឯកភាព លើការបណ្តាក់ទុន សរុបចំនួន ២២៥ ពាន់លានរៀល(៥៦ លានដុល្លារអាមេរិក) សម្រាប់អាជីវកម្មក្រដាស អេស ស៊ី ជី ដើម្បីកែលម្អគ្រឿងចក្រ និងសម្ភារៈ ដែលប្រើក្នុងក្រុមហ៊ុន Thai Paper Co., Ltd ដើម្បីផលិតក្រដាស Glassine Paper ជាមួយនឹងសមត្ថភាពផលិតចំនួន ៦០.០០០ តោនក្នុងមួយឆ្នាំ។
ការវិនិយោគនេះ បានធ្វើឲ្យអាជីវកម្មក្រដាស អេស ស៊ី ជី ក្លាយជាក្រុមហ៊ុនផលិតក្រដាស Glassine Paper ទី១ នៅក្នុងតំបន់អាស៊ាន ដែលបម្រើដល់សេចក្តីត្រូវការ ដែលកំពុងមានកំណើន ទាំងក្នុង មូលដ្ឋាន និងក្នុងតំបន់។ ផលិតកម្មថ្មីនេះត្រូវគេរំពឹងថានឹងចាប់ដំណើរការនៅដើមឆ្នាំ ២០១៦។
នៅដើមខែមេសា ក្រុមហ៊ុនស៊ីម៉ងត៍-សម្ភារសំណង់ អេស ស៊ី ជី បានបណ្តាក់ទុនជាមួយក្រុមហ៊ុន Florim Ceramiche S.p.A. (ឬ “Florim”) ដែលជាក្រុមហ៊ុនសេរ៉ាមិច ឈានមុខគេមួយលើ សកលលោក ដើម្បីវិនិយោគលើផលិតកម្មសេរ៉ាមិច ទំនើបចុងក្រោយគេ។ ជាមួយនឹងទុន វិនិយោគ សរុបចំនួន ១៦លានដុល្លារអាមេរិក ក្រុមហ៊ុនស៊ីម៉ងត៍-សម្ភារសំណង់ អេស ស៊ី ជី នឹងក្តាប់ចំណែក ភាគហ៊ុនចំនួន ៣៣%។ រោងចក្រនេះនឹងត្រូវសាងសង់នៅ Bologna (ភាគខាងជើងប្រទេស អ៊ីតាលី) ជាមួយនឹង សមត្ថភាពផលិតចំនួន ៥ លាន sq. m. ក្នុងមួយឆ្នាំ ហើយត្រូវគេរំពឹងថា នឹងអាចចាប់ផ្តើម ដំណើរការ នៅដើមឆ្នាំ ២០១៥។
ក្នុងត្រីមាសទី១ ឆ្នាំ ២០១៤ អេស ស៊ី ជី មានប្រាក់ចំណូលពីការនាំចេញចំនួន ១.០០៦លានដុល្លារ អាមេរិក ដែលមានកំណើន ១២% បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ ២០១៣។ បច្ចុប្បន្ន ទំហំនាំចេញរបស់ អេស ស៊ី ជី មានចំនួន ២៧% ដែលមានការកើនឡើង ២% បើធៀបនឹងត្រីមាស ដូចគ្នាកាលពីឆ្នាំ ២០១៣។
សម្រាប់ដំណើរការអាជីវកម្មរួមរបស់ អេស ស៊ី ជី ក្នុងតំបន់អាស៊ាន (លើកលែងតែប្រទេសថៃ) ប្រាក់ចំណូលពីការលក់ក្នុងត្រីមាសទី១ ឆ្នាំ ២០១៤ មានកំណើន ២៤% បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ ២០១៣ មានចំនួន ៣១៤ លានដុល្លារអាមេរិក ស្មើនឹង ៩% នៃប្រាក់ចំណូល សរុបពីការលក់របស់ អេស ស៊ី ជី។
សម្រាប់លទ្ធផលអាជីវកម្មរបស់ អេស ស៊ី ជី នៅក្នុងប្រទេសកម្ពុជា អេស ស៊ី ជី បានចេញរបាយការណ៍ ប្រាក់ចំណូលពីការលក់ ក្នុងត្រីមាសទី១ ឆ្នាំ ២០១៤ មានចំនួន ៣១ លានដុល្លារអាមេរិក ដែលមាន ការកើនឡើង ៧% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៣។ ដោយយោងតាម របាយការណ៍ ក្នុងត្រីមាសទី១ ឆ្នាំ ២០១៤ អេស ស៊ី ជី នៅក្នុងប្រទេសកម្ពុជា មានទ្រព្យសរុបចំនួន ២១៣ លានដុល្លារអាមេរិក ដែលមានកំណើន ៧៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៣ ពីការវិនិយោគថ្មី លើរោងចក្រស៊ីម៉ងត៍ទី២ នៅខេត្តកំពត ដែលជារោងចក្រផលិតស៊ីម៉ងត៍ធំជាងគេ នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងសមត្ថភាពផលិត ០.៩ លានតោនក្នុងមួយឆ្នាំៗ ៕


Post a Comment