Header Ads

ក្លឹបអ្នកកាសែតកម្ពុជា ថ្កោលទោស សកម្មភាពហិង្សា លើអ្នក កាសែត នៅក្បែរទីលានប្រជាធិបតេយ្យ

 ភ្នំពេញ: ក្លឹប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) ថ្កោលទោស​យ៉ាងខ្លាំង​ក្លា ​ចំពោះ​សកម្មភាព​ហិង្សា​លើ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ បង្កឡើង​ដោយ​កងកម្លាំង​សន្តិសុខ​សណ្តាប់ធ្នាប់​ខណ្ឌ​(​ចម្រុះ​ខណ្ឌ​) កាលពី​រសៀល​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៤ នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​រាជធានី​ភ្នំពេញ ដែល​បណ្តាល​ឲ្យ​មាន​អ្នកកាសែត រងរបួស​ធ្ងន់​,​ទ្រព្យ សម្បត្តិ​ត្រូវ​បំផ្លាញ​,​ ម៉ាស៊ីនថតរូប​ត្រូវ​ដណ្តើមយក រួមទាំង​ការទទួល​រង​នូវ​ពាក្យ សម្តី​ជេរប្រមាថ​ធ្ងន់ធ្ងរ​។​

​ក្នុង​សេចក្តីថ្លែងការណ៍ ផ្សាយ​ថ្ងៃទី​៣ ខែឧសភា​នេះ ក្លឹប​អ្នកកាសែត​កម្ពុជា ​(​ក​.​អ​.​ក​) បាន​និយាយថា​ ការប្រើ​អំពើហិង្សា ដែល​មិនអាច​ទទួលយកបាន​នេះ កើតឡើង​នៅ ពេលដែល​ក្រុម​សន្តិសុខ សណ្តាប់ធ្នាប់​ខណ្ឌ បំបែក​ការជួបជុំ​ប្រមូលផ្តុំ​របស់​សកម្ម​ជន គ​ណ​បក្ស​សង្គ្រោះ​ជាតិ នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ ហើយ​អ្នកកាសែត​ទៅ​ប្រមូល​ព័ត៌មាន និង​ថត​ផ្តិត​យក​រូបភាព​។​

​តាម​របាយការណ៍ ដែល ក​.​អ​.​ក ទទួលបាន ក្នុង​ហេតុការណ៍​ហិង្សា​នោះ លោក​ឡាយ សា​មាន អ្នកយកព័ត៌មាន​រប​ស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ​(VOD) បាន​រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​ព្យាបាល​ឯកជន​មួយ ចំណែក​សម្ភារៈ​មួយចំនួន​របស់លោក ត្រូវ​កងសន្តិសុខ​រឹបអូស​។​ម៉ូតូ​របស់លោក​ចា ឌី​ណា អ្នក​ថតរូប​ឲ្យ​គេហទំព័រ សប្បាយ ត្រូវ​វាយបំផ្លាញ​។ ម៉ាស៊ីនថតរូប​របស់​អ្នកកាសែត​បរទេស​ម្នាក់​ត្រូវបាន​ដណ្តើមយក ហើយ​អ្នកកាសែតផ្សេងទៀត ​បាន​រង​ការគំរាមកំហែង​ចាប់យក​ម៉ាស៊ីនថតរូប និង​ការ​គំរាម​ប្រើ​អំពើហិង្សា​។​

​សេចក្តី​ថ្លែង​ការណ៍ បាន​ស្វាគមន៍​ប្រសាសន៍​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ថ្ងៃទី​ ២​ឧសភា ដែល​មានប្រសាសន៍ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា ថា ឆ្នាំនេះ ​បើទោះបីជា​អ្នកសារព័ត៌មាន មិនមាន​ការជាប់​ពន្ធ​នាគារ​ដោយសារ​ការនិយាយ ឬ​ការសរសេរ​ខុស ប៉ុន្តែ​មាន​អំពើហិង្សា បានកើត​ទៅលើ​អ្នកសារព័ត៌មាន ដែល​នេះ​ជា​ប្រការ​មួយ​គួរ​ឲ្យ​សោកស្ដាយ ដូច្នេះ​សំណូមពរ​ធ្វើយ៉ាងណា​បញ្ចៀស​ឲ្យ​បាន​នូវ​ការ ប្រព្រឹត្ត​អំពើហិង្សា​ទៅលើ​អ្នកសារព័ត៌មាន​។​

​ក​.​អ​.​ក អំពាវនាវ​ឲ្យ​អាជ្ញាធរ   គណបក្សនយោបាយ បញ្ឈប់​ជាបន្ទាន់​រាល់​ទម្រង់​ហិង្សា​ទាំងអស់​លើ​អ្នកសារព័ត៌មាន និង​អំពាវនាវ​ឲ្យ​ស្វែងរក​ជនដៃដល់​ផ្តន្ទាទោស​ដើម្បី​ផ្តល់​យុ​ត្តិ​ធ៌​ម​ដល់​អ្នកកាសែត​ដែល​រងគ្រោះ​៕T/s
អ្នកកាសែតបរទេស រងការព្រួតធ្វើបាបពីសំណាក់ក្រុមសន្តិសុខ
ក្រុមសន្តិសុខវាយបំផ្លាញម៉ូតូអ្នកសារព័ត៌មាន សប្បាយ
​    ​
អ្នកយកព័ត៌មាន វិទ្យុសំឡេងប្រជាធិបតេយ្យ VOD លោក ឡាយ សាមាន ត្រូវក្រុមសណ្តាប់ខណ្ដដូនពេញ វាយ
អ្នកយកព័ត៌មានបរទេស និងលោក គង់ សុថានរិទ្ធ អ្នកយកព័ត៌មាន វិទ្យុ VOA ដែលរងការគម្រាមកំហែង