ថាវរ៉ា ពេជ្រ បង្ហោះរូបថតប៉ងលេបថ្នាំសម្លាប់ខ្លួន
រាជធានីភ្នំពេញ ៖ ការបញ្ចេញសារ និងបង្ហាញរូបភាព ក្នុងដៃមានកាន់ថ្នាំពេទ្យជាច្រើនគ្រាប់នេះ បានធ្វើឲ្យប្រិយមិត្តក្នុងបណ្តាញសង្គម Facebook របស់កញ្ញា ពេជ្រ ថាវរ៉ា សម្តែងការភ្ញាក់ផ្អើល និងបានសរសេរ Comment ជាសំណួរថា នេះជាការសម្តែងក្នុងរឿងមែនទេ? អ្នកខ្លះទៀតបានសួរថា តើបងកើតអីហ្នឹង?? កុំគិតខ្លីពេក..! ។
ថ្មីៗនេះ មានមហាជនអ្នកគាំទ្រក៏ដូចជា Friend ក្នុង Facebook បានសម្តែងការភ្ញាក់ផ្អើលស្ទើរគ្រប់គ្នា ក្រោយបានឃើញតារាសម្តែងស្រីរូបស្រស់ សម្តីផ្អែម ពេជ្រ ថាវរ៉ា បានបង្ហោះសារបង្ហាញពីទុក្ខសោក ព្រមជាមួយនឹងថ្នាំពេទ្យជាច្រើនគ្រាប់ កាន់នៅក្នុងដៃហាក់មានចំណងចង់ធ្វើអត្តឃាតខ្លួនឯង ដោយការលេបថ្នាំ ដើម្បីបំបាត់ទុក្ខសោក ដែលខ្លួនកំពុងជូបប្រទះ មិនអាចដោះស្រាយបាន។ ហត់ណាស់ ដឹងអត់? លេងចង់ដឹង ចង់ឮ ចង់ជួប ចង់ឃើញ អីហើយដឹងអត់ សូមចប់ …។ ឈប់ call ឈប់ជួប ឈប់នឹក ឈប់គិត ឈប់រំឭក ឈប់ផ្ញើរសារ ឈប់គ្រប់យ៉ាង ព្រោះអូន ត្រឹមជាមនុស្សកំដរ.."។
ប្រយោគបង្កប់នូវភាពឈឺចាប់ខ្លោចផ្សាខាងលើនេះ គឺជាពាក្យពេចន៍ដែលគេបានប្រទះឃើញនៅលើ Account Facebook របស់តារាសម្តែងស្រីកំពុងស្រូបទាញ បានប្រជាប្រិយ ភាពច្រើនក្រាសក្រែល គឺកញ្ញា ពេជ្រ ថាវរ៉ា ដែលទើបបង្ហោះកាលពីពេលថ្មីៗ កន្លងមកនេះបង្កឲ្យមានភាពភ្ញាក់ផ្អើល យ៉ាងខ្លាំង។
ជុំវិញការបញ្ចេញសារហាក់កំពុងជួបនូវបត្តិផ្លូវចិត្តដ៏ធ្ងន់ធ្ងរ រហូតបម្រុងជ្រើសរើយយកផ្លូវបញ្ចប់ជីវិតខ្លួនឯង ដោយវិធីលេបថ្នាំ ពីសំណាក់តារសម្តែង កំពុងមានទីផ្សារសិល្បៈកញ្ញា ពេជ្រ ថាវរ៉ា ពេលនេះ បានក្លាយជារឿងដ៏រសើបបំផុត និងក៏ជាការចង់ដឹងច្បាស់ពីមូលហេតុពិតប្រាកដ ដើម្បីឲ្យមហាជន បានដឹងជា ចំហរ ថាការពិតយ៉ាងណា បានជានាងហ៊ាន ជ្រើសយកផ្លូវនេះ។
ជុំវិញបញ្ហានេះ តារាសម្តែងស្រីកញ្ញា ពេជ្រ ថាវរ៉ា បាននិយាយទាំងអារម្មណ៍មិនសូវសប្បាយចិត្តថា " វាជាការពិតដែលខ្ញុំមានបំណងបញ្ចប់ជីវិត ដោយការលេបថ្នាំ អស់ជិត៣០គ្រាប់ ប៉ុន្តែមិនបានសម្រេច …! ។ មួយរយៈនេះខ្ញុំអត់សូវសប្បាយចិត្ត ដូច្នេះទើបសម្រេចចិត្ត លេបថ្នាំងងុយ គេងដើម្បីឱ្យគេងលក់..! ឱ្យចប់ ទៅតែម្តង…។ ខ្ញុំមានអារម្មណ៍ហត់នឿយនឹងការងារ រឿងក្នុងគ្រួសារ និងជីវិតស្នេហាផ្ទាល់ខ្លួន ព្រមទាំងការរកស៊ីពុំសូវមានភាពកាក់កប …!"។
កញ្ញា ពេជ្រ ថាវរ៉ា បាននិយាយបន្តទៀតថា "ពេលនេះខ្ញុំកំពុងតែជួបបញ្ហា ដែលធ្វើឱ្យស្ត្រេស (ស្មុគស្មាញ)…ហត់ខ្លាំងមែនទែន ហើយក៏លែងចង់ដឹងចង់ឮ អ្វីទាំងអស់ ទាំងរឿងគ្រួសារ និងស្នេហា។ ពេលខ្លះគិតថា ខ្លួនឯង ហាក់មានសម្ពាធខ្លាំង ទើបបានជាជ្រើសរើសការ លេបថ្នាំងងុយគេងបំបាត់ទុក្ខ ..!"។ ជាមួយគ្នានេះកញ្ញា ពេជ្រ ថាវរ៉ា ក៏បានប្រាប់ថាមុននេះនាងពិតជា បានលេបថ្នាំអស់ជិត៣០គ្រាប់ ប៉ុន្តែក្រោយពេលលេបហើយ មិនបានបណ្តាលឱ្យខ្លួននាងមានគ្រោះថ្នាក់ទេ គឺគ្រាន់តែមានសភាព អាការៈ ធីងធោង និងវិលមុខរកកល់ចង់ក្អួត ប៉ុន្តែមានអ្នកជួយសង្គ្រោះទាន់ពេលវេលា។
តាមរយៈការបកស្រាយខាងលើ គេអាចសន្និដ្ឋានបានថា ពេជ្រ ថាវរ៉ា កំពុងតែបៀមទុក្ខនូវវិបត្តិស្នេហាចាក់ស្រែះ ដោះស្រាយមិនចេញ គាប់ជួនពេលជាមួយ គំនាបគ្រួសារមកលើនាង ដែលជាបញ្ហាមួយពិបាកសម្រេចចិត្តជាទីបំផុត ព្រោះម្ខាងស្នេហា ម្ខាងគ្រួសារ ប៉ុន្តែស្នេហា ហាក់ចាត់ទុកនាងត្រឹមតែជាមនុស្សកំដរ ធ្វើឲ្យស្រីស្អាតរូបនេះដាក់ចិត្តជ្រើសយកផ្លូវ ដែលព្រះមិនអាចប្រោសជីវិតបានបែបនេះ ៕


Post a Comment